អ្នកផ្តល់សេវាសុខភាព និងអ្នកជំនាញខាងសុខាភិបាលបានជួបជាមួយនឹងពលរដ្ឋមកពីសហគមន៍អាស៊ីអាគ្នេយ៍នៅទីក្រុង Hartford ភាគខាងលិចនៃរដ្ឋ Connecticut (ខូណិកធិឃឹត) កាលពីថ្ងៃអង្គារទី២០កន្លងទៅនេះ។ នេះជាកិច្ចប្រជុំដ៏កម្រមួយដើម្បីវាយតម្លៃលើតម្រូវការខាងការថែទាំសុខភាពរបស់សហគមន៍ទាំងនេះ។
ពលរដ្ឋខ្មែរ ឡាវ និងវៀតណាមប្រមាណ១៥០នាក់បានជួបជាមួយនឹងសមាជិករបស់សម្ព័ន្ធដើម្បីសុខភាពរបស់សមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង និងអ្នកគាំពារសុខភាពពលរដ្ឋខ្មែរ ដើម្បីបកស្រាយពីតម្រូវការខាងប្រព័ន្ធសុខភាពដ៏ចាំបាច់មួយ ជាពិសេសសម្រាប់អ្នកដែលមានជំងឺបាក់ស្បាត ដោយសារតែពួកគេធ្លាប់បានឆ្លងកាត់ជម្លោះ និងអំពើហិង្សាដោយសារសង្គ្រាម។
លោកស្រី គួច ធានវី នាយិកាសមាគមគាំពារសុខភាពរបស់ពលរដ្ឋខ្មែរ បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលសហគមន៍ទាំងបី ឡាវ វៀតណាម និងកម្ពុជា នៅរដ្ឋ Connecticut បានមកជួបជុំគ្នា និងចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមខាងសុខភាពរបស់ពួកគេទៅវិញទៅមក។
«ជាច្រើនឆ្នាំណាស់មកហើយ ជនជាតិអាស៊ីភាគអាគ្នេយ៍យើងមិនដែលបានជួបជុំគ្នាទេ ដូចថា ម្នាក់ទៅផ្សេង ម្នាក់ទៅផ្សេង។ ហើយគោលបំណងរបស់យើងគឺតែមួយទេ គឺបញ្ហាសុខភាពរបស់សហគមន៍យើង»។
អ្នកចូលរួមមកពីសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៃរដ្ឋ Connecticut សហរដ្ឋអាមេរិក កំពុងចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីស្តាប់ពីបញ្ហាសុខភាពដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)
លោកស្រី ធានវី បានបន្ថែមទៀតថា បញ្ហាសុខភាពនេះជាកត្តាប្រឈមដ៏ចម្បងមួយសម្រាប់សហគមន៍ទាំងបី ដែលភាគច្រើនពួកគេមានបញ្ហាក្នុងការណាត់ជួបជាមួយគ្រូពេទ្យ និងអ្នកជំនាញខាងសុខភាពផ្សេងៗទៀត ដោយចំណាយថវិកាច្រើនលើសេវាសុខភាពនេះ។
«ជួយដូចថា បន្ថយលុយកុំឲ្យចាយច្រើន។ អាហ្នឹងហើយដែលកម្មវិធីសុខភាពថ្មី។ ទីមួយគឺជួយឲ្យអ្នកដែលនៅរដ្ឋ Connecticut មានសុខភាពល្អជាងមុន។ ទីពីរគឺជួយ ដូចថា កុំឲ្យលុយចាយដូចលើកមុន»។
កម្មវិធីនេះបានចាប់ផ្តើមឡើង ដោយមានអ្នកតំណាងបីរូបមកពីសហគមន៍នីមួយៗ និយាយរៀបរាប់អំពីប្រវត្តិអតីតកាលរបស់ខ្លួន ជាពិសេសគឺបទពិសោធន៍រត់ភៀសខ្លួនចេញពីស្រុកកំណើតរបស់ខ្លួនមកកាន់សហរដ្ឋអាមេរិក ដើម្បីឲ្យអ្នកផ្តល់សេវាសុខភាព អ្នកតំណាងមកពីក្រុមហ៊ុនធានារ៉ាប់រងខាងសុខភាព និងអ្នកតាក់តែងច្បាប់ ដែលមានវត្តមាននៅក្នុងកម្មវិធីនោះ បានយល់ពីកត្តាប្រឈម និងតម្រូវការខាងសុខភាពរបស់ពួកគេ។
«នេះជាកម្មវិធីដ៏សំខាន់បំផុតមួយ ហើយនេះជាលើកទីមួយហើយដែលខ្ញុំបានមកចូលរួមកម្មវិធីបែបនេះ។ ពលរដ្ឋខ្មែរមិនយល់អំពីបញ្ហានេះទាំងស្រុងនោះទេ ពីព្រោះថា ពួកគេខ្លះមិនព្រមទទួលស្គាល់ថា ខ្លួនមានបញ្ហាផ្លូវចិត្តនោះទេ»។
អ្នកតំណាងបីនាក់នៃសហគមន៍ខ្មែរ ឡាវ និងវៀតណាម រៀបរាប់ពីបទពិសោធន៍ឆ្លងកាត់សង្គ្រាម និងអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួនទៅកាន់អ្នកចូលរួមក្នុងកម្មវិធីស្តាប់ពីបញ្ហាសុខភាព ដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង នៅរដ្ឋ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)
ការពិភាក្សាតុមូលរវាងអ្នកគាំពារសុខភាព សាស្ត្រាចារ្យខាងវេជ្ជសាស្ត្រ និងអ្នកគ្រប់គ្រងឱសថស្ថាន បានបង្ហាញថា ជំងឺបាក់ស្បាតដែលសមាជិករបស់សហគមន៍ទាំងបីនេះបានឆ្លងកាត់គឺជាកត្តាមួយផ្នែក ដែលបណ្តាលឲ្យពួកគេមានជំងឺរុំារៃមួយចំនួន ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងលើសជាតិខ្លាញ់ក្នុងសរសៃឈាម។
ក៏ប៉ុន្តែសម្រាប់សហគមន៍ទាំងបីនេះ ការស្វែងរកសេវាសុខភាពដែលមានគុណភាពដើម្បីព្យាបាលជំងឺទាំងនេះមិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែបញ្ហាភាសា និងការយល់ដឹងតិចតួចពីប្រព័ន្ធសុខភាពនៅសហរដ្ឋអាមេរិក។ ហើយបើសិនជាគ្មានជំនួយការខាងបកប្រែអាជីពទេ នោះអ្នកជំងឺមកពីសហគមន៍ទាំងនេះមិនអាចទទួលបានការព្យាបាល និងថ្នាំដ៏សមរម្យសម្រាប់ពួកគេទេ។ នេះបើយោងតាមលោកស្រី Megan Berthold សាស្ត្រាចារ្យខាងកិច្ចការសង្គមនៃសាកលវិទ្យាល័យ Connecticut ដែលបានចំណាយពេលបីឆ្នាំបម្រើការងារសង្គមកិច្ចនៅជំរំជនភៀសខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
«ភាសាគឺជាបញ្ហាដ៏ធំមួយ។ អ្នកមកពីសហគមន៍ទាំងនេះច្រើននាក់ណាស់ដែលមិនស្រួលក្នុងចិត្តក្នុងការបកស្រាយអំពីបញ្ហាដែលពួកគេកំពុងជួបប្រទះ ឬក៏សួរសំណួរដើម្បីឲ្យពួកគេបានយល់កាន់តែច្បាស់ពីការព្យាបាលជំងឺ ដែលសមរម្យសម្រាប់ស្ថានភាពរបស់ពួកគេ»។
អាស្រ័យហេតុនេះ អ្នកផ្តល់សេវាសុខភាពដល់ពួកគេត្រូវតែស្វែងយល់ពីវប្បធម៌ និងភាសារបស់សហគមន៍ទាំងនេះ ដើម្បីធានាថា ពួកគេទទួលបានសេវាសុខភាពដ៏សមរម្យមួយ។ នេះបើយោងតាមលោកស្រី DJ Ida ចិត្តវិទូ និងជានាយិកាសមាគមសុខភាពផ្លូវចិត្តរបស់សហគមន៍អាស៊ីប៉ាស៊ីហ្វិក-អាមេរិកាំង។
«វប្បធម៌ និងភាសាដើរតួសំខាន់ណាស់ក្នុងការនាំឲ្យមានការផ្លាស់ប្តូរ។ បើសិនជាអ្នកផ្តល់សេវាសុខភាពមិនយល់ពីតម្រូវការរបស់អ្នកជំងឺមកពីសហគមន៍ទាំងនេះទេ នោះមានន័យថា ពួកគេមិនបានផ្តល់សេវាព្យាបាលជំងឺដ៏មានគុណភាពល្អនោះទេ»។
លោកស្រី Ida ក៏បានបន្ថែមទៀតថា ការផ្តល់សេវាបកប្រែភាសាអាជីពដើរតួនាទីសំខាន់ បើសិនជាអ្នកផ្តល់សេវាសុខភាពមិនចេះភាសាផ្សេង ក្រៅពីភាសាអង់គ្លេស។
«យើងត្រូវការអ្នកផ្តល់សេវាសុខភាព ដែលទទួលបានការអប់រំខាងវប្បធម៌ផងដែរ។ ហើយបើសិនជាពួកគេមិនចេះភាសាផ្សេងក្រៅពីភាសាអង់គ្លេស នោះយើងចាំបាច់ត្រូវតែមានអ្នកបកប្រែភាសាអាជីព»។
ពលរដ្ឋមកពីសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៅរដ្ឋ Connecticut ប្រមាណ១៥០នាក់បានជួបជាមួយនឹងសមាជិកផ្តល់សេវាសុខភាព អ្នកជំនាញខាងពេទ្យ និងអ្នកគាំពារសុខភាពក្នុងសហគមន៍ដើម្បីបកស្រាយពីតម្រូវការសុខភាពរបស់ខ្លួន នៅមជ្ឈមណ្ឌលសហគមន៍ Elmwood នៅទីក្រុង West Hartford នៃរដ្ឋ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)
លោកស្រី លី សំបូរ នាយិកាខាងសេវាបកប្រែខាងសុខភាពដល់ជនភៀសខ្លួននៃអង្គការ Alameda បានលើកឡើងថា ដើម្បីផ្តល់សេវាសុខភាពដ៏មានគុណភាពដល់សហគមន៍ទាំងនេះ អ្នកផ្តល់សេវាសុខភាពត្រូវធ្វើទំនាក់ទំនងជាមួយអ្នកជំងឺដោយប្រើភាសាដែលអាចធ្វើឲ្យពួកគេយល់ពីការពិនិត្យរោគវិនិច្ឆ័យរបស់គ្រូពេទ្យលើសុខភាពរបស់ពួកគេ និងការព្យាបាលជំងឺរបស់ពួកគេ។
«យើងទាំងអស់គ្នាត្រូវតែមានសិទ្ធិទទួលសេវាទៅតាមភាសាដែលយើងដឹង យល់។ បើយើងមិនចេះអង់គ្លេស យើងទៅពេទ្យ យើងមិនអាចប្រាប់ពេទ្យថា យើងឈឺអីផង។ ហើយគេមិនអាចយល់ពីការគាំពារសុខភាពយើងបានទេ។ មានន័យថា គេយកតែលុយយើង ប៉ុន្តែគេមិនគិតថា យើងទទួលសេវាហ្នឹងបានដោយរបៀបណាទេ»។
កម្មវិធីដែលស្តាប់អំពីបញ្ហាសុខភាពរបស់សហគមន៍ទាំងបីនេះក៏មានភ្ញៀវសំខាន់ម្នាក់តំណាងឲ្យអ្នកគាំពារសុខភាពប្រចាំរដ្ឋ Connecticut គឺលោកស្រី Victoria Veltri ដែលបានចូលរួមស្តាប់សមាជិកមកពីសហគមន៍ទាំងបីនេះ ដែលបានចែករំលែកក្តីបារម្ភពីតម្រូវការសេវាសុខភាពដ៏សមរម្យសម្រាប់ពួកគេ។
«លុះត្រាតែយើងស្តាប់អ្នកទាំងអស់គ្នា ទើបយើងខ្ញុំអាចផ្លាស់ប្តូរវិធីសាស្រ្តដែលយើងអាចផ្តល់សេវាសុខភាពដ៏ប្រសើរទៅតាមតម្រូវការរបស់អ្នកទាំងអស់គ្នាបាន»។
លោកស្រី Veltri ក៏បានបន្ថែមទៀតថា នៅពេលដែលមនុស្សបានប្រមូលផ្តុំគ្នាជាសហគមន៍មួយ ដើម្បីបកស្រាយអំពីតម្រូវការរបស់ពួកគេ នោះមានន័យថា ប្រព័ន្ធសុខភាពរបស់រដ្ឋាភិបាលអាមេរិកត្រូវតែឆ្លើយតបនឹងតម្រូវការរបស់ពួកគេ។
«នេះគឺជាសញ្ញាដ៏ខ្លាំងមួយទៅកាន់រដ្ឋរបស់យើង ឬក៏អាចទៅកាន់ស្ថាប័នដែលធំជាងរដ្ឋរបស់យើង ដែលថា លុះត្រាតែយើងរួមបញ្ចូលតម្រូវការរបស់សហគមន៍ទាំងអស់នេះទៅក្នុងប្រព័ន្ធសុខភាពរបស់យើង ទើបយើងអាចទទួលបានប្រព័ន្ធផ្តល់សេវាសុខភាពដ៏មានប្រសិទ្ធភាពបាន»។
លោកស្រី គួច ធានវី យល់ថា កម្មវិធីថ្ងៃនេះគឺជាកសិណសាក្សី និងជាជោគជ័យមួយសម្រាប់សហគមន៍ខ្មែរ ឡាវ និងវៀតណាម ក្នុងការទាមទារបាននូវសេវាសុខភាពដ៏សមរម្យ។
«ប្រហែលជានឹងមានកម្មវិធីមួយទៀតដើម្បីជួបជុំគ្នា ដើម្បីជម្រាបប្រជាជនទាំងអស់ឲ្យដឹងថា យើងធ្វើការជឿនលឿនបានដល់ប៉ុណ្ណា។ ហើយត្រូវឲ្យគុណសម្បត្តិទៅគាត់ ពីព្រោះគាត់ហ្នឹងហើយដែលជាសាក្សី»។
សម្រាប់អ្នកចូលរួមជាច្រើននាក់ កម្មវិធីនេះគឺជាសញ្ញាណនៃសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៅរដ្ឋ Connecticut សហរដ្ឋអាមេរិកនេះ៕