ទោះបីជាប្រឈមនឹងការតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅក្នុងទីក្រុងសេអ៊ូល និងប្រឈមនឹងការបោះឆ្នោតចោទប្រកាន់ ដែលអាចកើតឡើងនៅដើមសប្ដាហ៍នេះក៏ដោយ ក៏ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye នៅតែរក្សាភាពស្ងៀមស្ងាត់នៅក្នុងវិមានប្រធានាធិបតី។
នៅថ្ងៃចន្ទនេះ មេធាវីរបស់លោកស្រី លោក Yoo Young-ha បានបដិសេធសំណើមួយផ្សេងទៀតរបស់រដ្ឋអាជ្ញារដ្ឋាភិបាល ដើម្បីសុំសាកសួរលោកស្រី Park Geun-hye នៅសប្ដាហ៍នេះ អំពីឥទ្ធិពលនៅក្នុងរឿងអាស្រូវនយោបាយពាក់ព័ន្ធនឹងលោកស្រី Choi Soon-sil ដែលជាមិត្តភក្ដិជិតស្និទ្ធរបស់លោកស្រី។
អស់រយៈពេល ៥ សប្ដាហ៍ ជាប់ៗគ្នាមកហើយ ដែលគេឃើញមានការតវ៉ាដោយសន្តិវិធីទ្រង់ទ្រាយធំធ្វើឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារទម្លាក់លោកស្រី Park Geun-hye ចេញពីតំណែង។ អ្នករៀបចំការតវ៉ាទាំងនេះ បានបញ្ជាក់ថា មានមនុស្សប្រហែលជិត ២ លាននាក់ ចូលរួមនៅក្នុងការតវ៉ានេះនៅទូទាំងប្រទេស និងមនុស្សប្រហែល ១ លាន ៥ សែននាក់ ចូលរួមនៅក្នុងការតវ៉ានេះនៅក្នុងទីក្រុងសេអ៊ូល។ ចំណែកឯប៉ូលិសវិញថា អ្នកចូលរួមតវ៉ានៅក្នុងទីក្រុងសេអ៊ូលមានចំនួនតែជិត ២ សែន ៧ ម៉ឺននាក់តែប៉ុណ្ណោះ។
ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា ប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន ៨០ ភាគរយ គាំទ្រឲ្យមានការចោទប្រកាន់លោកស្រីប្រធានាធិបតី Park Geun-hye។
លោកស្រីប្រធានាធិបតី Park Geun-hye បានចេញសារសុំទោសជាសាធារណៈចំនួនពីរដងរួចមកហើយ បន្ទាប់ពីរឿងអាស្រូវនយោបាយនេះបានផ្ទុះឡើង ហើយគេឃើញមានការរាយការណ៍ថា លោកស្រីអាចនឹងចេញសារសុំទោសជាសាធារណៈលើកទី ៣ នៅក្នុងសប្ដាហ៍នេះ៕