មេដឹកនាំ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន​ក្នុង​ក្រុង​វៀងច័ន្ទន៍​ ប្រទេស​ឡាវ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។

មេដឹកនាំ​នានា​ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ប្រទេស​ឡាវ​មាន​ទស្សនៈ​ក្នុង​លក្ខណៈ​ទន់ភ្លន់​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​មិន​បាន​លើក​ឡើង​ដោយ​ជាក់លាក់​ណា​មួយ​ពី​សកម្មភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សេចក្ដី​ថ្លែងការណ៍ ដែល​ព្រាង​ឡើង​ដោយ​មេដឹកនាំ​ទាំង​១០​ប្រទេស​នៃ​សមាគម​អាស៊ាន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ជាក់​ថា ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ធ្វើ​ការ​បញ្ជាក់​សារ​ជា​ថ្មី​ឡើង​វិញ​នូវ​សារៈសំខាន់​នៃ​ការ​រក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សេចក្ដី​ថ្លែងការណ៍​នេះ​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «មេដឹកនាំ​ជា​ច្រើន​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​ព្រឹត្តិការណ៍​ថ្មី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ យើង​ទាំង​អស់​គ្នា​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​របស់​ពួកគេ​ដោយ​សន្តិវិធី ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ជា​សាកល»។

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​បាន​បដិសេធ​នូវ​ការ​ទាមទារ​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​បញ្ជាក់​ថា ប្រទេស​ចិន​គ្មាន​សិទ្ធិ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ណាមួយ​ក្នុង​ការ​ទាមទារ​តំបន់​ដែន​ទឹក​ភាគ​ច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ ប្រទេស​ចិន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​នូវ​ការ​សម្រេច​របស់​តុលាការ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កិច្ច​ប្រឹងប្រែង​នឹង​នៅ​តែ​បន្ត​ដើម្បី​ធានា​ថា ជម្លោះ​ទាំង​ឡាយ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី។

លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ការ​សម្រេច​ជា​ប្រវត្តិសាស្ត្រ​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ គឺ​តម្រូវ​ឲ្យ​អនុវត្ត​តាម។ ការ​សម្រេច​នេះ​បាន​ជួយ​បញ្ជាក់​អំពី​សិទ្ធិ​កាន់កាប់​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ខ្ញុំ​ទទួល​ស្គាល់​ថា សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង ប៉ុន្តែ​ខ្ញុំ​ក៏​រង់ចាំ​ចូលរួម​ពិភាក្សា​រក​ដំណោះស្រាយ​ដែល​ទទួល​បាន​ផលប្រយោជន៍​ទាំង​អស់​គ្នា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ដើម្បី​ពង្រឹង​ផ្នែក​ការ​ទូត និង​ស្ថិរភាព​ក្នុង​តំបន់»។

ការ​ជួបជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​លើក​នេះ​ជា​ការ​ជួបជុំ​លើក​ទី៨ របស់​លោក​អូបាម៉ា។ លោក​បាន​មក​ធ្វើ​ទស្សនកិច្ច​បណ្ដា​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី​ច្រើន​ជាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ណាៗ​ទាំង​អស់​កន្លង​មក។

លោក​អូបាម៉ា​ថា សហរដ្ឋ​អាមេរិក​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្កើន​នូវ​ការ​ច្នៃ​ប្រឌិត​ថ្មី និង​សហគ្រិនភាព​ជាដើម។ លោក​បាន​បញ្ជាក់​ម្តង​ទៀត​ថា លោក​នឹង​ជំរុញ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​នូវ​កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អំពី​គម្រោង​ផ្ដួចផ្ដើម​របស់​សហរដ្ឋ​អាមេរិក និង​អាស៊ាន បាន​បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ពង្រឹង​បន្ថែម​នូវ​ការ​រីកចម្រើន​ផ្អែក​លើ​ធនធាន​ថាមពល​កាបោន​តិចតួច គាំទ្រ​នូវ​ការ​នេសាទ​ប្រកប​ដោយ​ចិរភាព បង្កើន​នូវ​ការ​ផ្គត់ផ្គង់​នូវ​ថាមពល​ប្រើប្រាស់​ឡើង​វិញ និង​បង្កើន​ឱកាស​សម្រាប់​ស្ត្រី ដែល​រួមមាន​ដូចជា​ការ​ការពារ​សិទ្ធិ ការ​រៀបចំ​សិក្ខាសាលា​ផ្សេងៗ​សម្រាប់​មេដឹកនាំ​វ័យ​ក្មេង និង​ការ​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​ស្ត្រី​នៅ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​ផង​ដែរ។

លោក​អូបាម៉ា​បាន​និយាយ​ថា៖ «យើង​នឹង​បន្ត​សហការ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​សុខភាព​សាកល និង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាលដាល​ផ្សេងៗ។ យើង​នឹង​បន្ត​បង្កើន​នូវ​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស ការ​ផ្លាស់ប្ដូរ​ផ្នែក​វិទ្យាសាស្ត្រ និង​ការ​ធានា​ឲ្យ​បាន​ច្បាស់​ថា យើង​កំពុង​បង្កើន​នូវ​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​នានា សិស្ស និស្សិត អ្នក​វិទ្យាសាស្ត្រ និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា»៕