ម្ចាស់​ក្រុមហ៊ុន​ស៊ូជីង​ថា«អយុត្តិធម៌» រឿង​ដក​ហូត​ដី​អភិវឌ្ឍ​ផែ​ទេស​ចរណ៍​នៅ​ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​នឹង​បំណុល​ពន្ធ

ទូក​ដឹក​អ្នក​ទេសចរ​ក្នុង​តំបន់​ចុង​ឃ្នៀស ខេត្ត​សៀមរាប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ផែ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ស៊ូជីង ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០២១។ (រូបថត​ផ្តល់​ឲ្យ​ដោយ សូ រ៉ូសា)

បញ្ហា​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន សម្រេច​លុប​ចោល​គម្រោង​វិនិយោគ​ជា​ផែ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ក្រុម​ហ៊ុន​ស៊ូ ជីង​(Sou Jing)​នៅ​តំបន់​ទន្លេ​សាបចុង​ឃ្នៀស ខេត្ត​សៀម​រាប។

ប៉ុន្តែ​ម្ចាស់​ក្រុម​ហ៊ុន​បាន​អះអាង​ថា​ក្រុម​ហ៊ុន​មិន​ដែល​ជំពាក់​ពន្ធ​នោះ​ទេ ហើយ​ក្រុមហ៊ុន​មាន​ថវិកា​បង់​ពន្ធ​ដល់​រដ្ឋ។

សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​របស់​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី តាម​ចំណារ​របស់​នាយក​រដ្ឋមន្រ្តី ហើយ​វីអូអេ​ទើប​ទទួល​បាន ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ​ទេស​ចរណ៍ ចុង​ឃ្នៀស​របស់​ក្រុម​ហ៊ុន ស៊ូ ជីង ហើយ​សម្រេចដក​ហូត​ទីតាំង​វិនិយោគ​ទាំង​ស្រុង​របស់​ក្រុម​ហ៊ុន​នេះ ដោយ​ផ្តល់​ដល់​រដ្ឋបាល​ខេត្ត​សៀម​រាប និង​គ្រឹះ​ស្ថាន​អង្គរ គ្រប់​គ្រង​ជា​បណ្ដោះ​អាសន្ន។ ការ​សម្រេច​របស់​នាយក​រដ្ឋមន្រ្តី​ធ្វើ​ឡើង ក្រោយ​មាន​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

លិខិត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋលេខាធិការ​ប្រចាំ​ការ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី លោក ហ៊ីង ថូរ៉ាក់ស៊ី មិន​បាន​បញ្ជាក់​មូល​ហេតុ​ចំ​ៗ​នៃ​ការ​លុប​ចោល​គម្រោង​អភិវឌ្ឍ​ដែល​លេច​ចេញ​ជា​រូប​រាង​នេះ​ទេ។

លិខិត​នោះ​ឲ្យ​ដឹង​ថា​៖ «​រាល់​ទ្រព្យ​សម្បត្តិ និង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា នៅ​ទីតាំង​វិនិយោគ​ស្ថិត​នៅ​តំបន់​ចុង​ឃ្នៀស សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ត្រូវ​បាន​ចាត់​ទុក​ជា​សម្បត្តិរដ្ឋ»។ រដ្ឋាភិបាល​ក៏​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​អន្ដរក្រសួង​មួយ ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​មាន​ការ​ចូលរួម​ពី​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ «ដើម្បី​ត្រៀម​ដោះ​ស្រាយ​សំណង​ទូទាត់​របស់​គម្រោងវិនិ​យោគ»​របស់​ក្រុម​ហ៊ុន ដោយ​ឈរ​លើ​គោល​ការ​ណ៍​«យុត្តិធម៌ សមធម៌ និង​គណនេយ្យភាព ជាមួយ​នឹង​ការ​ទូទាត់​បំណុល​ពន្ធ​របស់​ក្រុម​ហ៊ុន»។

លោក វ៉ា ឈូដា ម្ចាស់​ក្រុម​ហ៊ុន​ស៊ូជីង បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ក្រុម​ហ៊ុន​របស់​លោក​មិន​ដែល​ជំពាក់​ពន្ធ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​លោក​តវ៉ា​នឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ លោក​បន្ថែម​ថា​កាល​ពី​កន្លង​ទៅ ក្រសួង​សេដ្ឋកិច្ចមិន​បាន​ចេញ​សៀវ​ភៅ​បន្ទុក​តាម​ការ​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​របស់​ក្រុមហ៊ុន ដើម្បី​ឲ្យ​លោក​អាច​អនុវត្ត​កិច្ច​សន្យា​ជាមួយ​សាលា​ខេត្ត​សៀម​រាប​ក្នុង​ការ​ប្រមូល​សេវា​កំពង់​ផែ ដែល​រក​ចំណូល​បាន​ពី​វិស័យ​ទេស​ចរណ៍​ជិះ​ទូក​កម្សាន្ត​តាម​ទន្លេ​សាប។

លោក​បញ្ជាក់​ថា​៖ «រហូត​មក​ដល់​ថ្ងៃ​ហ្នឹង អត់​ទាន់​ចេញ​ឲ្យ​ខ្ញុំ​ទេ អញ្ចឹង​ខ្ញុំ​អត់ដែល​បាន​ប្រមូល​សេវា​កំពង់​ផែ​ទេ»។

លោក វ៉ា ឈូដា បន្ថែម​ថា​បើ​តាម​ការ​គណនា​របស់​អាជ្ញាធរ​ពន្ធដារ ក្រុមហ៊ុន​របស់​លោក​ត្រូវ​បង់​ពន្ធ​ជាង​១លាន​ដុល្លារ​អាមេរិក។

លោក​ថ្លែង​ថា​៖ «អគ្គ​សវនករ​ពន្ធដារ​ហ្នឹង មក​វាយ​ជា​ឯកតោ​ភាគី​ វាយ​ប៉ិប ខ្ញុំ​ជំពាក់​លុយ​ពន្ធដារ​មក ហើយ​ខ្ញុំ​ខំ​បំភ្លឺ​ម៉េច ក៏​មិន​ស្តាប់​ដែរ​។ ប្រហែល​ជា​ខ្ទង់​មួយ​លាន​ជាង​ហ្នឹង។ ហើយ​គ្រាន់​តែ​គម្រោង​ខ្ញុំ​៦៩លាន[ដុល្លារ]ឯ​ណោះ។ គ្រាន់​តែ​ទិញ​ដី​២លាន​ជាង រឿង​អី​១​លាន​ជាង​ខ្ញុំ​មិន​បង់។ ឲ្យ​តែ​ត្រឹម​ត្រូវ ខ្ញុំ​បង់​ហ្មង។ នរណា​គេ​សុទ្ធ​ចិត្ត​ឲ្យ​សម្តេច​នាយក[រដ្ឋមន្រ្តី] លុប​ចោល»។

លោក វ៉ា ឈូដា ដែល​ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវែសន៍​ផង​នោះ បាន​ឲ្យ​ដឹង​ថា​លោក​បាន​ទិញ​ដី​ពី​ប្រជា​ពលរដ្ឋ​កាល​ពី​ពេល​កន្លង​ទៅ ដែល​សរុប​ប្រមាណ​៧៤​ហិកតា ដើម្បី​អភិវឌ្ឍ​តំបន់​ទេស​ចរណ៍​កំពង់​ផែ ប៉ុន្តែ​លោករង់​ចាំ​ការ​ធ្វើ​អនុ​បយោគ​ដី​ឯក​ជន​របស់​រដ្ឋ​សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ​ពី​រដ្ឋាភិបាល ដែល​មិន​ទាន់​មាន​ការ​ផ្តល់​ឲ្យ រហូត​មកដល់​ពេល​នេះ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​តវ៉ា​យ៉ាង​ម៉េច បើ​សម្តេច​នាយក​គាត់​បិទ​ហើយ​ហ្នឹង។ ប៉ុន្តែ​សោក​ស្តាយ​ដែរខាង​ក្រសួង​ហិរញ្ញវត្ថុ មក​ប្រជុំ អត់​ហៅ​ខ្ញុំ​ទៅ​បំភ្លឺ។ ចេះ​តែ​ចោទ​មក​លើ​ខ្ញុំ​សម្រេច​តែ​ចិត្ត។ និយាយ​ចំ​ទៅ ឲ្យ​តែ​មាន​រឿង​អី​ក្រុមហ៊ុន​ខុស​ទាំង​អស់​»។

លោក វ៉ា ឈូដា ធ្លាប់​មាន​គោរម្យ​ងារ​ជា​ឧកញ៉ា ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​គោរម្យ​ងារ​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​កាល​នោះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ស្នើ​ឲ្យ​ឧកញ៉ា​ដែល​មាន​តំណែង​ជា​យោធា គួរ​ជ្រើស​រើស​យក​តែ​មួយ​បាន​ហើយ។

វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក មាស សុខ​សេន​សាន​ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញវត្ថុ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

កាល​ពី​ខែកុម្ភ: ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​សៀម​រាប បាន​បើក​កិច្ច​ប្រជុំ​មួយ​ពិភាក្សា​លើ​គម្រោង​វិនិ​យោគ​សាង​សង់​កំពង់​ផែ​ទេស​ចរណ៍​របស់​ក្រុមហ៊ុន​ស៊ូ​ ជីង​ ដែល​ដឹកនាំ​ដោយ​លោក ឈន សុភាព រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​មាន​សមាស​ភាព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ អគ្គ​នាយក​ដ្ឋាន​គ្រប់​គ្រង​ទ្រព្យ​រដ្ឋ និង​ចំណូល​មិន​មែន​សារពើ​ពន្ធ និង​តំណាងពន្ធដារ​សាខា​ខេត្ត​សៀម​រាប​ជា​ដើម។

លោក លី សំរិទ្ធ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថាពិត​ជា​មាន​ការ​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ និង​ដក​ហូត​ដី ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​ការ​លុប​ចោល​នេះ ដោយ​សារ​ពាក់​ព័ន្ធនឹង​ក្រុម​ហ៊ុន​មិន​បាន​បង់​ពន្ធ។

លោក​ថ្លែង​ថា៖ «បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ពន្ធ​ ជំពាក់​ពន្ធ ជំពាក់​អី»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​បង្វែរ​សំណួរ​នេះ​ទៅ​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី លោក ឯក ថា។ ប៉ុន្តែ​លោក​ ឯក ថា មាន​ប្រសាសន៍​ថា​លោក​មិន​មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ករណី​នេះ​ទេ។ លោក​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​លោក ផៃ ស៊ីផាន វិញ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ ស្រប​តាម​ច្បាប់ លើ​ការ​លុប​ចោល​គម្រោង​វិនិ​យោគ​នេះ ដើម្បី​ធានា​បរិយាកាស​វិនិយោគ​ក្នុង​ប្រទេ​ស កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​អ្នក​វិនិយោគ។ លោក​បន្ថែម​ការ​ស៊ើបអង្កេត ដោយ​ឆ្លង​កាត់​ប្រព័ន្ធ​ច្បាប់​ត្រឹម​ត្រូវ និង​ចៀស​វាង​ការ​បំពាន​អំណាច គឺ​ជាចំណុច​សំខាន់​នៃ​ទំនាស់​ក្នុង​រឿង​មិន​បង់​ពន្ធ​ជូន​រដ្ឋ​នេះ។

លោក​បញ្ជាក់​ថា៖ «ការ​បិទ​អាជ្ញា​បណ្ណ បើសិន​ជា​មិន​មាន​តម្លាភាព​ ហើយ​មិន​ធានា​យុត្តិធម៌​ទេ បញ្ហា​នេះ​អាច​ប៉ះពាល់​ធំធេង​ទៅ​ដល់​បរិយាកាស ហើយ​និង​ជំនឿ​ចិត្ត​នៃ​ការ​វិនិយោគ ព្រោះ​អី​អ្នក​វិនិយោគ គាត់​ចាប់​ផ្តើម​ខ្លាច។ ខ្លាច​ថាគាត់​ដាក់​ទុន​ច្រើន​ដល់​សិប ឬ​ក៏​រយ​លាន​ ហើយ​សុខៗ​ ស្រាប់​តែ​គេ​បិទ​អញ្ចឹង ដោយ​មិន​មាន​ការ​ពន្យល់​ ឬ​ឆ្លង​កាត់​ប្រព័ន្ធ យុត្តិធម៌ច្បាស់​លាស់»។

លោក សួស ណារិន មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា​កាល​ពី​ឆ្នាំ​២០០៧ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​រឿង​អភិវឌ្ឍ​ប៉ះពាល់​ដី​ស្រែ​របស់​ពួក​គេ។ លោក​មើល​ទៅក្រុម​ហ៊ុន​ក៏​បាន​ធ្លាក់​ចុះ​ចំណូល ដោយ​សារ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​កូវីដ​១៩ មិន​មាន​ភ្ញៀវ​ទិញ​សំបុត្រ​ជិះ​ទូក និង​ចូល​លេង​កម្សាន្ត។ លោក​បញ្ជាក់​ថា​ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ច្រើន​លើ​ការ​អភិ​វឌ្ឍ​នៅ​តំបន់​នោះ។

លោក​ថ្លែង​ថា៖ «សំណង់​គាត់​ចំណាយ​លុយ​ច្រើន​ណាស់ មិន​មែន​តិច​ទេ។ អញ្ចឹង​បាន​ខ្ញុំ​មើល​ឃើញ​ទៅ​ ខ្ញុំ​ថា​អូ តើ​ម្ចាស់​ក្រុមហ៊ុន​ហ្នឹង គេ​ព្រម​ទេ គេ​មាន​ប្រតិកម្ម​ទេ?»

ចំណែក​លោក ខាត់ សុធា អាយុ​២៩​ឆ្នាំ ជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​តំបន់ចុង​ឃ្នៀស អះ​អាង​ថា​ក្រុមហ៊ុន​បាន​ពង្រីក​ផ្លូវ និង​ស្ថាបនា​ផ្លូវ​ក្នុង​តំបន់​នោះ កុំ​ឲ្យ​លិច​ទឹក​នៅ​រដូវ​វស្សា។ លោក​បន្ថែម​ថា​ប្រជាជន​នៅ​ទី​នោះ ក៏​មាន​ការងារ​ធ្វើ​នៅក្រុម​ហ៊ុន និង​ការ​រក​ប្រាក់​ចំណូល​បាន​ខ្លះ​ពី​ភ្ញៀវ​ទេស​ចរ​ទាំង​ខ្មែរ​និង​បរ​ទេស​។ កាល​ពី​មុន​វិបត្តិ​ជំងឺ​កូវីដ​១៩ លោក​ក៏​រក​បាន​ចំណូល​មួយ​ចំនួន​ពី​ការ​បើក​ទូក​ដឹក​អ្នក​ទេស​ចរ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «និយាយ​ទៅ តំបន់​យើង​នៅ​សង្កាត់​ចុង​ឃ្នៀស​ហ្នឹង កាល​ណា​មាន​វិស័យ​ទេស​ចរណ៍​អញ្ចឹង លុយ​វា​ស្រួល។ ដូច​ថា​អាច​នឹង​ចាយ​វាយ​បាន​មួយ​ភូមិ​ហ្នឹង​ស្រួល»៕