មេដឹកនាំ​បក្សប្រឆាំង​កូរ៉េខាង​ត្បូង​​ត្រូវ​បាន​ចោទប្រកាន់​​ពី​​បទ​​​សូកប៉ាន់

រូបឯកសារ៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង លោក Lee Jae-myung និយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីមើលលទ្ធផលនៃការបោះឆ្នោតសភានៅរដ្ឋសភានៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

មេដឹក​នាំ​គណបក្សប្រឆាំងក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​លោក​ Lee Jae-myung ​ត្រូវ​បានចោទប្រកាន់​ពីបទ​សូកប៉ាន់ ពាក់ព័ន្ធ​នឹងគម្រោងការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​។

ក្រុម​រដ្ឋអាជ្ញាបាន​ចោទប្រកាន់​លោក​ Lee​ ​ ថា​បានសុំ​ឱ្យ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ Ssangbangwool Group ​ផ្ទេរប្រាក់ចំនួន​៨លាន​ដុល្លារ​ដោយខុសច្បាប់ ទៅ​ឱ្យ​ប្រទេស​កូរ៉េខាង​ជើង​ រវាង​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២០​ នៅ​ពេល​ដែល​លោក​នៅ​ធ្វើ​ជា​អភិបាល​ខេត្ត​ Gyeonggi នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កូរ៉េខាង​ត្បូង​។

ទីភ្នាក់ងារ​សារព័ត៌មាន​ Yonhap ​របស់​ប្រទេស​កូរ៉េខាង​ត្បូងបាន​និយាយ​ថា​ អភិបាល​រងខេត្ត​របស់​លោក Lee​ គឺ​លោក Lee Hwa-young ត្រូវ​បាន​កាត់​ទោស​កាល​ពី​សប្តាហ៍​មុន​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​៩​ឆ្នាំ​កន្លះ​ ក្នុងការពាក់ព័ន្ធ​ជា​មួយ​នឹង​គម្រោង​ការផ្ទេរប្រាក់​ខុសច្បាប់​នេះ។​ ក្រុម​រដ្ឋអាជ្ញា​និយាយ​ថា លោក Lee Hwa-young បាន​ផ្ទេរប្រាក់នេះ​ដើម្បី​ជំរុញ​កម្មវិធី​ពាណិជ្ជកម្ម​មួយ​ក្នុងប្រទេស​កូរ៉េខាង​ជើង ដែល​គាំទ្រ​ដោយ​ខេត្ត ​Gyeonggi ​និង​បាន​ជួយ​សម្រួលដល់ផែនការ​ធ្វើទស្សនកិច្ច​របស់​លោក Lee Jae-myung ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​ផង​ដែរ។

លោក​Lee Jae-myung​ ​ដែល​ជា​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ឡើង​សវនាការ​រួចហើយ​នៅ​ក្នុង​បទចោទប្រកាន់​ពុករលួយផ្សេងទៀត​ ដែល​រួម​មាន​ការពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អភិវឌ្ឍន៍​អចលនទ្រព្យ ​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​អភិបាល​ក្រុងមួយ​នៅ​ជិត​រដ្ឋធានី​សេអ៊ូល​។

សមាជិករដ្ឋសភា​សេរីនិយម​រូប​នេះ​ បាន​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាង​ត្បូងក្នុង​សំឡេង​ប្រកៀកប្រកិតទៅលោក​ Yoon Suk Yeol​ ដែល​ជា​បេក្ខជនអភិរក្សនិយម។ ​លោក​ត្រូវ​បានគេ​គិតថា​ នឹងក្លាយជា​បេក្ខជន​នាំមុខដើម្បី​ឆ្ពោះ​ទៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង នៅ​ពេល​ដែលការ​ដឹកនាំ​តែ​មួយ​អាណត្តិ​របស់លោក​ Yoon ​នឹង​ចប់នោះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters.