កូរ៉េ​ខាងត្បូង​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​លើ​រុស្ស៊ី

ពលរដ្ឋ​កូរ៉េខាងត្បូង​​ឈរ​មើល​សេចក្ដីរាយការណ៍​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​នឹង​អនុវត្ត​ការ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ដែល​ដាក់​លើ​ការ​នាំចេញ​របស់​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ថា ខ្លួន​នឹង​មិន​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​ដោយ​ផ្ទាល់​លើ​រុស្ស៊ី​នោះទេ។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​តាម Twitter កាលពី​ថ្ងៃ​សុក្រ​ថា៖ «ក្នុង​នាម​ជា​សមាជិក​ម្នាក់​ដែល​មាន​ការ​ទទួល​ខុសត្រូវ​នៃ​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នឹង​គាំទ្រ​និង​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផងដែរ ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​បែប​យោធា [របស់​រុស្ស៊ី] និង​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ​ដោយ​សន្តិវិធី»។

ការ​លើកឡើង​នេះ​បាន​ធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​ការ​ថ្លែង​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae In កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ថា ដំណោះស្រាយ​ចំពោះ​វិបត្តិ​អ៊ុយក្រែន​នេះ​គឺ​អាច​ដោះស្រាយ​បាន​តាមរយៈ​តែ​ការ​សន្ទនា​និង​ការ​ចរចា​តែ​ប៉ុណ្ណោះ មិនមែន​តាមរយៈ​សង្គ្រាម​នោះទេ។

វត្ថុធាតុ​អេឡិចត្រូនិក semiconductor គ្រឿង​អេឡិចត្រូនិក និង​រថយន្ត ដែល​ជា​ទំនិញ​ដែល​កូរ៉េ​ខាងត្បូង​នាំចេញ​ទៅកាន់​ប្រទេស​រុស្ស៊ី អាច​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ត្រួតត្រា​ការ​នាំចេញ​កាលពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ប្រកាស​ដោយ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ដែល​ប្រើ​បច្ចេកវិទ្យា​មាន​ប្រភព​នៅ​សហរដ្ឋ​អាមេរិក​នៅក្នុង​ទំនិញ​នានា​ដូចជា​វត្ថុធាតុ​អេឡិចត្រូនិក semiconductor កុំព្យូទ័រ និង​គ្រឿង​បន្លាស់​យន្តហោះ​ជាដើម ឱ្យ​ទទួល​បាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​អាមេរិក​ជាមុន មុន​នឹង​បញ្ជូន​ទំនិញ​ទាំងនោះ​ទៅកាន់​ប្រទេស​រុស្ស៊ី។

ទោះបីជា​ប្រទេស​មួយ​ចំនួន​តូច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដូចជា​ជប៉ុន​និង​អូស្ត្រាលី​ជាដើម បាន​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​ផ្ទាល់​លើ​ប្រទេស​រុស្ស៊ី​ក៏ដោយ ក៏​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា ខ្លួន​គ្មាន​គម្រោង​នៅក្នុង​ការ​ធ្វើ​ដូច្នេះ​នោះទេ​នៅ​ពេល​ឥឡូវ​នេះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​លោក Park Soo Hyun បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​វិទ្យុ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «កូរ៉េ​ខាងត្បូង​ចង់​បញ្ជាក់​ថា ខ្លួន​នឹង​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប»។

លោក​បាន​បន្ថែម​ថា៖ «យើង​ក៏​ត្រូវ​គិត​ផងដែរ​ថា ពាណិជ្ជកម្ម​របស់​កូរ៉​ខាងត្បូង​ជាមួយ​នឹង​រុស្ស៊ី​កំពុង​កើនឡើង»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ