ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​ធ្វើ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​​មក​កាន់​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​មេសា

រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Joe Biden នឹង​ទទួល​ស្វាគមន៍​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក Yoon Suk Yeol​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មក​កាន់​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ខាង​មុខ​នេះ។

អ្នក​នាំពាក្យ​សេតវិមាន​លោកស្រី Karine Jean-Pierre បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាននៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង គឺ​ដើម្បីប្រារព្ធខួប​ទី​៧០​នៃ​សម្ព័ន្ធភាព​សន្តិសុខរវាង​សហរដ្ឋអាមេរិកនិង​ប្រទេស​កូរ៉េខាងត្បូង។​ ​សម្ព័ន្ធភាពសន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​បង្កើត​ឡើងក្រោយ​សង្គ្រាមកូរ៉េ​ដែល​មាន​រយៈពេល​៣​ឆ្នាំ​ ដែល​ត្រូវ​បាន​បញ្ចប់​ដោយ​បទ​ឈប់បាញ់​គ្នាមួយ​ក្នុង​ឆ្នាំ​១៩៥៣ ដែល​ធ្វើ​ឱ្យ​ឧបទ្វីប​កូរ៉េ​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រទេសរហូត​ដល់​សព្វថ្ងៃ​ ដែល​ម្ខាង​ជា​ប្រទេស​កុម្មុយនីស្ត​កូរ៉េ​ខាង​ជើង​ និង​ម្ខាង​ទៀតជា​ប្រទេស​កូរ៉េខាង​ត្បូងដែល​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ។​

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​នេះ ជា​ផ្នែក​មួយ​នៃកិច្ចប្រឹង​ប្រែង​របស់​លោក​ Biden ក្នុង​ការស្ថាបនា​និង​រក្សា​ទំនាក់ទំនង​ជា​មួយ​ភាគីក្នុង​តំបន់​ ដើម្បី​ជា​មធ្យោបាយ​មួយ​ ទប់ទល់នឹង​វត្តមាន​សេដ្ឋកិច្ច​និង​យោធា​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន ក៏​ដូច​ជាកម្មវិធី​មីស៊ីល​បាលីស្ទិក​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ​ បើទោះ​បីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើនលើក​របស់​អង្គការ​សហប្រជាជាតិទៅ​លើ​ប្រទេស​នេះ​ក្តី។​

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ទី​១​របស់​មេដឹកនាំកូរ៉េខាង​ត្បូង​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ នៅ​ពេល​ដែលអតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama​ ទទួលអតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក​ Lee Myung-bak។ នេះ​ក៏​ជា​ការ​ទទួលដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋជា​លើក​ទី​២​ផង​ដែរ​របស់​លោក Biden ដែលលើក​ទីមួយ​ លោក​បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ៕​ ​

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ APនិង​ Reuters)