កម្ពុជា​និង​កូរ៉េខាងត្បូង​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA

រូបឯកសារ៖ លោក Moon Jae-in (ឆ្វេង) ប្រធានាធិបតីកូរ៉េខាងត្បូង និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូលរួម​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

កាលពី​ថ្ងៃចន្ទ​ ​រដ្ឋាភិបាល​កម្ពុជា​និង​កូរ៉េខាង​ត្បូង​បាន​ចាប់ផ្តើម​គម្រោង​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​មួយ ដើម្បី​ពិនិត្យ​មើល​លើ​លទ្ធភាព​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ឬ Free Trade Agreement (FTA) រវាង​ប្រទេស​ទាំងពីរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​កូរ៉េ​ខាង​ត្បូង KBS

លោកស្រី Yoo Myung-hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ប្រកាស​គម្រោង​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​នេះ នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្តី​ទី​ទំនាក់​ទំនង​រវាង​កូរ៉េខាងត្បូង​និង​អាស៊ាន​លើក​ទី៣០ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង Busan នៃកូរ៉េខាងត្បូង រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​២៥ ដល់​២៦ ខែ​វិច្ឆិកា​នេះ។

សន្ទុះ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​មាន​សក្តានុពល​ខ្ពស់ ដោយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បន្ត​ស្ថិត​ក្នុង​អត្រា ៧ភាគរយ​ សម្រាប់​ឆ្នាំ​២០១៩ នេះ​បើ​យោង​តាម​ធនាគារ​ពិភព​លោក។ ធនាគារ​ពិភពលោក បាន​កត់​សម្គាល់​ថា គោល​នយោបាយ​ស្តី​ពី​ការ​បណ្តាក់​ទុន និង​ធ្វើ​ពាណិជ្ជកម្ម​បែប​សេរី​របស់​កម្ពុជា បាន​ទាក់ទាញ​លំហូរ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​ ឬ​ Foreign Direct Investment (FDI) ជា​បន្តបន្ទាប់ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០១៨។ ​

កូរ៉េខាង​ត្បូង ជាប់​ក្នុង​លេខ​រៀង​ទី៥​ បន្ទាប់​ពី​ជប៉ុន ក្នុង​ចំណោម​ប្រទេស​ចំនួន​១០ ដែល​បាន​វិនិយោគ​ទុន​ផ្ទាល់​ច្រើន​បំផុត​នៅ​កម្ពុជា ដែល​ទឹក​ប្រាក់​នៃ​ការ​វិនិយោគទុន​របស់​ប្រទេស​មួយ​នេះ​ស្មើ​នឹង ៦.៥ភាគរយ​នៃ​ចំនួន​ទឹកប្រាក់សរុប​ប្រមាណ ២,៥៤៨ លាន​ដុល្លារ​អាមេរិក​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស គិត​ត្រឹម​ឆ្នាំ​២០១៧។

ការ​ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​លើ​លទ្ធភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​តំបន់​ ក៏​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ហៅកាត់ថា EBA ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ចំណូល​យ៉ាង​ហោច​ណាស់ ៦០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​បាន​ពី​ការ​នាំ​ចេញ​ភាគច្រើន​នៃ​ផលិតផល​ក្នុង​ស្រុក​របស់​កម្ពុជា​ទៅ​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ដោយ​មិន​បាច់​បង់​ពន្ធ៕