មេដឹកនាំកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ឧបទ្វីបកូរ៉េ អាចធ្លាក់ចូលក្នុង «ស្ថានភាពវិបត្តិ» ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាង បន្តការគំរាមកំហែងដោយការបាញ់សាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការឆ្ងាយ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងអាវុធចំនួន៧ដងដែលមិនធ្លាប់មានពីមុនមកកាលពីខែមករា រួមទាំងកាំជ្រួចមីស៊ីលដែលមានកម្លាំងខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលមេដឹកនាំ គីម ជុងអ៊ុន បានឈ្លោះប្រកែកជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដោយការបាញ់បាញ់បង្ហោះកាំជ្រួចមីស៊ីល។
ការចរចាថ្នាក់មេដឹកនាំកំពូលរវាងលោកTrump និងលោក Kim ត្រូវបានធ្វើឡើង ក៏ប៉ុន្តែ បានបរាជ័យនៅឆ្នាំ២០១៩ ហើយកាន់តែយ៉ាប់យឺននៅពេលដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបង្កើនទ្វេដងនូវការអភិវឌ្ឍខាងយោធា ដោយបានព្រមានកាលពីខែមុនថា ខ្លួនមិនអាចបោះបង់ចោលការផ្អាកដោយការបង្ខិតបង្ខំការសាកល្បងកាំជ្រួចមីស៊ីលរយៈវង់ប្រតិបត្តិការឆ្ងាយ និងអាវុធនុយក្លេអ៊ែរទេ។
នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយថា រាល់សកម្មភាពរបស់កូរ៉េខាងជើងដើម្បីចាប់ផ្តើមការសាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការឆ្ងាយឡើងវិញ នឹងបំផ្លាញកិច្ចខំប្រឹងប្រែងជាច្រើនឆ្នាំ និងការចរចាសន្តិភាព។
លោកបាននិយាយទៀតថា៖ «ប្រសិនបើការបាញ់កាំជ្រួចជាបន្តបន្ទាប់របស់កូរ៉េខាងជើង ឈានដល់ការល្មើសដល់ការផ្អាកការសាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិឆ្ងាយនោះ ឧបទ្វីបកូរ៉េ អាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពវិបត្តិដែលយើងបានជួបប្រទះកាលពីប្រាំឆ្នាំមុន»។
លោក Moon ដែលបានបន្តការចរចាសន្តិភាពម្តងហើយម្តងទៀតជាមួយកូរ៉េខាងជើងក្នុងអំឡុងអាណត្តិ ៥ ឆ្នាំរបស់លោក នឹងត្រូវចាកចេញពីតំណែងនៅខែឧសភាខាងមុខនេះ។ កូរ៉េខាងត្បូងអនុញ្ញាតឱ្យប្រធានាធិបតីកាន់អំណាចតែមួយអាណត្តិប៉ុណ្ណោះ៕
ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមានពីវិបត្តិ បើកូរ៉េខាងជើង ចាប់ផ្តើមសាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការឆ្ងាយឡើងវិញ
ទីក្រុងសេអ៊ូល —