ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានស្នើឲ្យតុលាការសម្រេចចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូលោក Lee Myung-bak ពីបទចោទប្រព្រឹត្តអំពើពុករលួយ ដោយពួកគេជឿថា លោកអតីតប្រធានាធិបតីអាចនឹងបំផ្លាញភស្តុតាងពាក់ព័ន្ធនឹងករណីនេះ ប្រសិនបើតុលាការមិនចាប់ខ្លួនលោកនោះ។
បន្ទាប់ពីសាកសួរលោក Lee កាលពីសប្តាហ៍មុនអស់រយៈពេលជាច្រើនម៉ោងមក ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់លោកថាបានលួចប្រាក់រាប់លានដុល្លារពីទីភ្នាក់ងារចារកម្មជាតិ ពីអាជីវកម្មមួយចំនួន និងពីអតីតសមាជិកសភាម្នាក់។
តុលាការកំពូលទីក្រុងសេអ៊ូល អាចនឹងធ្វើការសម្រេចក្នុងសប្តាហ៍នេះ ថាតើត្រូវចេញដីកាចាប់ខ្លួនលោក Lee ឬយ៉ាងណានោះ។
ប្រសិនបើលោក Lee ដែលជាអ្នកអភិក្សនិយមនិងបានគ្រប់គ្រងប្រទេសពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ត្រូវចាប់ខ្លួននោះ លោកគឺជាមេដឹកនាំកូរ៉េខាងត្បូងទី៤ ដែលជាប់ចោទពីករណីពុករលួយនៅអំឡុងពេលកំពុងកាន់តំណែង ឬនៅអំឡុងពេលប៉ុន្មានឆ្នាំក្រោយ។ លោក Lee បានបដិសេធបទចោទទាំងនោះ ដោយលោកបានអះអាងថា ការចោទប្រកាន់ទាំងនេះគឺជាការសងសឹកនយោបាយប្រឆាំងនឹងរូបលោក ធ្វើឡើងដោយរដ្ឋាភិបាលសេរីនាពេលបច្ចុប្បន្នរបស់លោកប្រធានាធិបតី Moon Jae-in។
បណ្តាញផ្សាយព័ត៌មានកូរ៉េខាងត្បូងបានដកស្រង់សម្តីរបស់រដ្ឋអាជ្ញាជាន់ខ្ពស់ម្នាក់ ដោយបាននិយាយថា «ការចោទប្រកាន់នីមួយៗគឺជាបទល្មើសជាក់ស្តែងដែលតម្រូវឲ្យចាប់ខ្លួនជាផ្លូវការ។ ហើយប្រសិនបើគេមិនចាប់ខ្លួនលោកទេនោះ លោកនឹងមានឱកាសបំផ្លាញតស្តុតាងទាំងនោះចោល»។
បទចោទប្រឆាំងនឹងលោក Lee ក៏រួមបញ្ជូលករណីដែលបានអះអាងថាក្រុមហ៊ុន Samsung
បានសូកប៉ាន់សុំការលើកលែងទោសពីប្រធានាធិបតីកាលពីឆ្នាំ២០០៩ ឲ្យដោះលែងលោក
Lee Kun Hee អតីតប្រធានក្រុមហ៊ុន Samsung ដែលត្រូវបានចោទប្រកាន់ថាបានគេចវេសបង់ពន្ធ និងបានកាត់ទោសឲ្យជាប់ពន្ធនាគារ៕