ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីទីកន្លែងថ្មីសម្រាប់អង្គការការពារកាំជ្រួចផ្លោងមីស៊ីលជឿនលឿនរបស់សហរដ្ឋអាមេរិក។
ក្រសួងការពារប្រទេសបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនមានបំណងដាក់ប្រព័ន្ធកាំជ្រួចផ្លោងមីស៊ីល THAAD នៅកន្លែងវាយកូនគោល។
នៅដើមឆ្នាំនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ស្របគ្នាថា ប្រព័ន្ធកាំជ្រួចផ្លោងមីស៊ីល THAAD នឹងត្រូវដាក់នៅកន្លែងមូលដ្ឋានកាំជ្រួចមីស៊ីលនៅក្នុងស្រុក Seongju ស្ថិតនៅតំបន់ជនបទនៅភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកស្រុកដែលជំទាស់ប្រឆាំងនិយាយថា ប្រព័ន្ធកាំជ្រួច THAAD នេះ បានបណ្តាលឲ្យមានការព្រួយកង្វល់ដល់បញ្ហាសុខភាព និងបរិស្ថាន ហើយនិងធ្វើឲ្យតំបន់នោះក្លាយជាទិសដៅរបស់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើង បានគំរាមចាប់ផ្តើមធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីល THAAD នេះហើយនិងធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាសមុទ្រភ្លើង និងផេះ។
ទីកន្លែងថ្មីនេះ ស្ថិតនៅកន្លែងវាយកូនគោលដែលស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រភាគខាងជើងមូលដ្ឋានទ័ពអាកាស។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានព្រមព្រៀងដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីល THAADនៅឆ្នាំនេះបន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីល និងអាវុធនុយក្លេអ៊ែរជារឿយៗរបស់ប្រទេសកូរ៉េខាងជើង។
ពួកមន្រ្តីចិន ជំទាស់ការដាក់ប្រព័ន្ធកាំជ្រួចមីស៊ីល THAADនៅក្នុងតំបន់ ដោយនិយាយថា ប្រព័ន្ធរ៉ាដានេះ មានសមត្ថភាពធ្វើចារកម្មនៅក្នុងទឹកដីរបស់ខ្លួន៕