មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថា ប្រទេសកូរ៉េខាងជើងបានស្នើបញ្ជូនគណៈប្រតិភូកម្រិតខ្ពស់មួយទៅកាន់ការប្រកួតកីឡា Olympics រដូវធ្លាក់ទឹកកកនៅខែក្រោយក្នុងក្រុង Pyeongchang។
សំណើនេះបានត្រូវធ្វើឡើងកាលពីថ្ងៃអង្គារនៅក្នុងកិច្ចចរចាទល់មុខគ្នាជាលើកទីមួយរវាងប្រទេសជាគូប្រជែងគ្នាយ៉ាងជូរចត់ក្នុងរយៈពេលពីរឆ្នាំមកនេះ។ លោក Chun Hae-sung អនុរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមប្រទេសជាតិនៃប្រទេសកូរ៉េខាងត្បូងបាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុងសេអ៊ូលថាកូរ៉េខាងជើងបានស្នើបញ្ជូនគណៈប្រតិភូនៃពួកមន្ត្រីជាន់ខ្ពស់ ពួកអត្ថពលិកនិងក្រុមនារីស្រែកបន្ទរលើកទឹកចិត្តក្រុមកីឡាករទៅកាន់ការប្រកួតកីឡានេះដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ខែកុម្ភៈ។
លោក Chun Hae-sung ក៏បានថ្លែងដែរថាកូរ៉េខាងត្បូងបានស្នើឱ្យមានការជួបជុំគ្នាមួយលើកទៀតនៃក្រុមគ្រួសារដែលបានបែកខ្ញែកគ្នាចាប់តាំងពីសង្គ្រាមស៊ីវិលពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ដែលបានបែងចែកប្រទេសកូរ៉េខាងជើងកាន់លទ្ធិផ្តាច់ការពីប្រទេសកូរ៉េខាងត្បូងកាន់លទ្ធិប្រជាធិបតេយ្យដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិក្នុងខែក្រោយនេះ។ លោកបាននិយាយដែរថារដ្ឋាភិបាលក្រុងសេអ៊ូលបានស្នើឱ្យភាគីទាំងពីរដើរជាមួយគ្នានៅក្នុងពិធីបើកការប្រកួតកីឡានេះនៅ Pyeongchang។
កិច្ចចរចាគ្នានេះបានប្រព្រឹត្តទៅនៅក្នុងភូមិ Panmunjom គឺជាអ្វីដែលហៅថាភូមិសន្តិភាពនៅតាមបណ្តោយព្រំដែនដែលនៅទីនោះយុទ្ធសន្តិភាពកាលពីឆ្នាំ១៩៥៣បានត្រូវចុះហត្ថលេខាដែលបានបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមកូរ៉េ។ ជាផ្លូវការប្រទេសទាំងពីរនេះនៅមានសង្គ្រាមនឹងគ្នា៕