ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​សង្ស័យ​ពីបទ​ភេរវកម្ម​ឡើង​ត្រូវ​នាំខ្លួន​ឡើង​តុលាការ


រថយន្ត​ប៉ូលិស​ចត​​នៅ​ខាងមុខ​តុលាការ​ក្រុងភ្នំពេញ។

ភ្នំពេញ៖ ជន​សង័្សយ​ដែល​ជាប់ចោទ​ពីបទ​ភេរវកម្ម​ក្រោយ​ពីបាន​ផ្ញើសារ​គំរាមកំហែង​ស្ថានទូត​អាមេរិក​ អូស្ត្រា​លី​ និង​អង់គ្លេស​បាន​ថ្លែងបា្រប់​តុលាការ​ថា​ ​ពួកគេ​មិន​បាន​សរសេរ​លិខិត​គំរាម​កំហែង​នេះ​ទេ ​ហើយ​បាន​ទាមទារ​ឲ្យតុលាការ​លើកលែង​ការ​ចោទ​ប្រកាន់។ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​សវនាការ​រឿងក្ដី​នេះ​បន្តទៀត​នៅ​ថ្ងៃទី​២១​ខាងមុខ​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃ​អង្គារ​នេះ ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំជម្រះ​ទៅលើ​ជនសង្ស័យ​ចំនួន បីរូប​ ដែល​រួម​មាន​ជនជាតិ​ណេប៉ាល់​មួយ​រូប​ និង​ជនជាតិ​បង់ក្លាដេស​ចំនួន​ពីររូប ​ពី​បទ​សង្ស័យ​ថា​ ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ញើលិខិត​គំរាមកំហែង​បែប​ភេរវកម្ម ​ប្រឆាំងស្ថានទូត​បស្ចិម​ប្រទេស​ចំនួន​បីគឺ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ​អូស្រ្តាលី ​និង​អង់គ្លេស។

បន្ទាប់ពី​សាកសួរ​អស់រយៈ​ពេល​ពេញ​មួយព្រឹក​ ​តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​ទៅ​លើ​ជន​សង្ស័យចំនួន​ពីរ​រូប​ប៉ុណ្ណោះ​នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​បីរូប​ ​ហើយ​នៅសល់​សាក្សី​ចំនួន​បីរូប ផ្សេង​ទៀត។

លោក​ ស៊ីន វិសាល​ ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញបាន​ប្រកាស​ថា​ ​សវនាការ​ នេះ​នឹង​បន្ត​ទៅ​ថ្ងៃ​ទី២១ ​ខែមករា​ខាង​មុខ​នេះ។

នៅក្នុង​បន្ទប់​សវនាការ​ ​ជនសង្ស័យ​ឈ្មោះ ​Rafigul Islam ​ហៅ ​Kalam ​បាន​ស្រែកយំ និង​ប្រាប់​តុលាការ​ថា​ ​លោក​ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​លិខិត​គំរាមកំហែង​បែប​ភេរវ​កម្ម​ទេ។

លោក​ Kalam​ ​ជាម្ចាស់​ភោជនីយ​ដ្ឋាន​ឥណ្ឌា​មួយ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ ​ហើយ​ក្រោយមក​ ​លោក​បាន​លក់​ភោជនីយ​ដ្ឋាន​នេះ​ទៅឲ្យ​ជនជាតិ​ឥណ្ឌា​មួយផ្សេង​ទៀត​រហូត​ដល់​មាន​ការចាប់​ខ្លួន​លោក​តែ​ម្តង។

បន្ទាប់ពី​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ ​លោក​ Kalam​ បាន​ថ្លែង​ ប្រាប់​ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ ​លោក​គ្មាន​កំហុស​ទេ។

«សូម​អ្នក​ទាំងអស់​គ្នា​ជួយ​ខ្ញុំ​ផង។​ ​ខ្ញុំ​មិន​បាន​សរសេរ​លិខិត​នេះ​ទេ។ ​សូម​អ្នក​រាល់គ្នា​ស្តាប់​ខ្ញុំ​ផង»។

ចំណែក​លោក​ Miah Mohammad Madym​ ​អាយុ​៤៥ឆ្នាំ​ ​ជនជាតិ​ណេប៉ាល់​ ​បាន​ថ្លែង​ប្រាប់​ក្នុង​អង្គ​សវនាការ​ថា​ ​អក្សរ​នៅ​ក្នុង​សំបុត្រ​នេះ​មិនមែន​ជា​អក្សរ​របស់​លោក​ទេ​ ​ពីព្រោះ​លោក​មាន​ជំងឺ​លើស​ឈាម​ និង​ស្ពឹក​មួយ​ចំហៀង​ខ្លួន។

លោក​ Mohammad ​ គឺជា​ម្ចាស់​ហាង​លក់​នាឡិកា​បុរាណ​មួយ​ ​ដែល​លោក​បាន​ប្រកប​មុខរបរ​នេះ​ ជាយូរ​ឆ្នាំ​ណាស់​មក​ហើយ។

លោក​ មួង សុគន្ធ ​មេធាវី​ការពារ​ក្តី​ជន​ជាប់ចោទ ​Kalam ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ពី​មុខតុលាការ​ថា​ ​លិខិត​នេះ​វាហាក់​បីដូចជា​មិន​ទំនង​សោះ​ ​ដោយសារភេរវករ​បាន​សរសេរ​ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​លោក​នឹង​ព្យាយាម​រក​ភស្តុតាង​បន្ថែម​ទៀត ​ដើម្បី​ដោះ​បន្ទុក​កូនក្តី របស់លោក។

«កិរិយា​ ឬក៏​គំនិត​នៃ​លិខិត​មួយ​សម្រាប់​ធ្វើ​ភេរវកម្ម​ គឺភេរវករ​នោះ​មិន​បញ្ចេញ​ឈ្មោះ​គេទេ។ ​ក៏​ប៉ុន្តែ​ ពេលនេះ​ ​យើង​ឃើញ​លិខិត​នេះ​ដូច​ជា​លិខិត​ជូន​ដំណឹង​ទៅ​វិញ។​ ក៏ប៉ុន្តែ​វា​មាន​លក្ខណៈ​ជាការ​មួយ​ដែល​គួរឲ្យ​សមត្ថ​កិច្ច​ធ្វើការ​ស៊ើប​អង្កេត ​ឬក៏​ធ្វើការ​ស៊ើបសួរ​នៅក្នុង​រឿង​នេះដែរ»។

ចំណែក​លោក​ឌុន វិបុល​ មេធាវី​ការពារក្តី​របស់​លោក​Mohammad ​ ​បាន​និយាយ​ថា​ ​យោងតាម​សម្តី​កូនក្តី​របស់​លោក​ ​លោក​មាន​ជំនឿ​ថា​ ​កូនក្តី​របស់​លោក​មិនបាន​ប្រព្រឹត្ត​ដូចមាន​ការ​ចោទប្រកាន់​ទេ។

«គាត់​ជាមនុស្ស​ចាស់​ឈឺ។​ ប្រសិន​បើគាត់​ជា​មេខ្លោង​ គឺថា​ ​មិន​អាច​ទៅរួចទេ​ ​ពីព្រោះ​គាត់​ ​ទាំង សកម្ម​ភាព​គាត់​ គឺថា​ ​គាត់ឈឺ​មុន​កើត​ហេតុ។ ​គាត់​មិនអាច​សរសេរ​លិខិត​អ្វី​ផ្ញើទៅ​គ្រប់​ស្ថានទូត​ទេ​ ​ហើយកោសល្យវិច័យ​របស់​ប៉ូលិស​កន្លងមក​គឺវា​អត់​ច្បាស់លាស់​ទេ​ ​តាំងពី​លើកទីមួយ​លើក​ទីពីរ​ណា៎»។

អ្នកស្រី ​ជុំ ប៊ី ​អាយុ៣៧​ឆ្នាំ ​ជា​ភរិយា​របស់​លោក ​Kalam ​ ​បាន​និយាយ​ថា​ ​ស្វាមី​របស់​អ្នកស្រីជា មនុស្សស្លូតបូត។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​អ្នកស្រី​បាន​ស្គាល់​លោក​ Kalam​ អស់​រយៈពេល​១២ឆ្នាំ​មក​ហើយ ​ហើយ​មិន​ដែល​ឃើញ​លោក​មាន​សកម្មភាព​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវ​កម្ម​ទេ។

«គាត់​មក​ស្រុកខ្មែរ​ដប់ពីរ​ឆ្នាំហើយ។ ​គាត់​បាន​ប្រពន្ធ​ ​មាន​ទាំងកូន​ ​មាន​ទំាងចៅ។ ​គាត់​មិនដែល​រកស៊ី​អ្វី​ខុស​ច្បាប់​ទេ។​ គាត់​ខ្លាច​ច្បាប់​ស្រុកខ្មែរ​ណាស់។​ ខ្ញុំសូម​ឲ្យ​តុលាការ​ដោះលែង​គ្រួសារ​ខ្ញុំ។​ គ្រួសារ​ខ្ញុំ​អត់​មាន​កំហុស​អ្វីទេ»។

កាលពី​ខែ​មិថុនា​ និង​ខែកញ្ញា​ឆ្នាំ២០១០​ ​អាជ្ញាធរ​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​បាន​ចាប់ខ្លួន​ជន​បរទេស​ ចំនួន​បីរូប​ ​ដែល​រួមមាន​លោក​ D. P. Poudyal ​ហៅ​ ​DIP ​អាយុ​៤៤ឆ្នាំ​ ​ជនជាតិ​ណេប៉ាល់​ និង​លោក​Rafigul Islamហៅ ​Kalam​ អាយុ៤២ឆ្នាំ​ ជនជាតិ​បង់ក្លាដេស​ ជាម្ចាស់​ភោជនីយដ្ឋាន​ឥណ្ឌា​មួយ​នៅ​សង្កាត់​ផ្សារ​កណ្តាល​ ​ខណ្ឌ​ដូនពេញ ​និង​លោក​ Miah Mohammad Madym​ អាយុ៤៥​ឆ្នាំ​ជនជាតិ​បង់ក្លាដេស​ ​ក្រោយពី​បាន​ផ្ញើសារ​គំរាមកំហែង​ទៅ​ស្ថានទូត​សហ​រដ្ឋអាមេរិក​ ​អូស្រា្តលី ​និង​អង់គ្លេស។

នៅក្នុង​លិខិត​មាន​ដាក់​ចំណងជើង​ថា​ ​មាន​ភេរវករ​ចំនួន​បួនរូប​ ​នៅក្រុម​អាល់កៃដា​អាស៊ីអាគ្នេយ៍​ កំពុង​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ​ហើយ​ប៉ុនប៉ង​វាយ​ប្រហារ​ទៅលើ​ស្ថានទូត​បស្ចិម​ប្រទេស​ទាំងបី​នេះ។

តុលាការ​បាន​ធ្វើការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំងបីរូប​ពីបទ​ភេរវកម្ម​តាមមាត្រា​ទី៣៣ ​អំពើ​ហិង្សា ដោយ​មាន​គោល​បំណង​ជំរុញ ​និង​បង្ហាញលក្ខណៈ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ និង​បង្ក​ភាព​តក់ស្លុត​ដល់​បុគ្គលិក​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ​អូស្រ្តាលី ​និង​អង់គ្លេស៕

XS
SM
MD
LG