កូរ៉េ​ខាង​ត្បូង​ផ្អាក​មួយ​ផ្នែក​នូវ​កិច្ច​ព្រមព្រៀង​អន្តរ​កូរ៉េ បន្ទាប់ពី​កូរ៉េ​ខាង​ជើង​ថា​បាន​បង្ហោះ​ផ្កាយ​រណប​ចារកម្ម

អេក្រង់ទូរទស្សន៍បង្ហាញរបាយការណ៍ពីផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើងទៅកាន់គន្លងផែនដី ក្នុងអំឡុងពេលកម្មវិធីព័ត៌មានមួយនៅឯស្ថានីយ៍រថភ្លើងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ផ្អាក​មួយ​ផ្អែក​នូវ​កិច្ច​ព្រមព្រៀង​អន្តរ​កូរ៉េ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​តាមដាន​ខ្សែត្រៀម​ជួរ​មុខ​តាម​ផ្លូវ​អាកាស​លើ​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា​ខ្លួន​បាន​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​យោធា​មួយ​គ្រឿង​ដែល​ជា​ការ​រំលោភ​លើ​ការ​ហាម​ឃាត់​របស់​អង្គការ​សហប្រជាជាតិ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េ​ខាង​ត្បូង។

ការ​ប្រកាស​របស់​កូរ៉េ​ខាង​ត្បូង​នេះ​ដែល​ទំនងជា​នឹង​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ជើង​ខឹង​សម្បា​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​អះអាង​ថា​បាន​បង្ហោះ​ផ្កាយ​រណប​ឈ្លប​យក​ការណ៍​យោធា​មួយ​គ្រឿង​ចូល​ក្នុង​គន្លង​គោចរ។ ការ​បង្ហោះ​នេះ​គឺ​ជា​ការ​ព្យាយាម​លើក​ទី ៣ របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឆ្នាំ​នេះ។

ការ​អះអាង​របស់​កូរ៉េ​ខាង​ជើង​នេះ​មិន​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ប្រភព​ឯករាជ្យ​នោះ​ទេ។ ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នៅ​វាយ​តម្លៃ​ថា​តើ​កូរ៉េ​ខាង​ជើង​ពិតជា​បាន​បង្ហោះ​ផ្កាយ​រណប​នេះ​ដោយ​ជោគជ័យ​ឬ​ក៏​អត់។ ចំណែក​ឯ​ប្រទេស​ជប៉ុន​វិញ​បាន​លើកឡើង​ថា​មិន​មាន​ការ​បញ្ជាក់​អះអាង​ណា​មួយ​ថា​ផ្កាយ​រណប​កូរ៉េ​ខាង​ជើង​បាន​ចូល​ដល់​ក្នុង​គន្លង​គោចរ​នោះ​ទេ។

ប៉ុន្តែ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅតែ​ថ្កោលទោស​ចំពោះ​ការ​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​នេះ ដោយ​ពួកគេ​ជឿ​ថា​ការ​បង្ហោះ​នេះ​មាន​បំណង​លើក​កម្ពស់​បច្ចេកវិទ្យា​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ក៏​ដូចជា​បង្កើត​ប្រព័ន្ធ​តាមដាន​លើ​ដែន​អវកាស​ផង​ដែរ។

កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ខ្លួន​មាន​សិទ្ធិ​អធិបតេយ្យ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​នេះ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង​ឡើង​ដែល​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅតែ​ហាមឃាត់​មិន​ឱ្យ​កូរ៉េ​ខាង​ជើង​បង្ហោះ​ផ្កាយ​រណប ដោយ​យល់​ឃើញ​ថា​ការ​បង្ហោះ​នេះ​គឺ​ជា​ការ​បិទបាំង​ការ​សាកល្បង​បច្ចេកវិទ្យា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ប្រទេស​នេះ។

លោក Heo Tae-keun អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ទទួល​បន្ទុក​កិច្ចការ​គោល​នយោបាយ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ថា ការ​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ​មិន​ត្រឹមតែ​ជា​ការ​រំលោភ​យ៉ាង​ជាក់ច្បាស់​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា «ការ​បង្ក​ហេតុ​ធ្ងន់ធ្ងរ​មួយ​ដែល​គំរាម​ដល់​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង» ផង​ដែរ៕