តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង​ប្រកាស​ដក​តំណែង​លោកស្រី​ប្រធានាធិបតី​ Park Guen-hye

លោកស្រី​ប្រធានាធិបតី Park Guen Hye ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

តុលាការធម្មនុញ្ញ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​រក្សា​ទុក​ការ​ចោទ​ប្រកាន់​លើ​លោកស្រី​ប្រធានាធិបតី​ Park Guen-hye។​

ការ​អានសេចក្តី​សម្រេចនេះ​ដោយ​លោក Lee Jung-mi ប្រធាន​ចៅ​ក្រម​ស្តី​ទី​នៃ​តុលាការ​ធម្មនុញ្ញ​ក្នុង​ក្រុង​សេអ៊ូល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ត្រូវ​ផ្សាយ​ដោយ​ផ្ទាល់​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជាតិ។

លោក​បាន​មាន​ប្រសាសន៍​ថា «យើង​មាន​ជំនឿ​ថា មាន​ផល​ប្រយោជន៍​ច្រើន​ជាង​មុន​ដោយ​បណ្តេញ​ភាគី​ចុង​បណ្តឹង​ឧទ្ធរណ៍​ចេញ​ពី​តំណែង។​ ដូច្នេះ​ ដោយ​មាន​ការ​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដោយ​ចៅក្រម​ទាំង​អស់ យើង​ប្រកាស​រក្សា​ទុក ការ​ចោទ​ប្រកាន់​នេះ។ ភាគី​ចុង​បណ្តឹង​ឧទ្ធរណ៍ Park Geun-hye ត្រូវ​ដក​ចេញ​ពី​តំណែង»។

ចៅក្រម​ទាំង​អស់​៨នាក់​នៃ​តុលាការ​ធម្មនុញ្ញ​បានគាំទ្រ​ញត្តិ​របស់​រដ្ឋសភា​ដែល​បាន​ត្រូវ​អនុម័ត​កាលពី​ខែធ្នូ​ដោយ​មាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ជាង​២ភាគ​៣​ដែល​គេ​ត្រូវ​ការ​ដើម្បី​ដក​លោកស្រី​ Park ចេញ​ពី​តំណែង​ដោយសារបទ​ចោទ​ប្រកាន់​ថា ​លោកស្រី​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មាន​អាកប្បកិរិយា​មិន​ត្រឹមត្រូវ និង​មាន​ការ​ធ្វេសប្រហែស​ផង​ដែរ។

តុលាការ​នេះ​បាន​និយាយ​យោង​ថា​ជា​ «ការ​រំលោភ​ធ្ងន់ធ្ងរ» លើ​រដ្ឋធម្មនុញ្ញ​ស្តី​ពី​ការ​ចោទ​ប្រកាន់​ថា​ លោក​ស្រី​ Park បាន​ឃុបឃិត​ជាមួយ​អ្នកស្រី Choi Soon-sil ដែល​ជា​មិត្តភក្តិ​យូរ​យារ​មក​ហើយ​របស់​លោកស្រី​ក្នុង​ការ​ជម្រិត​ក្រុមហ៊ុន​កូរ៉េខាង​ត្បូង​ឱ្យ​ធ្វើ​វិភាគទាន​ជាង​៦៩លាន​ដុល្លារ​ដល់​មូលនិធិ​ដែល​មាន​ការ​សង្ស័យ​ចំនួន​ពីរ៕