មន្ទីរ​ពេទ្យមួយ​​នៅ​កូរ៉េ​ផ្អាក​ប្រតិបត្តិ​ការ​ផ្នែក​មួយ​ចំនួន​ក្រោយ​ពី​រកឃើញ​ថា​មាន​ជម្ងឺ​ MERS

បុគ្គលិក​មជ្ឈមណ្ឌល​សុខភាព​សហគមន៍​កូរ៉េ​ខាង​ត្បូង​ពាក់​ម៉ាស​ ដើម្បី​បង្ការ​ការឆ្លង​ជម្ងឺ​ MERS រង់​ចាំ​ពិនិត្យ​សីតុណ្ហភាព​និង​សម្អាត​ដៃ​របស់​អ្នក​ត្រូវ​ត្រួត​ពិនិត្យ​នៅ​ក្នុង​កន្លែង​ពិនិត្យ​មួយ​សម្រាប់​អ្នក​បម្រើ​ការងារ​ស៊ីវិល។​

មន្ទីរពេទ្យ​មួយ​ក្នុង​បណ្តា​មន្ទីរពេទ្យ​ធំៗ​និង​ល្បី​ឈ្មោះ​ក្នុង​រដ្ឋធានី​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ផ្អាក​កិច្ចប្រតិបត្តិការ​ផ្នែក​ខ្លះ​ ​ក្រោយ​គេ​រក​ឃើញ​ថា​មាន​ការកើត​ជម្ងឺ​សរីរាង្គ​ដក​ដង្ហើម​មាន​ប្រភព​មក​ពី​ភូមិភាគ​មជ្ឈិម​បូព៌ា​ហៅ​កាត់​ថា​ជំងឺ​ MERS ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ។​

លោក Song Jae-hoon​ ប្រធាន​មន្ទីរពេទ្យ​ Samsung បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​មួយ​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​អាទិត្យនេះ​ថា​ មន្ទីរពេទ្យ​នេះ​នឹង​ផ្អាក​ការវះកាត់​គ្មាន​ភាព​បន្ទាន់​ ហើយ​មិន​ទទួល​ព្យាបាល​អ្នក​ជម្ងឺ​ថ្មីៗ​ទេ។​

លោក​បាន​និយាយ​ថា​ មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ក្នុង​មន្ទីរពេទ្យ​នេះ​ទេ​ ហើយ​លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា​ លោក​នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ថា​តើ​នឹង​បន្ត​ការផ្អាក​នេះ​ត​ទៅ​ទៀត​ឬ​បែប​ណា។​

ដំណឹង​នេះ​កើត​មាន​ឡើង​ នៅ​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា​មាន​អ្នក​ជម្ងឺ​ MERS ថ្មី​៧​នាក់​ទៀត​ ដោយ​មាន​អ្នក​ជម្ងឺ​៤​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ Samsung៕