កាលពីថ្ងៃច័ន្ទប្រទេសកូរ៉េខាងត្បូងបានឆ្លើយតបដោយប្រុងប្រយ័ត្នដល់ការអំពាវនាវកាលពីពេលថ្មីៗនេះរបស់លោក Kim Jong Un ឱ្យមានការកែលម្អទំនាក់ទំនងទ្វេភាគី។
នៅក្នុងសាររបស់លោកនៅថ្ងៃចូលឆ្នាំថ្មី មេដឹកនាំនៃប្រទេសកូរ៉េខាងជើងរូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង (Pyongyang) «នឹងខិតខំប្រឹងប្រែងខ្លាំងក្លា ដើម្បីអភិវឌ្ឍកិច្ចចរចាអន្តរកូរ៉េនិងកែលម្អទំនាក់ទំនងទ្វេភាគី។»
ជាការឆ្លើយតប លោក Jeong Joon-hee អ្នកនាំពាក្យនៃក្រសួងបង្រួបបង្រួមប្រទេសជាតិនៃរដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃច័ន្ទថា គ្មានផែនការជាបន្ទាន់ដើម្បីស្នើធ្វើកិច្ចចរចាថ្មីណាមួយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងទេ។
លោក Jeong បានឆ្លើយតបនឹងការរិះគន់ដ៏ខ្លាំងមួយដែលលោក Kim បានសំដៅចំពោះប្រទេសកូរ៉េខាងត្បូងនៅក្នុងសុន្ទរកថារបស់លោកនៅពេលមេដឹកនាំកូរ៉េខាងជើងរូបនេះបានហៅគោលដៅបង្រួបបង្រួមប្រទេសជាតិដោយសន្តិវិធីរបស់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ថាជាទម្រង់ក្លែងបន្លំមួយនៃ «ការប្តូររបបគ្រប់គ្រង»ក្នុងប្រទេសកូរ៉េខាងជើង។
លោក Jeong Joon-hee បាននិយាយថា «យើងសុំដល់កូរ៉េខាងជើងឱ្យប្រឈមនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតមូលដ្ឋានមួយនៃការបង្រួបបង្រួមប្រទេសជាតិដោយសន្តិវិធីនិងខិតខំប្រឹងប្រែងបង្កើតសម័យមួយនៃការបង្រួបបង្រួមប្រទេសជាតិជាថ្មីនៅលើឧបទ្វីបកូរ៉េតាមរយៈការទុកចិត្តគ្នារវាងប្រទេសកូរ៉េទាំងពីរ»៕