កូរ៉េខាងត្បូង​ថា ខ្លួន​មិន​ធ្វើ​ពហិការ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉េកាំង​នោះ​ទេ

រូបឯកសារ៖ ស្ត្រី​ម្នាក់ ថត​រូប​នៅ​ជិត​ស្លាក​សញ្ញា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា និង​ប៉ារ៉ាឡាំពិក​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ខ្លួន​ច្រានចោល​នូវ​ការចូលរួម​ការធ្វើ​ពហិការ​ជាមួយ​សហរដ្ឋ​អាមេរិក​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ខែកុម្ភៈ​ខាងមុខ​នេះ ដោយ​បាន​លើកឡើង​នូវ​ហេតុផល​ពី​ភាពចាំបាច់​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​ចិន។ នេះ ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ប្រធានាធិបតី Moon Jae-in ដែល​កំពុង​បំពេញ​ទស្សនកិច្ចនៅ​ទីក្រុង​កង់បេរ៉ា​នៃ​ប្រទេស​អូស្ត្រាលី​ បាន​និយាយ​ថា លោក​មិន​បាន​ពិចារណា​ពី​ការព្រងើយ​កន្តើយ​លើ​កីឡា​អូឡាំពិក​ដើម្បី​តវ៉ា​ប្រឆាំង​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ចិន ​ដូច​ដែល​ប្រទេស​លោក​ខាង​លិច​បាន​ធ្វើ​នោះ​ទេ។

លោក​បាន​និយាយ​ថា «យើង​មិន​បាន​ទទួល​សំណើ​ពី​ប្រទេស​ណាមួយ​ទេ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ ​ដើម្បី​ចូលរួម​ក្នុង​ពហិការ​ខាង​ការទូត​នោះឡើយ»។

ប្រទេសចិន បាន​ព្រមានដល់​សហរដ្ឋ​អាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស​ និង​ប្រទេស​កាណាដា​ថា ពួកគេ​នឹង«ខាត​បង់»។

ពហិការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ចិន​បន្ត​រំលោភ​ធ្វើ​បាបលើ​ជនជាតិ​ភាគតិច Uyghur នៅ​ក្នុង​តំបន់ Xinjiang ហើយ​នឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ចិន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ផង​ដែរ។

លោក​ប្រធានាធិបតី Moon បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ត្បូង​ចង់​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវតំបន់​ប៉ាស៊ីហ្វិក​សេរី ​និង​បើក​ចំហរ​មួយ​ ក៏​ប៉ុន្តែ​ ក៏​ត្រូវ​ពិចារណា​ពី​តួនាទី​របស់ចិន​នៅ​ក្នុង​ការព្យាយាម​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដល់​ឧបទ្វីប​កូរ៉េផង​ដែរ។

លោក​ប្រធានាធិបតី មាន​ប្រសាសន៍​ទៀត​ថា «យើង ត្រូវការ​ការខំប្រឹងប្រែង​ប្រកប​ដោយ​ការស្ថាបនា​របស់​ចិន​ដើម្បី​អាច​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង ​គ្មាន​អាវុធ​នុយក្លែអ៊ែរ។ លោក​បាន​បន្ថែម​ទៀត​ថា កូរ៉េ​ខាង​ត្បូង ចង់​បាន​ទំនាក់​ទំនង​ប្រកប​ដោយ​ការចុះសម្រុង​គ្នា​ជាមួយ​ចិន»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ស្វាគមន៍ចំពោះ​ការ​លើក​ឡើងរបស់ប្រធានាធិបតី​កូរ៉េខាង​ត្បូង​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ថ្លែង​ថា «គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ស្តីពី​កីឡា​អូឡាំពិក ជា«ការបង្ហាញ​នូវ​មិត្តភាព​រវាង​ចិន​និង​កូរ៉េ​ខាង​ត្បូង»។

លោក​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មាន​ឆន្ទៈ​ធ្វើ​កិច្ចខំ​ប្រឹងប្រែង​រួម​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ខាង​នយោបាយ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

លោក​ប្រធានាធិបតី Moon នៅពេល​នេះ​ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ៣ ថ្ងៃ​នៅ​ក្នុងប្រទេស​អូស្ត្រាលី​ដែល​នៅ​ទី​នោះ ​ប្រទេស​ទាំង២ បាន​ចុះ​ហត្ថលេខា​ជា​បន្តបន្ទាប់​លើ​កិច្ចព្រមព្រៀង​បច្ចេកវិទ្យា​ និង​កិច្ចសហប្រតិបត្តិការ​យោធា។

កិច្ចព្រមព្រៀងនោះរួមមាន​ការលក់​កាំភ្លើង​ត្បាល់​ចល័ត​ចំនួន​ ៣០ ​គ្រឿង​ទៅ​ឲ្យ​អូស្ត្រាលី​ដែល​ជាផ្នែក​មួយ​នៃ​កិច្ចសន្យា​ដែល​មាន​តម្លៃ ៧២០ លាន​ដុល្លារ៕