ក្រុមអ្នកវិភាគព្រមានថា ការសម្រេចរបស់កូរ៉េខាងត្បូងក្នុងការបញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានស៊ើបការណ៍យោធាជាមួយប្រទេសជប៉ុននឹងមិនប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ភ្លាមៗឡើយ ប៉ុន្តែចំណាត់ការនេះអាចនឹងធ្វើឱ្យសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងធ្លាក់ក្នុងស្ថានការណ៍តានតឹងណាមួយ។
ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី២២ ខែសីហា ថា ខ្លួនគ្មានគម្រោងនឹងបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានស៊ើបការណ៍យោធាជាថ្មីទៀតជាមួយនឹងប្រទេសជប៉ុនទេ។ ការណ៍នេះនឹងបង្កើនភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងជាមួយនឹងប្រទេសជប៉ុន ដែលមានស្រាប់ក្នុងប្រវត្តិសាស្រ្ត។ ប្រទេសជប៉ុនគឺជាអតីតអាណានិគមលើប្រទេសកូរ៉េខាងត្បូង។
ចំណាត់ការនេះក៏ប៉ះពាល់ដល់សហរដ្ឋអាមេរិកផងដែរ ដោយសារតែសហរដ្ឋអាមេរិកបានជួយសម្រួលដល់ការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយនឹងក្ដីសង្ឃឹមថា នឹងអាចធ្វើឱ្យប្រទេសកូរ៉េខាងត្បូងនិងជប៉ុនធ្វើការរួមគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀតលើបញ្ហាប្រឈមនានា ដូចជាបញ្ហាប្រទេសកូរ៉េខាងជើង ចិន និងរុស្ស៊ីជាដើម។
ជាលក្ខណៈបច្ចេកទេស ប្រទេសជប៉ុននិងកូរ៉េខាងត្បូងនឹងនៅតែអាចចែករំលែកព័ត៌មានស៊ើបការណ៍យោធាជាមួយគ្នាដដែល ទោះជាគ្មានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៦ ក៏ដោយ។ ក៏ប៉ុន្តែដំណើរការចែករំលែកព័ត៌មានបែបនេះអាចនឹងកាន់តែពិបាក និងយឺតយ៉ាវជាងមុន ដោយសារតែចាប់ពីពេលនេះតទៅ ព័ត៌មានស៊ើបការណ៍ភាគច្រើនត្រូវឆ្លងកាត់សហរដ្ឋអាមេរិកជាមុនសិន។
ស្ថានការណ៍បែបនេះ ក៏អាចរារាំងដល់កិច្ចសហប្រតិបត្តិការក្នុងពេលមានវិបត្តិណាមួយផងដែរ ហើយក៏អាចធ្វើឱ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងតាមដានការបង្កហេតុរបស់កូរ៉េខាងជើងក្នុងពេលមានភាពតានតឹង។ ប្រទេសកូរ៉េខាងជើងបានសាកល្បងបាញ់គ្រាប់មីស៊ីលចម្ងាយខ្លីចាប់តាំងពីខែឧសភាមក និងបានគំរាមចាប់ផ្ដើមបាញ់សាកល្បងនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលចម្ងាយឆ្ងាយសាជាថ្មីវិញទៀត។
ក៏ប៉ុន្តែផលប៉ះពាល់ភ្លាមៗធំបំផុតនៃការសម្រេចចិត្តនេះគឺអាចជាការជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរនេះនឹងមានកិច្ចប្រជុំតុមូលដ៏ចម្រូសចម្រាសជាថ្មីនៅខែនេះ ដើម្បីចរចាលើការចែករំលែកការចំណាយថវិកាលើវត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Bong Young-shik នៃវិទ្យាស្ថានសម្រាប់ការសិក្សាប្រទេសកូរ៉េខាងជើងនៃសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល បាននិយាយថា៖ «រឿងនេះមិនមែនជាបញ្ហាស្លាប់រស់ឡើយ។ ប៉ុន្តែវាប៉ះពាល់លើភាពគួរឲ្យជឿជាក់លើកូរ៉េខាងត្បូងក្នុងនាមជាដៃគូសន្តិសុខមួយ ក្នុងក្រសែភ្នែករបស់សហរដ្ឋអាមេរិក»។
«ក្តីបារម្ភនិងការខកចិត្តយ៉ាងខ្លាំង»
បណ្ដាមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក រួមមានរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo និងរដ្ឋមន្រ្តីការពារជាតិ លោក Mark Esper បានថ្លែងជាសាធារណៈដោយសង្ឃឹមថា កូរ៉េខាងត្បូងនឹងបន្តកិច្ចព្រមព្រៀងសាជាថ្មី ហើយប្រទេសជប៉ុនក៏គាំទ្រការបន្តកិច្ចព្រមព្រៀងសាជាថ្មីនេះដែរ។
កាលពីថ្ងៃទី២២ ខែសីហា លោករដ្ឋមន្រ្តី Pompeo បាននិយាយថា លោកមានការខកចិត្តលើការសម្រេចចិត្តរបស់កូរ៉េខាងត្បូង។ ក្រសួងការពារប្រទេសរបស់អាមេរិកក៏បានសម្ដែងការព្រួយបារម្ភបន្ថែមទៀតថា ខ្លួនក៏មានការព្រួយបារម្ភ និងខកចិត្តយ៉ាងខ្លាំង ដែលកូរ៉េខាងត្បូងបដិសេធបន្តកិច្ចព្រមព្រៀងនេះសាជាថ្មី។
អ្នកនាំពាក្យក្រសួងការពារប្រទេសរបស់អាមេរិក វរសេនីយ៍ទោ Dave Eastburn បាននិយាយថា៖ «យើងនឹងបន្តកិច្ចសហការសន្តិសុខនិងការពារប្រទេសលក្ខណៈទ្វេភាគីនិងត្រីភាគីជាមួយជប៉ុននិងកូរ៉េខាងត្បូង តាមតែអាចធ្វើទៅបាន»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ ខែសីហា ទីប្រឹក្សារងសន្តិសុខជាតិកូរ៉េខាងត្បូង បានទទូចឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលខ្លួនពិចារណាលើកិច្ចព្រមព្រៀងនេះ។
លោក Kim Hyun-chong បានថ្លែងថា៖ «រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនឹងប្រឹងប្រែងដើម្បីធានាថា ការសម្រេចចិត្តចុងក្រោយនឹងមិនធ្វើឲ្យសម្ព័ន្ធភាពសាធារណរដ្ឋកូរ៉េនិងសហរដ្ឋអាមេរិកចុះខ្សោយទេ ប៉ុន្តែនឹងលើកកម្ពស់សម្ព័ន្ធភាពនេះបន្ថែមទៀត ដើម្បីឲ្យវាកាន់តែរឹងមាំជាងមុន»។
ផ្ទុយទៅវិញ លោកបាននិយាយថា កូរ៉េខាងត្បូងនឹងប្រើប្រាស់បណ្តាញចែករំលែកព័ត៌មានលក្ខណៈត្រីភាគីឱ្យសកម្មដដែល ដោយមានសហរដ្ឋអាមេរិកដើរតួជាអ្នកសម្របសម្រួល។
តើអ្វីជា GSOMIA?
កិច្ចព្រមព្រៀងចែករំលែកព័ត៌មានស៊ើបការណ៍ទ្វេភាគី ដែលមានឈ្មោះពេញថា សន្តិសុខទូទៅនៃកិច្ចព្រមព្រៀងព័ត៌មានយោធា (the General Security of Military Information Agreement) ឬហៅកាត់ថា GSOMIA ធាតុពិតមិនតម្រូវឱ្យមានការចែករំលែកព័ត៌មានស៊ើបការណ៍រួមគ្នារវាងកូរ៉េខាងត្បូងនិងជប៉ុនឡើយ។
ផ្ទុយទៅវិញ ឯកសារកិច្ចព្រមព្រៀងជាភាសាអង់គ្លេសដែលមានប្រាំទំព័រនេះ គ្រាន់តែជាក្របខណ្ឌសម្រាប់ប្រើពេលដែលភាគីទាំងពីរសម្រេចចែករំលែកព័ត៌មានរសើបតែប៉ុណ្ណោះ ជាពិសេសអំពីនីតិវិធីនានា ដូចជាថាតើនរណាអាចចូលយកទិន្នន័យនិងត្រូវកម្ទេចទិន្នន័យនោះដោយវិធីណា។
មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេ ថាតើកូរ៉េខាងត្បូងនិងជប៉ុនបានចែករំលែកព័ត៌មានជាមួយគ្នាញឹកញាប់ប៉ុណ្ណា តាមរយៈកិច្ចព្រមព្រៀង GSOMIA នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះបានជួយបំពេញបន្ថែមចន្លោះប្រហោងព័ត៌មានឲ្យគ្នាទៅវិញទៅមក នៅពេលមានបញ្ហាប្រឈមរួមគ្នា តួយ៉ាងដូចជាបញ្ហាប្រទេសកូរ៉េខាងជើងជាដើម នេះបើយោងតាមក្រុមអ្នកវិភាគ៕
ប្រែសម្រួលដោយ កោះ សុគន្ធី