អាហ្វ្រិក​ខាងត្បូង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដែល​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត ដល់​បុគ្គលិក​សុខាភិបាល

រូបឯកសារ៖ បុរសម្នាក់ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យ Baragwanath ក្នុងទីក្រុង Soweto អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០១។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩ ​ដែល​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ឡើយ ដល់​បុគ្គលិក​សុខាភិបាល​ជួរ​មុខ​របស់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ ​ដើម្បីឲ្យ​ដឹង​ថា​ តើ​វ៉ាក់សាំង​ដែលផលិត​ដោយ​ក្រុម​ហ៊ុន​ឱសថ​ Johnson & Johnson​ អាច​ផ្តល់​ការ​បង្ការ​វីរុស​កូរ៉ូណា​ទម្រង់​ថ្មី ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំងក្លា​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ ឬ​មួយ​ក៏​យ៉ាង​ណា​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​លោក ​Zweli Mkhize បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ពេល​នេះ ​បាន​បោះបង់​ចោល​ផែនការ​របស់​ខ្លួន ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ឱសថ AstraZeneca​ និង​សាកលវិទ្យាល័យ Oxford ហើយ​ ដោយសារ​តែ​បារម្ភ​ថា​វ៉ាក់សាំង​នេះ​មិន​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ទម្រង់​ថ្មី N501Y ក្នុង​ករណី​ឈឺកម្រិត​តិចតួច​ ទៅករណី​ឈឺ​កម្រិត​មធ្យម​នោះ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេសអាហ្រ្វិក​ខាងត្បូង​ នឹង​បន្ត​ត្រួត​ពិនិត្យ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន AstraZeneca និង​ផ្តល់​យោបល់​ថា ​តើ​គួរ​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្តូរ​វ៉ាក់សាំង​នេះ ​មុន​ពេល​ដែល​វា​ត្រូវ​ផុតកំណត់​ការ​ប្រើ​ប្រាស់​ ឬ​មួយ​ក៏​យ៉ាង​ណា​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​ AP​ រាយ​ការណ៍​ដោយ​ដក​ស្រង់​សម្តី​របស់រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក Mkhize ដែល​បាន​ថ្លែង​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រទេស​ជាតិ​ទាំង​មូល​ថា ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុម​ហ៊ុន Johnson &Johnson ដែល​តម្រូវ​ឲ្យ​ចាក់​តែមួយ​ដូស​នោះ ​មាន​សុវត្ថិភាព​ដោយ​ផ្អែក​ទៅ​លើ​ការ​ធ្វើ​តេស្ត​ទៅ​លើ​អ្នក​ទទួល​វ៉ាក់សាំង​នេះ​ចំនួន ​៤ ម៉ឺន​ ៤ ​ពាន់​នាក់​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុងតំបន់​អាមេរិក​ឡាទីន។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ របស់​ក្រុម​ហ៊ុន Johnson & Johnson នេះ នៅ​មិន​ទាន់​ទទួល​បាន​ការ​យល់​ព្រម​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ប្រទេស​ណា​មួយ​នៅ​ឡើយ​ទេ។ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​របស់​ខ្លួន​ សម្រាប់​គ្រា​បន្ទាន់​នៅ​ក្នុង​សហរដ្ឋ​អាមេរិកកាល​ពី​សប្តាហ៍​មុន៕