ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្អាក​ផ្តល់​ជំនួយ​ដោយសារ​ការ​សាកល្បង​នុយក្លេអ៊ែរ

ឡាន​ដឹក​ជំនួយ​ស្បៀងអាហារ​របស់​កូរ៉េ​ខាង​ត្បូង​រៀបចំ​ចាកចេញ​ពី​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទៅ​ក្រុង Kaesong របស់​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ផ្អាក​ផ្តល់​ជំនួយ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង និង​ដាក់កម្រិត​ទៅ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំង​២ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ដើម​សប្តាហ៍​នេះ។ ​

មន្រ្តី​ម្នាក់​នៃ​ក្រសួង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​នឹង​ផ្អាក​ផ្តល់​ជំនួយ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​បណ្តោះ​អាសន្ន និង​ដាក់​កម្រិត​ទៅ​លើ​ទំនាក់ទំនង​ឯកជន​ជាមួយ​នឹង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ដើម្បី​ផ្តោត​ទៅ​លើ​វិធានការ​ឆ្លើយតប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ មន្រ្តី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​បាន​ហៅ​ការ​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​លើក​ចុងក្រោយ​បង្អស់​នោះ​ ថា​ជា «វិធានការ​មរណៈ» ដែល​ផ្តល់​ផល​អាក្រក់​ដល់​សន្តិភាព​នៅ​ជ្រោយ​កូរ៉េ​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

មន្រ្តី​រូប​នោះ​បាន​បន្ត​ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក៏​នឹង​ដាក់​កម្រិត​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់​ឧស្សាហកម្ម​ Kaesong ដែល​មាន​ប្រជាជន​កូរ៉េ​ខាងជើង​ប្រមាណ​៥​ម៉ឺន​នាក់​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ចំនួន​ប្រមាណ​១២០​ ដែល​ជា​របស់ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង។

រដ្ឋាភិបាល​នឹងអនុញ្ញាត​ឲ្យ​តែ​ពាណិជ្ជករ ​និង​កម្មករ​កូរ៉េ​ខាង​ត្បូង​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​នៃ​រោងចក្រ​ទាំង​នេះ​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​អាច​ឆ្លង​ទៅ​កាន់​ព្រំប្រទល់​រវាង​ប្រទេស​កូរ៉េ​ទាំង​២​បាន​។ នេះ​បើ​យោង​តាម​មន្រ្តី​ដដែរ​នោះ។

មន្រ្តី​រូប​នោះ​បន្ថែម​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន។ នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ដាក់​កំហិត​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ។ កាល​ពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​លើក​ទី​៣៕