តំបន់​អាស៊ីអាគ្នេយ៍​ប្រឈម​នឹង​ផលវិបាក​ផ្នែក​កិច្ច​សហប្រតិបត្តិការ​បម្រែបម្រួល​អាកាសធាតុ

  • Ron Corben

អ្នកដំណើរ​ម្នាក់ឈរ​នៅ​ខាងមុខ​សាឡាង​មួួ​យពេល​កំពុង​ឆ្លងកាត់​ទន្លេ​មេគង្គពីអរិយក្សត្រ​ទៅកាន់ទីក្រុង​ភ្នំពេញ​ប្រទេសកម្ពុជាកាល​ពី​ថ្ងៃទី​០១ មិថុនា ២០១៧។

តំបន់​អាស៊ីអាគ្នេយ៍​ប្រឈម​មុខ​នឹង​ផលវិបាក​ក្នុង​កិច្ច​សហប្រតិបត្តិការតំបន់​ដើម្បី​ដោះស្រាយ​បញ្ហាបម្រែបម្រួល​អាកាសធាតុ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥។

ការដកខ្លួន​ដែល​លោក​ប្រធានាធិបតី Donald Trump ​បាន​ប្រកាស​កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​ការ​បោះ​ជំហាន​មួយ​ទៀត ​ដែល​ធ្វើឲ្យ​ស.រ.អា.​ដកខ្លួន​ពី​តួនាទី​ដ៏ធំ​របស់​ខ្លួន​ក្នុង​តំបន់​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់តំបន់​នៃប្រទេសទាំង​១២ ដែល​មានឈ្មោះ​ថា​កិច្ច​ព្រមព្រៀងដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) កាល​ពី​ដើម​ឆ្នាំ​នេះ។ ​ ​

លោកប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា​កិច្ច​ព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ចំណោម​១៩៥​ប្រទេស​ បាន​បង្កើត​ស្តង់​ដារ​បរិស្ថាន​មិន​ត្រឹមត្រូវ​ចំពោះ​បុគ្គលិក​និងក្រុមហ៊ុន​អាមេរិកាំង។ លោក​បាន​ហៅ​កិច្ច​ព្រមព្រៀង​នេះ​ថាជា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ «ដ៏​អាក្រក់»។

ការ​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​របស់​ស.រ.អា.ជាការ​បន្ថយ​តួនាទី​គាំទ្រ​របស់​ខ្លួនក្នុង​ទ្វីប​អាស៊ី

ប៉ុន្តែ​អ្នកវិភាគ​និយាយ​ថា​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ប្រហែល​ជាមាន​ផលប៉ះពាល់​ធំ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការបេ្តជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ខណៈ​ដែល​ភាព​ភ័យខ្លាចថា​សមត្ថភាព​បច្ចេកទេស​របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​បរិស្ថាន​និង​អាកាសធាតុ​នឹង​កាត់បន្ថយ​។​

លោក Thitinan Pongsudhirak អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ម្នាក់​នៅ​សាកលវិទ្យាល័យ Chulalongkorn បាន​និយាយ​ថា​ការសម្រេចចិត្ត​ដក​ខ្លួន​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​របស់​សហរដ្ឋអាមេរិក​អាច​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ទន់ខ្សោយ​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

លោក Thitinan ប្រាប់​ VOA ថា៖ «ការសម្រេចចិត្ត​នេះ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​។​វា​មានន័យ​ថាក្របខ័ណ្ឌ​និង​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ការបំផ្លិច​បំផ្លាញ​បរិស្ថាន​ ការឡើងកម្តៅ​ពិភពលោក​ និង​អាកាសធាតុ​ជាទូទៅ ពេលនេះ​ត្រូវ​បាន​ខូចខាត​និង​មិនច្បាស់ថាមាន​អ្វី​កើតឡើង​នៅ​ពេល​អនាគត​នោះ»។

ការដក​ខ្លួន​របស់​សហរដ្ឋអាមេរិក​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ប្រហែល​ជា​ធ្វើ​ឲ្យ​តួនាទី​របស់ចិន​កើន​ឡើង

លោក​បាន​និយាយ​ថា​ដក​ខ្លួន​នេះ​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ទាញ​យក​តួនាទី​ពង្រឹង​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ផងដែរ។

គណៈកម្មាការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (UNESCAP) បាន​ព្រមាន​ក្នុង​របាយការណ៍​២០១៦​ថា ប្រទេស​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក​ជាច្រើន​ជាទីតាំង​ភូមិសាស្រ្ត​ដែលងាយ​រងគ្រោះ​និង​ត្រូវ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ផលប៉ះពាល់ដោយសារ​បម្រែបម្រួល​អាកាសធាតុ។​

អ.ស.ប. និយាយ​ថា​ស.រ.អា.​អាច​ធ្វើ​ឲ្យ​ភាព​ក្រី​ក្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កើនឡើង

របាយការណ៍​នេះ​បាន​និយាយ​ថា​បើ​គ្មានការ​ជំរុញ​ផ្នែក​ការអភិវឌ្ឍ​លើ​អាកាសធាតុនោះ​ទេ«បម្រែ​បម្រួល​អាកាសធាតុ​អាច​នឹងធ្វើឲ្យ​មនុស្ស​ជាង​១០០លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​នៅ​ឆ្នាំ២០៣០ ហើយ​នឹង​ខកខាន​ក្នុង​ការសម្រេច​បាន​នៃ​ការកាត់​បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​នេះ»។​

លោក Carl Thayer ​អ្នក​វិភាគ​បែប​ការពារ​បរិស្ថាន​នៅ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា​ការគំរាមកំហែង​នៃ​ការ​ឡើង​កម្ពស់​ទឹក​សមុទ្រ​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​និង​ទីក្រុង​ក្នុង​ទ្វីប​អាស៊ី​ស្ថិត​ក្រោម​ការគំរាម​កំហែង​ពី​ទឹកជំនន់ និង​ប៉ះពាល់ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​ក្នុង​តំបន់។​

លោក Thayer បាន​និយាយ​ថា​៖ «​បម្រែបម្រួល​អាកាសធាតុ​និង​ធ្វើ​ឲ្យ​ប្រទេស​ដែលទន់ខ្សោយ​កាន់តែ​ទន់ខ្សោយ​ថែមទៀត​ និង​ធ្វើឲ្យ​ប្រទេសទាំងនោះ​បរាជ័យ​ដោយ​សារ​មិន​អាច​ទប់ទល់​នឹង​បញ្ហា​នោះ​បាន។ ហើយ​បញ្ហា​ធំ​នោះ​ តើ​ប្រជាជន​នឹង​ត្រូវ​ធ្វើ​អ្វី? តើពួកគេ​នឹង​ប្រឈមមុខ​តស៊ូ​ឬ​ក៏​ត្រូវ​រត់​គេច​ពី​បញ្ហា? ដូច្នេះ​យើង​អាច​នឹង​ឃើញ​មាន​ការចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ដែល​ប៉ះ​ពាល់​ដល់​រលកថ្មី​មួយ​របស់​ប្រជាជន​វៀតណាម​ដែលរស់នៅ​លើទូក»។​

លោក​បាន​និយាយថា​ការ​ប្រឈម​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ «កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​មាន​ប្រសិទ្ធភាព»។

លោក​ Thayer ​ភ័យ​ខ្លាច​ថា​សហរដ្ឋអាមេរិក​ប្រហែល​នឹង​ដកខ្លួន​ពី​ការ​រួមចំណែក​ធំជាង​របស់​បរិស្ថាន​និង​អាកាសធាតុ។ សហរដ្ឋអាមេរិកមាន​តួនាទី​សំខាន់​មួយ​ជាមួយគណៈកម្មការ​ទន្លេ​មេគង្គទាំង​បួន​ប្រជាជាតិ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​ពហុជាតិ​លើ​ប្រព័ន្ធ​ទន្លេ​និង​បរិស្ថាន។​

តំបន់​សំខាន់ៗ​ក្នុ្ងងទ្វីបអាស៊ី​រងការគំរាម​កំហែង

តំបន់​ដី​សណ្ត​ទន្លេ​របស់​ប្រទេស​វៀតណាម​ ដែល​ជា​តំបន់​ជង្រុក​ស្រូវ​នៃ​ប្រទេស​នេះ ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការ​ឡើង​កម្ពស់​ទឹក​សមុទ្រ​ដែល​ប៉ះពាល់​ដល់​កសិផល​ស្រូវ​នឹង​ការរីករាលដាល​សត្វល្អិត។

ប៉ុន្តែ​បន្ទាប់​ពី​កិច្ចពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក​លោក ត្រាំ​ និង​នាយករដ្ឋមន្រ្តី​ប្រទេសវៀតណាម​លោក Nguyen Xuan Phuc នៅ​សេតវិមាន​រួចមក សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ខ្លួន​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ដើម្បី​ដោះ​ស្រាយ​ការប្រឈម​ទូទាំង​សាកល​លោក រួម​ទាំង​ការការពារ​បរិស្ថាន​ផងដែរ។

ស.រ.អា.​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ជា​លក្ខណៈ​ដោយឡែកៗ​
ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ សេតវិមាន​បាន​និយាយ​ថាសហរដ្ឋអាមេរិក «បញ្ជាក់​ថា​ខ្លួន​នឹងជួយ​វៀតណាម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​តាម​រយៈ​ការ​កាត់បន្ថយ​នូវមូលដ្ឋានគ្រឹះ​ និង​វិធានការ​ថ្មីៗនានា។

អ្នកវិភាគ​ជាច្រើន​ដូច​ជាអ្នក​ឯកទេស​ឧត្តុនិយម​វិទ្យាជនជាតិ​ថៃ លោក Smith Dharmasaroja ភ័យខ្លាចថា​អវត្តមាន​របស់​ស.រ.អា.ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នឹង​ធ្វើ​ឲ្យ​ការបេ្តជ្ញាចិត្ត​របស់​ស.រ.អា.​ថយចុះ​ រួម​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេសលើ​ការ​ប្រែប្រួល​អាកាសធាតុ។

អ្នកវិភាគ​និយាយ​ថាការគាំទ្រ​បច្ចេកទេស​របស់​ស.រ.អា.​លើ​បញ្ហា​បច្ចេកទេស​មាន​សារសំខាន់

លោក Smith បាន​និយាយ​ថា​៖ «ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀងជាមួយ​អ.ស.ប​គឺ​មិនមែន​ជាគំនិត​ល្អ​នោះ​ទេ​ពីព្រោះ​យើង​ស្ថិត​ក្នុង​តំបន់​មួយ​ដែល​ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​ការឡើង​កម្តៅ​សាកល​។ បើគ្មាន​សន្តិសុខ បើគ្មាន​ការ​ជួយ​ពី​សហរដ្ឋអាមេរិក ការឡើងកម្តៅ​សាកល​នៅ​ទ្វីបអាស៊ី​និង​ប្រទេស​ផ្សេងទៀត​នឹង​រងផលប៉ះពាល់​ខ្លាំងពីព្រោះ​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហាទឹកជំនន់​និង​ព្យុះដ៏អាក្រក់​បំផុត»។

លោក​បាន​និយាយ​ថាប្រទេស​តូចៗ​ភាគ​ច្រើន​សម្លឹង​រក​ទាំង​ជំនាញ​បច្ចេកទេសនិង​ចំណេះ​ដឹងពីបញ្ហា​អាកាសធាតុ​ និង​បញ្ហា​បរិស្ថានពីសហរដ្ឋអាមេរិក ស្រប​ពេល​ប្រទេស​ចិន​មិន​អាចបំពេញ​ចន្លោះ​នេះបាន។

ក្រុម​អ្នកវិភាគ​និយាយ​ថា​ប្រទេស​ផ្សេងទៀត​ត្រូវតែ​ខំប្រឹង​ប្រែង​ជាងមុន​ដើម្បី​រក្សា​កំរិត សីតុណ្ហភាព​សាកល​លោក​ក្រោម​គោលដៅ​ដែល​កំណត់​ដោយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។

អ្នក​អភិរក្ស​សត្វព្រៃ​ជនជាតិ​អង់គ្លេស​ បាន​ប្រាប់​ VOA ថា​ការដកខ្លួន​របស់​សហរដ្ឋអាមេរិក​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នឹង​ធ្វើ​ជា​រនាំង​សម្រាប់​ការ​កាត់បន្ថយ​ថវិកា​សម្រាប់​ការការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក​និង​វិទ្យាសាស្រ្ត​អាកាសធាតុ។

អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា៖ «ការណ៍​ដែលស.រ.អា.ដក​ការ​ប្តេជ្ញា​ចេញ​ពី​សមីការ​នេះ ​គឺ​មាន​ន័យ​ថា​ពិភពលោក​នឹង​មាន​ការងារ​ច្រើន​បន្ថែម​ទៀត​ដែល​ត្រូវ​ធ្វើ​ ដើម្បី​រក្សា​កំណើន​កម្តៅ​ឲ្យនៅ​ក្រោម​ត្រឹមតែ​ពីរ​អង្សារ​»​៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ