សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបាញ់កាំជ្រួចមីស៊ីលចំនួន៨គ្រាប់នៅថ្ងៃចន្ទនេះនៅក្នុងការឆ្លើយតបទៅនឹងការសាកល្បងអាវុធរបស់កូរ៉េខាងជើងកាលពីមួយថ្ងៃមុន។ នេះបើតាមការឱ្យដឹងរបស់យោធាកូរ៉េខាងត្បូងហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះបានបាញ់ប្រព័ន្ធកាំជ្រួចមីស៊ីលកលយុទ្ធយោធាឬ Army Tactical Missile System ទៅលើទីដៅនៅក្នុងសមុទ្រខាងកើតឬដែលគេស្គាល់ថាជាសមុទ្រជប៉ុននោះនៅព្រឹកថ្ងៃចន្ទនេះ។
ការបាញ់ប្រព័ន្ធកាំជ្រួចមីស៊ីលហ្វូងក្នុងរយៈពេល១០នាទីនេះត្រូវបានធ្វើឡើងមួយថ្ងៃក្រោយកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួនចំនួន៨គ្រាប់ បន្ទាប់ពីមានការធ្វើសមយុទ្ធយោធារូមគ្នាមួយរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដោយមានការ ចូលរួមពីនាវាផ្ទុកយន្តហោះរបស់អាមេរិកមួយគ្រឿងផងដែរ។
កងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា «កងទ័ពរបស់យើងថ្កោលទោសជាខ្លាំងចំពោះសកម្មភាពបង្កហេតុដោយការបាញ់កាំជ្រួចមីស៊ីលបាល់លីស្ទិកជាច្រើនដងរបស់កូរ៉េខាងជើងហើយស្នើដោយទទូចដល់កូរ៉េខាងជើងឱ្យបញ្ឈប់នូវសកម្មភាពដែលបង្កើនភាពតាន តឹងនៅលើឧបទ្វីបកូរ៉េ»។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើងបានធ្វើទំនើបកម្មទ្វេដងនូវកម្មវិធីអាវុធរបស់ខ្លួនក្នុងឆ្នាំនេះ បើទោះបីជាខ្លួនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធា្លក់ចុះយ៉ាងខ្លាំងក្តី។ ពួកមន្ត្រីនិងអ្នកវិភាគមួយចំនួនព្រមានថា កូរ៉េខាងជើងកំពុងរៀបចំធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀត។
ការបាញ់កាំជ្រួចមីស៊ីលឆ្លើយតបនៅថ្ងៃចន្ទនេះ ជាការបង្ហាញការបាញ់រួមគ្នាលើកទី២របស់កងកម្លាំងនៃប្រទេសដែលជាសម្ព័ន្ធមិត្តនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោកYoon Suk Yeol ដែលប្រកាន់គោលជំហរដ៏តឹងរឹងមួយប្រឆាំងនឹងអំពើបង្កហេតុរបស់កូរ៉េខាងជើង។
កាលពីខែមុន រដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានបាញ់បង្ហោះឆ្លើយតបរួមគ្នាមួយជាលើកទី១ផងដែរចាប់តាំងពីឆ្នាំ២០១៧មក បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចមីស៊ីលបាល់លីស្ទិកចំនួន៣គ្រាប់ដែលក្នុងនោះមួយគ្រាប់ត្រូវគេសង្ស័យថាជាកាំជ្រួចមីស៊ីលបាល់លីស្ទិកអន្តរទ្វីបផង៕