ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បាន​សុំទោស​ចំពោះ​រឿង​អាស្រូវ​កាបូប​ហើយ​សន្យា​ផ្តោត​លើ​សេដ្ឋកិច្ច

  • ​Reuters

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោក ​Yoon Suk Yeol ថ្លែង​នៅ​ក្នុង​ពិធី​មួយក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពីថ្ងៃទី​០១ មីនា ឆ្នាំ២០២៤។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោក ​Yoon Suk Yeol ​បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃទី​៩ ​ខែ​ឧសភា​ថា ​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​កាលពី​ខែ​មុន​ បាន​ឆ្លុះបញ្ចាំង​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន​ ហើយ​បាន​សុំទោស​ចំពោះ​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ភរិយា​របស់​លោក។​ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

លោក​បាន​បន្ត​ច្រាន​ចោល​ការ​អំពាវនាវ​របស់​សមាជិក​សភា​គណបក្ស​ប្រឆាំង​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ពិសេស​លើ​ការ​ចោទ​ប្រកាន់​ថា​ភរិយា​របស់​លោក​បាន​ទទួល​អំណោយ​ជា​កាបូប​ ម៉ាក​Christian Dior​ ដ៏មាន​តម្លៃ​មួយកាល​ពី​ឆ្នាំ​មុន​ បើទោះ​បី​ជា​រដ្ឋ​អាជ្ញា​ចាប់​ផ្តើម​ស៊ើប​អង្កេត​ថា​ តើ​អ្នកស្រី​បាន​បំពាន​ច្បាប់​ឬ​ទេ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​លើក​ដំបូង​របស់​លោក​ក្នុង​រយៈ​ពេល ២១​ ខែ ​ លោក ​Yoon ​បែរ​ជា​បាន​សន្យា​ ថា​ នឹង​ផ្តោត​លើការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រសើរ​ឡើង​ និង​ដោះស្រាយ​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ ភាព​អាសន្ន​របស់​ជាតិ​ទាក់ទង​នឹង​អត្រា​កំណើត​ក្នុង​រយៈ​ពេលបី​ឆ្នាំ​ទៀត​ការកាន់តំណែង​របស់​លោក។​

លោក​បាន​និយាយ​ថា៖​ «​ខ្ញុំ​គិត​ថា​រឿង​សំខាន់​ទៅ​មុខ​គឺ​សេដ្ឋកិច្ច»។​

សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​សន្ទុះ​លើស​ការ​ព្យាករណ៍ភាគ​ច្រើន​ថា​ មាន​កំណើន​ ១,៣%​ ក្នុង​រយៈ​ពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​ ​ប៉ុន្តែ ​តម្លៃ​ចំណាយ​នៃ​ការ​រស់​នៅ​នៅ​តែ​ខ្ពស់​មិន​ព្រមចុះ​ ​ទោះបី​ជា​មាន​ការ​រីក​ចម្រើន​ខ្លះ​ក្នុង​ការ​ដោះស្រាយ​អតិផរណា​ក៏​ដោយ។​

នៅ​ក្នុង​ការ​ជំរុញ​គោល​នយោបាយ​ថ្មី​ ក្រសួង​មួយ​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​កំណត់​ត្រា​អត្រា​កំណើត​ទាប​ និង​ចំនួន​ប្រជាជន​ចាស់​មាន​ល្បឿន​លឿន​ ហើយ​លោក ​Yoon​ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​បើក​ពី​ខុទ្ទកាល័យ​របស់​លោក​ដោយ​មាន​ស្លាក​សរសេរ​ថា ​«The Buck Stops Here»(អ្នក​ទទួល​ខុសត្រូវ​នៅ​ទីនេះ)។​

អត្រា​កំណើត​មនុស្ស​នៅ​កូរ៉េ​ខាងត្បូង​ដែល​មាន​កម្រិត​ទាប​បំផុត​ស្រាប់​រួច​ហើយ​នៅ​លើ​ពិភពលោក​ បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០២៣​ ដោយសារ​ស្ត្រី​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​ទទួល​បន្ទុក​ភាគ​ច្រើន​ក្នុង​ការ​ចិញ្ចឹម​កូន​ បាត់បង់​ឱកាស​ការងារ ​និង​ការ​ចំណាយ​សម្រាប់​ការ​ចិញ្ចឹម​កូន​ គឺ​ជា​ហេតុផល​ពន្យារ​កំណើត​ឬ​ មិន​ឲ្យ​មាន​កូន។​

គណបក្ស​អំណាច​ប្រជាជន​របស់​លោក​ Yoon ​បាន​ចាញ់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ១០ ​ខែ​មេសា ​ ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​អំពាវនាវ​ឱ្យ​ផ្លាស់ប្តូរ​របៀប​ដឹក​នាំ ​និង​ទិស​ដៅ​គោល​នយោបាយ​របស់​លោក​ ដើម្បី​សង្គ្រោះ​តំណែង​ប្រធានាធិបតី​ ដែល​មិនទាន់​បាន​ពាក់​កណ្តាល​អាណត្តិ​ផង​នោះ។​

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​របស់​លោក​ ​លោក​Yoon ​បាន​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា​ វាឆ្លុះ​បញ្ចាំង​ពី​ការ​វាយ​តម្លៃ​របស់​សាធារណ​ជន​ថា​ ការ​ងារ​រដ្ឋបាល​របស់​ខ្ញុំ​គឺ​ខ្វះខាត​ មិន​ដល់​កម្រិត​ដែល​ត្រូវ​ធ្វើ»។

វិវាទ​នយោបាយ​

ការ​អត្ថាធិប្បាយ​របស់​លោក​រួម​បញ្ចូល​ទាំង​ការ​សុំ​ទោស​យ៉ាង​ច្បាស់​ជា​លើក​ដំបូង​ចំពោះ​រឿង​ចម្រូង​ចម្រាស​របស់​ប្រពន្ធ​របស់​លោក។​ បញ្ហា​នេះ​ទំនង​ជា​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ព្យាយាម​របស់​លោក​ដើម្បី​ទទួល​បាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង​សម្រាប់​អាទិភាព​គោល​នយោបាយ។​

លោក​ Yoon ​ដែល​ទទួល​បាន​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០២២​ ដោយ​ឈ្នះ​មិន​ដល់​មួយ​ភាគ​រយ​ផង​នោះ​ បាន​មើល​ឃើញ​ថា ​អត្រា​គាំទ្រ​របស់​លោក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​គឺ​ ២១% ​នៅ​ក្នុង​ការ​ស្ទង់​ម​តិសាធារណៈ​មួយ។​

សមាជិក​សភា​លោក​ Park Chan-dae​ មេ​ដឹកនាំ​ថ្មីនៅ​ក្នុង​សភា​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​គណប្ស​ប្រឆាំង​ដ៏​សំខាន់​ បាន​ហៅ​ ​សន្និសីទ​សារ​ព័ត៌មាន​របស់​លោក​ Yoon ​និង​សុន្ទរកថា​របស់​លោក​ថា​គួរ​ឱ្យ​«ខកចិត្ត​យ៉ាង​ខ្លាំង»។​

លោក​បាន​និយាយ​ថា ​ វា​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ប្រធានាធិបតី​គ្មាន​បេះដូង ​ឬ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​អាយុ​ជីវិត​របស់​ប្រជាជន។​

ទំនាក់​ទំនង​មិន​សុខ​ស្រួល​ជាមួយ​រុស្ស៊ី​ ​

ចំណែក​គោល​នយោបាយ​ការ​បរទេស​វិញ​ ​លោក ​Yoon ​បាន​បដិសេធ​មិន​ឆ្លើយ​ដោយ​ផ្ទាល់​ នៅ​ពេល​ត្រូវ​បាន​សួរ​ចំៗ​អំពី​ជំហរ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​ ដែល​ថា​ លោក​អាច​ទាមទារ​ឡើង​វិញឱ្យ​កូរ៉េ​ខាងត្បូង​បង់​ប្រាក់​បន្ថែម​ទៀត​ដើម្បី​រក្សា​ទាហាន​អាមេរិក​ប្រមាណ ​២ម៉ឺន​៨​ពាន់​៥០០​នាក់​ដែល​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​លោក។​

លោក​ Yoon ​បាន​និយាយ​ពី​ការ​រួម​ចំណែក​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​សារ​មាន​«ប្រព័ន្ធទប់ស្កាត់​ជាមុន​ជា​បន្ត»​របស់​សហ​រដ្ឋ​អាមេរិក​ដែល​មាន​ យោធា​នៅ​លើ​ឧបទ្វីប​នេះ​ និង​នៅ​ក្នុង​តំបន់​ ប៉ុន្តែ​វត្តមាន​នេះ​អាច​ត្រូវ​បាន​គំរាម​កំហែង ​ប្រសិន​បើ​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន។​

លោក​បាន​និយាយ​ថា​ កូរ៉េ​ខាងត្បូង​នឹង​រក្សា​ជំហរ​មិន​ផ្គត់ផ្គង់​អាវុធ​ដ៏​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ណា​មួយ​ដែល​កំពុង​មាន​ជម្លោះ។ លោក​និយាយ​ដូច្នេះ នៅ​ពេលត្រូវ​បាន​សួរ​ថា​ តើ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​នឹង​ពិចារណា​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី​ដែរ​ឬ​ទេ។​

ទោះ​បី​ជា​កូរ៉េខាង​ត្បូង​លេច​ឡើង​ជា​ប្រទេស​នាំ​ចេញ​អាវុធ​ដ៏​សំខាន់​ក៏​ដោយ​ ប្រទេស​នេះ​បាន​ទប់ទល់​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ទីក្រុង ​Kyiv ​ក្នុង​ការ​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន​ ដោយ​សារ​ប្រទេស​នេះ​ចង់​ចៀសវាង​ការ​បង្ក​ជម្លោះ​ជាមួយ​រុស្ស៊ី។​
លោក ​Yoon​ បាន​និយាយ​ថា​ ខណៈ​ដែល​រុស្ស៊ី​ជា​ដៃគូ​ដ៏​ល្អ​មួយ​រយៈ​មក​ហើយ​ក៏ដោយ​ ប៉ុន្តែ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ​និង​ការ​ដែល​រុស្ស៊ី​ប្រើប្រាស់​អាវុធ​ពី​ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រុស្ស៊ី​កូរ៉េ​ខាង​ត្បូង​មាន​បញ្ហា។

សហ​រដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​បាន​ថ្កោលទោស​នូវ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ ការ​ប្រគល់​អាវុធ​ចម្រុះ​និង​សំខាន់ៗ​របស់​កូរ៉េ​ខាងជើង​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ជួយ​ដល់​កិច្ច​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ រួមទាំង​មីស៊ីល​ដែល​អ្នក​ឃ្លាំមើល​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ ថា ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​ទីក្រុង​មួយ​របស់​អ៊ុយក្រែន។​

រុស្ស៊ី ​និង​កូរ៉េ​ខាងជើង​បាន​បដិសេធ​កិច្ច​ព្រមព្រៀង​សព្វាវុធ​ ប៉ុន្តែ​បាន​ប្ដេជ្ញា​ថា​ នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​បញ្ហា​យោធា ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត៕


ប្រែសម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ​