មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងនិយាយថា ការរកឃើញថ្មីមួយទំនងបង្ហាញថាអ្នកដែលបានឆ្លងវីរុសកូរ៉ូណាជាលើកទី២ទំនងជាអ្នកដែលធ្វើតេស្តឃើញវិជ្ជមានមិនត្រឹមត្រូវ។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក្នុងពេលកន្លងមកបានលើកឡើងពីការបារម្ភថ្មីមួយថា វីរុសកូរ៉ូណាប្រភេទថ្មីដែលបង្កជំងឺកូវីដ១៩ ក្រោយពីពួកគេបានរកឃើញកាលពីខែមេសា ថាមានអ្នកជំងឺកូវីដ១៩រាប់សិបអ្នកដែលបានជាសះស្បើយហើយបានធ្វើតេស្តឃើញវិជ្ជមានម្តងទៀត។
ការរកឃើញនៅពេលនោះហាក់បង្ហាញថា អ្នកដែលរស់រានពីជំងឺកូវីដ១៩ អាចឆ្លងវីរុសកូរ៉ូណាដែលបង្កជំងឺនេះជាថ្មីទៀត ដែលនេះអាចនឹងបង្កភាពលំបាកដល់ការបន្ធូរបន្ថយវិធានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាកិច្ចប្រឹងប្រែងបង្កើតវ៉ាក់សាំង។
ប៉ុន្តែក្រោយការស្រាវជ្រាវជាច្រើនសប្តាហ៍មក ក្រុមមន្ត្រីកូរ៉េខាងត្បូងនិយាយថា លទ្ធផលតេស្តវិជ្ជមានលើកទី២កន្លងមកនេះទំនងជាលទ្ធផលមិនត្រឹមត្រូវ ដែលទំនងបង្កឡើងដោយជាតិវីរុសដែលនៅសេសសល់ក្នុងខ្លួន ហើយមិនមែនដោយសារការឆ្លងវីរុសថ្មីនោះទេ។
មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងកូរ៉េខាងត្បូងនិយាយថា គិតមកត្រឹមថ្ងៃពុធ មានករណីអ្នកដែលបានធ្វើតេស្តវិជ្ជមានមិនត្រឹមត្រូវនេះចំនួន៣៥០នាក់ ហើយពួកគេទំនងជាមិនអាចចម្លងវីរុសសេលសល់នេះទៅអ្នកដទៃទេ៕