ចាប់តាំងពីឡើងកាន់អំណាចនៅខែឧសភាមក លោកប្រធានាធិបតី Moon Jae-in នៃប្រទេសកូរ៉េខាងត្បូងបានព្យាយាមរក្សាតុល្យភាពរវាងការគាំទ្រការដាក់ទណ្ឌកម្ម និងព្យាយាមបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលកូរ៉េខាងជើងស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធីដល់វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលផ្លោងប្រតិបត្តិការមធ្យមរបស់កូរ៉េខាងជើងដែលបានហោះរំលងដែនអាកាសជប៉ុនកាលពីថ្ងៃអង្គារមក លោកប្រធានាធិបតី Moonបាននិយាយតាមទូរស័ព្ទជាមួយលោកShinzo Abeនាយករដ្ឋមន្ត្រីជប៉ុន។មេដឹកនាំទាំង២បានព្រមព្រៀងគ្នាថា ការដាក់គំនាបត្រូវតែបង្កើនរហូតដល់អតិបរមាលើកូរ៉េខាងជើងទាល់តែរដ្ឋាភិបាលក្រុងព្យុងយ៉ាងគ្មានជម្រើសហើយត្រឡប់មកកាន់ការចរចាវិញ។ នេះយោងតាមសេចក្តីថ្លែងការណ៍មកពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House កាលពីថ្ងៃពុធ។
លោក Park Su-Hyun អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា «លោកប្រធានាធិបតី Moon បានមានប្រសាសន៍ថា ការបាញ់បង្ហោះមីស៊ីលផ្លោងវង់ប្រតិបត្តិការមធ្យមរំលងដែនអាកាសរបស់ជប៉ុនមិនមែនជាការបង្កហេតុធម្មតាទេ ក៏ប៉ុន្តែ ជាសកម្មភាពហិង្សាលើប្រទេសជិតខាង»។
លោកក៏បានបញ្ជាឲ្យធ្វើសមយុទ្ធទម្លាក់គ្រាប់បែកដែលមានយន្តហោះចម្បាំងកាលពីថ្ងៃអង្គារសប្តាហ៍មុនដើម្បីបង្ហាញការកើនឡើងនូវការប្រុងប្រៀបខ្លួនរបស់កងទ័ពកូរ៉េខាងត្បូងដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីកូរ៉េខាងជើង។
ក៏ប៉ុន្តែ នៅថ្ងៃដែលកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលដែលជាការបង្កហេតុចុងក្រោយបំផុត លោក Cho Myoung-gyon រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានបញ្ជាក់ពីភាពចាំបាច់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងតាមរយៈកម្មវិធីជំនួយ និងការអភិវឌ្ឍដោយមិនគិតពីស្ថានភាពនយោបាយនិងយោធា។
លោករដ្ឋមន្ត្រី Cho និយាយទៀតថា «ជំនួយឧបត្ថម្ភដល់កូរ៉េខាងជើងជាកិច្ចសហ ប្រតិបត្តិការជួយគ្នាទៅវិញទៅមករវាងកូរ៉េទាំង២ ដែលរួមវិភាគទានដល់ការរួមរស់នៅជាមួយគ្នានិងសន្តិភាព សន្តិសុខដ៏ធំទូលាយមួយ និងអនាគតនៃឧបទ្វីបកូរ៉េ។ រដ្ឋាភិបាលនឹងបន្តពង្រីកការមូលមតិជាតិសម្រាប់គំនិតបែបនេះ»។
លោករដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាវាខ្មិនដ៏សំខាន់ម្នាក់កាលពីថ្ងៃអង្គារ ទី២៩ ខែសីហានៅឯសន្និសីទអន្តរជាតិនៅក្នុងទីក្រុងសេអ៊ូលដើម្បីបង្កើនជំនួយមនុស្សធម៌ និងការអភិវឌ្ឍដល់កូរ៉េខាងជើង។
មន្ត្រីអង្គការជំនួយនិងការអភិវឌ្ឍនៅឯសន្និសីទនោះបានផ្តល់អាទិភាពដល់ការបង្កើនជំនួយម្ហូបអាហារមនុស្សធម៌និងជំនួយខាងវេជ្ជសាស្ត្រដល់មនុស្សដែលកំពុងរស់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង រួមមានស្ត្រី និងកុមារ ហើយនិងមនុស្សភាគច្រើនដែលទំនងទទួលរងគ្រោះមកពីការបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងចំពោះការសាកល្បងកាំជ្រួចមីស៊ីល និងអាវុធនុយក្លេអ៊ែរ។លោក Choi Youngwan ជាអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ Gyonggi ក៏បាននិយាយសម្រាលពីការគំរាមកំហែងខាងសន្តិសុខដែលបណ្តាលមកពីការខំប្រឹងប្រែងរបស់កូរ៉េខាងជើងដើម្បីអភិវឌ្ឍន៍កាំជ្រួចមីស៊ីលវង់ប្រតិបត្តិការវែង។លោកនិយាយទៀតថា «រឿងស្មុគ្រស្មាញគឺថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានតែព្រូសមិនខាំ ហើយនិងមិនផ្តួចផ្តើមសង្គ្រាមនុយក្លេអ៊ែរអត្តឃាតប្រឆាំងនឹងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកនោះទេ»។ លោកនិយាយទៀតថា នៅពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលគីម ជុងអ៊ុន ទំនងជាមិនចុះចាញ់ទៅតាមការគៀបសង្កត់ទេ។
ពួកអ្នកគាំទ្រផ្តល់ជំនួយដល់កូរ៉េខាងជើងនិយាយថា ការបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូរជាយុទ្ធសាស្ត្រកាន់តែមានប្រសិទ្ធិភាពឡើងដល់ការកាត់បន្ថយការតានតឹង បញ្ចៀសជម្លោះហើយនិងធ្វើឲ្យមានបរិយាកាសខាងសន្តិសុខដែលត្រូវការនៅពេលនេះដើម្បីទាក់ទាញមេដឹកនាំកូរ៉េខាងជើងឲ្យចូលក្នុងការចរចាបំបាត់អាវុធនុយក្លេអ៊ែរ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មអន្តរជាតិនៅពេលបច្ចុប្បន្ននេះរឹតត្បិតមិនឲ្យកូរ៉េខាងត្បូងហើយនិងប្រទេសផ្សេងៗទៀតផ្តួចផ្តើមផ្តល់ជំនួយសេដ្ឋកិច្ចដ៏សំខាន់ហើយនិងរកស៊ីជាមួយកូរ៉េខាងជើងដែលអាចផ្តល់ប្រាក់ចំណូលដល់កម្មវិធីអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង៕
ប្រែសម្រួលដោយជឹង ប៉ូជីន