ក្រុមហ៊ុន​សូនី​នៅ​តែ​មាន​សង្ឃឹម​ក្នង​ការ​បញ្ចាំង​ភាពយន្ត​អំពើ​ការ​ធ្វើ​ឃាត​ Kim Jong Un

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក Kim Jong Un កំពុង​បក់​ដៃ​ទៅ​កាន់​អ្នក​ធ្វើ​ការ​នៅ​រោងចក្រ​ Pyongyang Children's Foodstuff Factory កំឡុង​ពេល​ដែល​លោក​ទៅ​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ទីនោះ។

ក្រុមហ៊ុន​ផលិត​ភាពយន្ត​ Sony Pictures ​និយាយ​ថា​ខ្លួន​នៅ​តែ​សង្ឃឹម​ថា​នឹង​ចេញ​បញ្ចាំង​ខ្សែ​ភាពយន្ត​ចម្រូង​ចម្រាស់​របស់​ខ្លួន​អំពី​ផែន​ការ​មួយ​ក្នុង​ការ​ធ្វើ​ឃាត​លោក ​Kim Jong Un ​មេ​ដឹកនាំ​នៃ​ប្រទេសកូរ៉េខាង​ជើង។

ភាពយន្ត​កំប្លែង​ដែលមាន​ចំណង​ជើង​ថា​ «The Interview» ​ប្រែ​ថា​"បទ​សម្ភាសន៍" ​បាន​នាំឱ្យ​មាន​ការ​វាយ​ប្រហារ​ខាង​កុំព្យូទ័រ​ដ៏​ធំ​មួយ​លើ​ក្រុម​ហ៊ុន​នៅ​ Hollywood មួយ​នេះ​ដែល​អាជ្ញាធរ​ស.រ.អា.​បាន​បន្ទោស​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។​

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ថា​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នៃ​ក្រុម​ហ៊ុន​ Sony Pictures ទេ ហើយ​ក៏​មិន​បាន​ផ្សព្វផ្សាយ​អ៊ីម៉ែល​ដែល​មាន​ភាព​អាមាស​តាម​អ៊ិនធឺណិត​ ផ្សព្វ​ផ្សាយ​ទិន្នន័យ​ឯកជន និង​គម្រោង​ខ្សែ​ភាព​យន្ត​ដែល​មិន​ទាន់​ចេញ​បញ្ចាំង​ទេ។​ ក៏​ប៉ុន្តែ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​រដ្ឋ​កុម្មុយនិស្ត​នេះ​បាន​សរសើរ​ការ​វាយ​ប្រហារ​តាមកុំព្យូទ័រ​នេះ​ថា​ជា​ «សកម្មភាពត្រឹមត្រូវ»។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និយាយ​ថា​ខ្លួន​អាច​បង្ហាញ​ថា​ខ្លួន​គ្មាន​ទាក់ទិន​អ្វី​នឹង​រឿង​នេះ​ទេ​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ខ្លួន​បាន​ស្នើឱ្យ​ធ្វើ​ការ​ស៊ើបអង្កេត​រួម​គ្នា​ជា​មួយ​ស.រ.អា.​អំពី​ឧប្បត្តិ​ហេតុ​នៃ​ការ​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នេះ។

នៅ​ក្នុង​កំណត់​សម្គាល់​មួយ​ខុស​ប្លែក​ពីធម្មតា​ អ្នកនាំ​ពាក្យ​ម្នាក់​ដែលគេ​មិន​ដឹង​អត្តសញ្ញាណ​នៃ​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង​បាន​ព្រមាន​អំពី «ផល​វិបាក​ធ្ងន់ធ្ងរ» ​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​យល់ព្រម​តាម​សេចក្តី​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ការ​ស៊ើបអង្កេត​នេះ៕