ប្រទេស​​អាស៊ី​អាគ្នេយ៍​​ប្រឆាំង​​ទប់ទល់​​នឹង​​ការ​​ហូរ​​ចូល​​នៃ​​ជន​​ភៀស​​ខ្លួន​​តាម​​នាវា

ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​នៅ​លើ​កប៉ាល់ ត្រូវ​បាន​គេ​ឃើញមាន​ការ​រសាត់ ​១៧​គីឡូម៉ែត្រ (១០​ម៉ាយ) ពី​ឆ្នេរ​កោះ​Lipe ភាគ​ខាង​ត្បូង​ប្រទេស​ថៃ នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥​​។

រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​បន្ត​សម្តែង​ការ​មិន​ចង់​ទទួល​យក​ជន​ទេសន្តរប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​តាម​នាវា​ដែល​ពួក​អ្នក​រត់​ពន្ធ​មនុស្ស​បាន​ទុក​ចោល​ក្នុង​សមុទ្រ​ ហើយ​ធ្វើ​ឲ្យ​វិបត្តិ​មនុស្សធម៌​ដ៏​លំបាក​មាន​ភាព​រិត​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើង​ទៀត។​

សកម្មជន​កាក់​ស្មាន​ថា​មាន​មនុស្ស​តាម​នាវា​ប្រមាណ​ ៨​ ពាន់​នាក់​នៅ​អណ្តែត​ក្នុង​ទឹក​សមុទ្រ​ ភាគ​ច្រើន​ឥត​មាន​អាហារ​និង​ទឹក​គ្រប់​គ្រាន់​ បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​រត់​ពន្ធ​មនុស្ស​ដ៏​ធំ​ទូលំ​ទូលាយ​មួយ​ ដែល​បាន​បន្ទុច​បង្អាក់​បណ្តាញ​ដឹក​នាំ​ឧក្រឹដ្ឋកម្ម​នេះ។​

ប្រទេស​ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ និង​ ថៃ​ ដែល​ជា​ប្រទេស​បី​ដែល​ជន​ទេសន្តរប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ឡើង​គោក​នោះ​ បាន​និយាយ​ថា​ ជន​ទេសន្តរប្រទេសន៍​ដ៏​អស់​សង្ឃឹម​ទាំង​នោះ​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ទេ​ ហើយ​បាន​ច្រាន​ចោល​សេចក្តី​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស។​

ជនជាតិ​ Rohingya​ និង​ជន​ទេសន្តរប្រវេសន៍​ បង់ក្លាដែស​ជាង​ ៧០០​ នាក់​ បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​ដោយ​នាវា​នេសាទ​ ពេល​ដែល​នាវា​របស់​ពួក​គេ​បាន​លិច​នៅ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ Aceh៕