ការដេញថ្លៃកុយរមាសតាមប្រព័ន្ធអ៊ីនធឺណិតដែលមានរយៈពេលបីថ្ងៃ គឺជាការដេញថ្លៃដំបូងបំផុតនៅប្រទេសអាហ្វ្រិកខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានហាមឃាត់ការជួញដូរកុយរមាសនៅក្នុងប្រទេសកាលពីឆ្នាំ ២០០៩ មក។
កុយរមាសរាប់រយដែលមានទម្ងន់ ៥ រយគីឡូក្រាមត្រូវបានគេដាក់លក់។ អ្នកបង្កាត់ពូជសត្វរមាសនេះបានប្រាប់ VOA ថា សត្វរមាសត្រូវបានគេដាក់ថ្នាំសន្លប់មុននឹងកាត់យកកុយរបស់វា។ អ្នកដែលដេញថ្លៃកុយរមាសនេះ តម្រូវឲ្យតម្កល់ទឹកប្រាក់ចំនួន ៧ ពាន់ដុល្លារអាមេរិក ដើម្បីអាចចូលរួមក្នុងការដេញថ្លៃនេះបាន។
ក្រុមសកម្មជនបរិស្ថានមានប្រតិកម្មទាំងខឹងសម្បាចំពោះការដាក់ឲ្យដេញថ្លៃកុយរមាសនេះ។ លោក Joe Shaw គឺជាអ្នកគ្រប់គ្រងកម្មវិធីសត្វរមាសនៅអង្គការមូលនិធិសត្វព្រៃពិភពលោកដែលហៅកាត់ថា WWF។
លោកបាននិយាយថា៖ «តាងនាមឲ្យអង្គការ WWF យើងមានការព្រួយបារម្ភថា ការដេញថ្លៃកុយរមាសតាមប្រព័ន្ធអ៊ីនធឺណិតនឹងនៅតែបន្តធ្វើ ទោះបីជាមានការអំពាវនាវពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសក៏ដោយ។ យើងស្នើឲ្យមានការហាមឃាត់ជាបណ្ដោះអាសន្នឡើងវិញចំពោះការជួញដូរកុយរមាសនៅក្នុងប្រទេស យ៉ាងហោចណាស់រហូតទាល់តែមានវិធានការត្រួតពិនិត្យចាំបាច់នានា ដែលកំណត់ដោយគណៈកម្មការស៊ើបអង្កេតលើពាណិជ្ជកម្មអន្តរជាតិត្រូវបានបង្កើតឡើង»។
ប៉ុន្តែសម្រាប់លោក John Hume ដែលជាអ្នកបង្កាត់ពូជសត្វរមាសយកកុយលក់ បានអះអាងថា ការហាមឃាត់ការជួញដូរក្នុងប្រទេសទាំងស្រុង មានឥទ្ធិពលតិចតួចប៉ុណ្ណោះ។
សត្វរមាសដែលនៅសេសសល់ក្នុងពិភពលោកចំនួន ៨០ ភាគរយ រស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ប៉ុន្តែបើយោងតាមស្ថិតិរបស់រដ្ឋាភិបាល ប្រទេសនេះបាត់បង់សត្វរមាសរបស់ខ្លួនដោយសារអ្នកបរបាញ់ខុសច្បាប់ស្រេកឃ្លានក្នុងការជួញដូរកុយរមាសទៅកាន់បណ្ដាប្រទេសនានានៅក្នុងទ្វីបអាស៊ី ដែលនៅទីនោះ កុយរមាសត្រូវបានគេជឿថាអាចជួយព្យាបាលជំងឺច្រើនប្រភេទ ទោះបីជាមិនមានការរកឃើញបែបវិទ្យាសាស្ត្រក៏ដោយ។
លោក John Hume និយាយថា ថវិកាដែលទទួលបានពីការលក់កុយរមាសទាំង ២៦៤ នៅក្នុងការដេញថ្លៃតាមប្រព័ន្ធអ៊ីនធឺណិត នឹងអាចជួយសម្រួលដល់ការចំណាយចំនួន ១ សែន ៧ ម៉ឺនដុល្លារអាមេរិក ដែលលោកបានចំណាយជារៀងរាល់ខែដើម្បីការពារសត្វរមាសទាំងអស់ដែលលោកចិញ្ចឹម។
លោកបានបញ្ជាក់ថា៖ «បើសិនជាខ្ញុំមិនលក់កុយរមាសទេ សត្វរមាសចំនួន ១ ពាន់ ៥៣៥ ក្បាលរបស់ខ្ញុំនឹងងាប់អស់ក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខនេះ»។
លោក John Hume ទទួលបានជ័យជំនះនៅក្នុងការតវ៉ាប្រឆាំងនឹងបម្រាមជួញដូរកុយរមាសក្នុងប្រទេសនៅក្នុងតុលាការកាលពីឆ្នាំ ២០១៥។ កាលពីខែមេសាកន្លងទៅនេះ សភាបានអនុម័តច្បាប់ថ្មីមួយ បន្ទាប់ពីតុលាការបានអនុញ្ញាតឲ្យមានការជួញដូរកុយរមាសក្នុងកម្រិតមួយ។ លោក John Hume បានទៅតុលាការម្ដងទៀតកាលពីដើមខែសីហាកន្លងទៅនេះ ដើម្បីតតាំងឲ្យក្រសួងកិច្ចការបរិស្ថានចេញលិខិតអនុញ្ញាតឲ្យលោកអាចដាក់ដេញថ្លៃកុយរមាសរបស់លោកបាន។
អតិថិជនដែលចូលរួមនៅក្នុងការដេញថ្លៃតាមប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវតែយល់ស្របថា កុយរមាសទាំងនោះនឹងនៅតែស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដដែល បន្ទាប់ពីពួកគេបានទិញហើយ។
ប៉ុន្តែ លោក Joe Shaw នៃអង្គការ WWF និងសកម្មជនការពារសិទ្ធិសត្វនានា បានអះអាងថា រដ្ឋាភិបាលមិនអាចធានាថា ស្នែងរមាសដែលបានលក់ហើយនោះនឹងមិនទៅដល់ប្រទេសចិន ឬក៏វៀតណាមនោះទេ ដែលនៅទីនោះ កុយរមាសមួយគីឡូក្រាមអាចមានតម្លៃរហូតដល់ ៦ ម៉ឺនដុល្លារអាមេរិកក្នុងទីផ្សារងងឹត។
លោក Joe Shaw បាននិយាយថា៖ «យើងមានការព្រួយបារម្ភអំពីសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មស្របច្បាប់នេះ បន្ថែមពីលើការប្រឈមផ្សេងៗទៀតទាក់ទិនទៅនឹងការបរបាញ់និងការជួញដូរកុយរមាសខុសច្បាប់ ក៏ដូចជាហានិភ័យដែលអាចកើតមានឡើងចំពោះចំនួនសត្វរមាសរបស់យើង បើសិនជាការជួញដូរកុយរមាសធ្វើឡើងតាមបណ្ដាញទាំងនេះ»។
ការជួញដូរកុយរមាសឆ្លងប្រទេស ត្រូវបានហាមឃាត់តាំងពីឆ្នាំ ១៩៧៧ មកម្ល៉េះ៕
ប្រែសម្រួលដោយ ទុំ ម្លិះ