ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ចង់​បាន​សន្តិភាព​មិន​ប្រែប្រួល​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​សម្រាប់​ការ​កាន់​តំណែង​១០០ថ្ងៃ​របស់​លោក​ នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

មួយ​ថ្ងៃ​មុន​ពេល​ចាកចេញ​ទៅ​ចូលរួម​ជំនួប​កំពូល​លើក​ទី ៣ ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​ថា គោល​បំណង​របស់​លោក​គឺ​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​យូរ​អង្វែង​មួយ​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​ស្វែង​រក​ចំណុច​រួម​គ្នា​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក។

លោក Moon Jae In បាន​បង្ហាញ​ពី​គម្រោង​របស់​លោក​ដូច​នេះ​នៅ​ក្នុង​អំឡុង​ពេល​ប្រជុំ​ជាមួយ​នឹង​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ លោក​នឹង​ចាកចេញ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​អង្គារ​ស្អែក​ជាមួយ​នឹង​គណៈប្រតិភូ​រាប់​សិប​នាក់​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​លោក Kim Jong Un រយៈពេល ៣ ថ្ងៃ។

លោក Moon Jae In បាន​ប្រាប់​ទីប្រឹក្សា​របស់​លោក​ថា លោក​ចង់​បាន «សន្តិភាព​មិន​ប្រែប្រួល និង​យូរ​អង្វែង» មួយ ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ជា​សន្តិភាព​មិន​រង​ការ​ប៉ះពាល់​ណា​មួយ​ពី​លក្ខខណ្ឌ​របស់​អន្តរជាតិ។

លោក​បាន​និយាយ​ថា លោក​នឹង​ផ្ដោត​ការ​ពិភាក្សា​របស់​លោក​ជាមួយ​នឹង​លោក Kim Jong Un លើ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ដែល​បាន​បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​តាំង​ពី​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​ទៅ​នៅ​ឆ្នាំ ១៩៥៣ មក។ សង្គ្រាម​កូរ៉េ​រយៈពេល ៣ ថ្ងៃ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ព្រមព្រៀង​ឈប់​ធ្វើ​សង្គ្រាម មិន​មែន​ដោយ​សន្ធិសញ្ញា​សន្តិភាព​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​នៅតែ​មាន​ជម្លោះ​ជាមួយ​គ្នា​ដដែល។

លោក Moon Jae In ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា លោក​ចង់​ស្វែង​រក​ចំណុច​រួម​រវាង​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​ទាំង​ស្រុង​មុន​ពេល​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ផ្លូវការ​ណា​មួយ និង​ការ​ទាមទារ​របស់​កូរ៉េ​ខាង​ជើង​ដែល​ចង់​បាន​សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ និង​ការ​ធានា​សន្តិសុខ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដក​ទាហាន​អាមេរិក​ចេញ​ពី​ឧបទ្វីប​កូរ៉េ​ផង​ដែរ៕