ក្នុងពេលប្រកាសសាលដីការបស់តុលាការធម្មនុញ្ញកាលពីខែមីនា ប្រធានតុលាការធម្មនុញ លោក Mogoeng Mogoeng និយាយថា លោកប្រធានាធិបតី Zuma បានរំលោភលើរដ្ឋធម្មនុញ្ញ នៅពេលលោកមិនខ្វល់ពីការបង្គាប់របស់ស្ថាប័ន «អ្នកការពារសាធារណជន» ដែលបានតម្រូវឲ្យលោកបង់ប្រាក់ខ្លះមកវិញ ដែលប្រាក់នោះត្រូវបានប្រើសម្រាប់សាងសង់បរិក្ខារដែលមិនចាំបាច់ផ្នែកសុវត្ថិភាពនៅឯផ្ទះឯកជនរបស់លោក។
លោក Mogoeng ថ្លែងថា៖ «ការខកខានរបស់លោកប្រធានាធិបតីមិនបានអនុវត្តតាមការបង្គាប់ទៅរូបលោកដោយស្ថាប័ន «អ្នកការពារសាធារណជន» ដូចមានចែងក្នុងរបាយការណ៍របស់ស្ថាប័ននេះចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ មិនមានភាពស៊ីសង្វាក់ជាមួយមាត្រា៨៣ (ខ) នៃច្បាប់រដ្ឋធម្មនុញ្ញ ហើយវាមិនមានសុពលភាពនោះទេ»។
តុលាការបានទុកពេលឲ្យរតនាគារជាតិរយៈពេល៦០ថ្ងៃ ដើម្បីកំណត់ថាតើលោក Zuma គួរត្រូវសងសំណងប៉ុន្មាន។ លោក Mogoeng និយាយថា នៅពេលណាតុលាការទទួលបានរបាយការណ៍រតនាគារភ្លាម លោក Zuma ត្រូវតែបង់ប្រាក់ជាដាច់ខាត។
«លោកប្រធានាធិបតីត្រូវតែចេញសងដោយខ្លួនឯងនូវចំនួនទឹកប្រាក់ដែលកំណត់ដោយរតនាគារជាតិ ក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខាលើរបាយការណ៍ទទួលយល់ព្រមនេះ»។
តុលាការក៏បានប្រើពាក្យធ្ងន់ៗទៅលើសភាជាតិ ដោយសារតែគណបក្សសភាជាតិអាហ្រ្វិក ឬ African National Congress ដែលជាគណបក្សកាន់អំណាចត្រូវបានទទួលការចោទប្រកាន់ថា បានការពារលោក Zuma មិនឲ្យបង់ប្រាក់នេះត្រឡប់មកវិញ។
លោក Mogoeng បានបន្ថែមថា «សេចក្តីសម្រេចបានអនុម័តឡើងដោយសភាជាតិដែលបានលើកលែងលោកប្រធានាធិបតីពីភារកិច្ចទទួលខុសត្រូវក្នុងការសងប្រាក់ត្រឡប់មកវិញដែលតម្រូវឲ្យធ្វើដោយស្ថាប័ន «អ្នកការពារសាធារណជន» មិនមានសុពលភាពទេ ហើយត្រូវបានចាត់ទុកជាមោឃៈ»។
គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ និងគណបក្សអ្នកប្រយុទ្ធដើម្បីសេរីភាពសេដ្ឋកិច្ច បានប្តេជ្ញាប្តឹងលោក Zuma និងដកលោកចេញពីតំណែង ដោយសារតែការរំលោភលើរដ្ឋធម្មនុញ្ញនេះ។
ទាំងគណបក្សសភាជាតិអាហ្រ្វិក និងលោកប្រធានាធិបតី Zuma បានចេញសេចក្តីថ្លែងការស្វាគមន៍សាលដីការបស់តុលាការ ដោយនិយាយថា ពួកគេគោរពតាមសាលដីកានោះ។
អ្នកវិភាគនយោបាយលោក Levy Ndou និយាយថា វាសនារបស់លោក Zuma ស្ថិតនៅក្នុងកណ្តាប់ដៃរបស់មតិភាគច្រើននៃគណបក្សសភាជាតិអាហ្រ្វិកនៅក្នុងរដ្ឋសភា។
«ប្រសិនបើពួកគេប្រកាសយ៉ាងច្បាស់ថា ប្រធានាធិបតីរបស់ប្រទេសនេះបានរំលោភលើពាក្យសម្បថដែលលោកបានស្បថពេលចូលកាន់តំណែងនោះ វានឹងផ្តល់ហេតុផលគ្រប់គ្រាន់ឲ្យរដ្ឋសភាបន្តទៅបោះឆ្នោតដកសេចក្តីទុកចិត្តពីប្រធានាធិបតី»។
សាលដីកានេះបានបង្កើតឲ្យមានបញ្ហាកាន់តែច្រើនសម្រាប់ប្រធានាធិបតីដែលកំពុងមានបញ្ហាស្រាប់។ កងប៉ូលិសជាន់ខ្ពស់របស់ប្រទេសនេះក៏កំពុងតែស៊ើបអង្កេតលើកូនប្រុសរបស់លោក Zuma ផងដែរ ដោយចោទ ប្រកាន់ថា បានជួយក្រុមគ្រួសារអ្នកជំនួញមានទ្រព្យធន Gupta ឲ្យមានឥទ្ធិពលលើការតែងតាំងរដ្ឋមន្ត្រីមួយចំនួន។
ការស៊ើបអង្កេតត្រូវបានធ្វើឡើងក្រោយពេលមានការអះអាងដោយមន្ត្រីរដ្ឋាភិបាលខ្លះថា មនុស្សដែលមានជាប់ពាក់ព័ន្ធទៅនឹងភាគហ៊ុនជំនួញដ៏ធំរបស់អ្នកជំនួញគ្រួសារ Gupta បានផ្តល់នូវតំណែងរដ្ឋមន្ត្រីដល់ពួកគេ។ គណបក្ស ANC ដែលកំពុងកាន់អំណាចក៏កំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះផងដែរ ដែលអ្នកក្រុមអ្នកវិភាគនិយាយថា ការណ៍នេះអាចនឹងធ្វើឲ្យមានការប៉ះពាល់កាន់តែខ្លាំងទៅលើមុខតំណែងរបស់ប្រធានាធិបតី Zuma៕
ប្រែសម្រួលដោយ នៀម ឆេង