បក្ស​ប្រឆាំង ​រិះគន់​ការ​ប្រកាស​បង្កើត​គណបក្ស​ថ្មី​របស់​កូន​លោក​ ​គង់ គាំ

មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប ​ស្ថិត​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ​​ កាល​ពី​ថ្ងៃទី២៥​ ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

លោក​ ​គង់ មុនីកា​ ​កូន​ប្រុស​ពៅ​របស់​លោក​ ​គង់ គាំ​ ​អតីត​ប្រធាន​គណ​បក្ស​សម រង្ស៊ី​ ​និង​ជាទី​ប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រកាស​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា​ ​«គណបក្ស​ឆន្ទៈ​ខ្មែរ»​ ​ព្រម​ទាំង​ប្រកាស​អំពាវនាវ​សុំ​ស្នាម​មេ​ដៃ​ប្រជា​ពលរដ្ឋ​​ដើម្បី​បង្កើត​គណ​បក្ស​នេះ​ឲ្យ​ចេញ​ជារូបរាង​ទាន់​ពេល ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ។

បន្ទាប់​ពី​ការ​ប្រកាស​បង្កើត​គណ​បក្ស​ថ្មី​របស់​លោក​ ​គង់ មុនីកា​ ដែល​ត្រូវ​ជា​កូន​ប្រុស​ម្នាក់​របស់​លោក​ គង់ គាំ​ ​គណ​បក្ស​កាន់​អំណាច បាន​សម្ដែង​ការ​សាទរ​ ដោយ​ថា​នេះ​គឺ​ការ​ចូល​រួម​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ​ប៉ុន្តែ​អតីត​ថ្នាក់ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ បាន​រិះគន់​ ដោយ​ចាត់​ទុក​ថា​ការ​បង្កើត​គណបក្ស​ថ្មី​នេះ គឺ​ជា​ការក្បត់​នឹង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។​

រូបឯកសារ៖ លោក គង់ គាំ​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ ​នៅក្នុង​ពិធីបង្សុកូល​ រំឭក​ ខួប​លើកទី២០​ នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ ៥-៦​ កក្កដា​ នៅស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (VOA)

កូន​ប្រុស​ម្នាក់​របស់​លោក​ ​គង់ គាំ​ ​ដែល​ជា​មន្ត្រី​ចាស់​វស្សា​របស់​គណ​បក្ស​ប្រឆាំង​ ​នៅ​សប្ដាហ៍​នេះ បាន​ប្រកាស​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​ ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ ដែល​ការណ៍​នេះ នាំឱ្យ​មាន​ការ​សាទរ​ពី​គណ​បក្ស​កាន់​អំណាច​តែ​ការ​រិះគន់​ពី​អតីត​ថ្នាក់ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ។​

លោក​ ​គង់ មុនីកា​ ​កូន​ប្រុស​ពៅ​របស់​លោក​ ​គង់ គាំ​ ​អតីត​ប្រធាន​គណ​បក្ស​សម រង្ស៊ី​ ​និង​ជាទី​ប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រកាស​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា​ ​«គណបក្ស​ឆន្ទៈ​ខ្មែរ»​ ​ព្រម​ទាំង​ប្រកាស​អំពាវនាវ​សុំ​ស្នាម​មេ​ដៃ​ប្រជា​ពលរដ្ឋដើម្បី​បង្កើត​គណ​បក្ស​នេះ​ឲ្យ​ចេញ​ជារូបរាង​ទាន់​ពេល ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ។​

​លិខិត​មួយ​ច្បាប់​របស់​លោក​ ​គង់ មុនីកា​ ​ចេញ​នៅ​ថ្ងៃ​ទី​២៥ ​ខែ​មេសា​ ​ឆ្នាំ​២០១៨​ ​បញ្ជាក់​ថា​ ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ស្មុគស្មាញ​ ​តឹង​តែង​នៅ​ពេល​បច្ចុប្បន្ន​ ​លោក​មិន​មាន​ការ​រំពឹង​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧​ ​អាច​នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​ឡើយ។​ដូច្នេះ​ លោក​សម្រេច​បង្កើត​គណ​បក្ស​ ឆន្ទៈ​ខ្មែរ ​នេះ​ឡើង​ ដើម្បី​បម្រើ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ​ខាង​មុខ។​

លោក​ ​គង់ មុនីកា​ ​តំណាង​គណ​បក្ស​ថ្មី​ដែល​ចេញ​ពី​ពន្លក​សាច់​ឈាម​អតីត​មេ​ដឹក​នាំមួយ​រូប​ ​របស់​គណ​បក្ស​ប្រឆាំង ក៏​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ ​ដោយ​អំពាវ​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស គាំទ្រ និង​ចូល​រួម​ជា​មួយ​គណ​បក្ស​របស់​លោក​ ឲ្យ​ទាន់​ពេល​ ​ចាប់​ពី​ពេល​ចេញ​លិខិត​នេះ។​

លិខិត​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«គណ​បក្ស​ឆន្ទៈ​ខ្មែរ ជា​រូបកាយ​ថ្មី​ ​តែ​ព្រលឹង​ ​ស្មារតី​ពី​ឆ្នាំ​២០១៣​ ​និង​ឆ្នាំ​២០១៧​ ​របស់​ប្រជា​ពលរដ្ឋខ្មែរ​ដែល​រូបកាយ​ ​រួម​ចិត្ត​ជា​ធ្លុង​មួយ​ ​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ ​ប្រាកដ​ជា​ដណ្ដើម​បាន​ជ័យជំនះ​ជាប្រវត្តិសាស្រ្ត​ ​និង​ត្រចះត្រចង់ នៅ​ឆ្នាំ​២០១៨​នេះ​ជាក់​ជា​មិន​ខាន​ឡើយ»។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក​សាទរ​ចំពោះ​ការ​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​ ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែលដឹក​នាំប្រទេស​ជាង​៤០ឆ្នាំ។​ ​

លោក​បន្ថែម​ថា​ ​កា​បង្កើត​គណ​បក្ស​ថ្មី​នេះ​ ​គឺ​ជា​ការ​ចូល​រួម​បង្កើត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ស្វាគមន៍​នូវ​ការ​បង្កើត​គណ​បក្ស​ថ្មីៗ​មួយ​ចំនួន​ដែល​ទើប​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ ​ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្រប​ទៅ​តាម​គោល​ការណ៍​នៃ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ហើយ​ក៏​វា​ស្រប​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ ​ស្ដីពី​បញ្ហា​កម្ពុជា​ដែរ»។​

ខណៈ​គណ​បក្ស​កាន់​អំណាច​ស្វាគមន៍​គណ​បក្ស​ថ្មី​នេះ​ ​គេ​ឃើញ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដែល​ត្រូវ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​៥ឆ្នាំ​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ​ចំពោះ​ការ​បង្កើត​គណ​បក្ស​នេះ។​

រូបឯកសារ៖ លោក​ ម៉ៅ មុន្នីវណ្ណ​ អ្នក​តំណាងរាស្ត្រ​ខេត្តកំពង់ចាមមកពីគណបក្ស​សង្គ្រោះ​ជាតិ។ (រូបថតដកស្រងពីហ្វេសប៊ុក Mao Monyvann)

លោក​ ​ម៉ៅ មុនីវណ្ណ​ ​តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​ ​លើក​ឡើង​ថា​ ការ​បង្កើត​គណ​បក្ស​នយោបាយ​ ​ជា​សិទ្ធិ​របស់​បុគ្គល ​ប៉ុន្តែ​លោក​ថា​ ​ការ​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​ ​ដោយ​មាន​ភ្ជាប់​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ជា​ការក្បត់​នឹង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋដែល​នៅ​តែ​គិត​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ ​កំពុង​មាន​ជីវិត​ក្នុង​ចិត្ត​របស់​ពួក​គេ។​

លោក​ ​ម៉ៅ មុនីវណ្ណ​ ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនោរ​គាំទ្រ​លោក​ ​កឹម សុខា​ ​និង​កំពុង​រស់​នៅ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា៖​

«នៅ​ពេល​នេះ​គឺជា​ពេល​វេលា​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ ​ដើរ​ឲ្យ​ស្រប​ទៅ​នឹង​ឆន្ទៈ​ប្រជា​ពលរដ្ឋ ហើយ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋនៅ​ពេល​នេះ​ ​គឺ​តម្រូវ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ ​អ្នក​ស្រលាញ់​ជាតិ​ ​គឺ​តំណាង​ដោយ​សង្គ្រោះ​ជាតិ​ហ្នឹង រស់​នៅ​ពូត​ផ្ដុំ​គ្នា​ ​ហើយ​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​គាត់។ គាត់​ចង់​ឲ្យ​យើង​រួប​រួម​គ្នា សាមគ្គី​គ្នា បើ​ធ្វើ​អី​ធ្វើ​ទាំង​អស់​គ្នា»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​លោក​ ​គង់ មុនីកា​ ​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ​គង់ មុនីកា​ ​បាន​ចេញ​លិខិត​មួយ​ទៀត ដោយ​បញ្ជាក់​ថា​ ​គណ​បក្ស​របស់​លោក​បាន​ទទួល​ហត្ថ​លេខា​ចំនួន​៨០​ពី​អ្នក​គាំទ្រ​ ​សម្រាប់​ដាក់​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ ​ដើម្បី​បង្កើត​គណ​បក្ស​ក្នុង​ជំហាន​ដំបូង។​

ប៉ុន្តែ ​នាយ​ឧត្ដមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ ​VOA​ ​នា រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​មិន​ទាន់​បាន​ទទួល​លិខិត​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​បង្កើត​គណ​បក្ស​ថ្មី​មួយ​នេះ​នៅ​ឡើយ។​

ទោះ​យ៉ាង​ណា​ លោក​ថា គណ​បក្ស​នយោបាយ​ថ្មីៗ​ដែល​មាន​បំណង​បង្កើត ត្រូវ​រួសរាន់​ដាក់​ពាក្យ​បង្កើត​ ​ដើម្បី​អាច​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទាន់​ពេល។​

លោក​មាន​ប្រសាសន៍​ថា៖ ​

«អាជ្ញាធរ​នឹង​អនុ​វត្តតាម​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ពិនិត្យ​មើល​ប៉ុន្មាន​ថ្ងៃ​ ​ប៉ុន្មាន​ថ្ងៃ​ ​ដែល​ដាក់​ទៅ​ត្រូវ​ថ្ងៃ​តាម​ដែល​ច្បាប់​កំណត់​ហ្នឹង។​ ​ទី១​ ​ត្រូវ​មាន​ហត្ថ​លេខា​សុំ​បង្កើត​គណ​បក្ស​៨០​នាក់​ ​ដាក់​មក​ហើយ​ក្រសួង​មហា​ផ្ទៃ​ត្រូវ​តប​ទៅ​វិញ​ ​ដើម្បី​ឲ្យ​បាន​ចុះ​ឈ្មោះ​ត្រូវ​បាន​ហត្ថ​លេខា​ឲ្យ​បាន​៤​ពាន់​នាក់​ទៀត បាន​ក្រសួង​មហា​ផ្ទៃ​ទទួល​ចុះ​ឈ្មោះ»។​

កាលពី​ចុង​ខែ​មីនា​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​បាន​ជូន​ដំណឹង​ពី​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​បញ្ជី​គណ​បក្ស​នយោបាយ​ ​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​នីតិកាលទី៦​ ​ឆ្នាំ​២០១៨​ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣០​ ​ខែ​មេសា ឆ្នាំ​២០១៨​ ​ដល់​ថ្ងៃ​ទី១៤ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ។​

បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាល​ដីកា​របស់តុលា​ការ​កំពូល​ ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​កន្លង​ទៅ ដោយ​ចោទ​ថា​បាន​ឃុបឃិត​ជា​មួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​គេ​ឃើញ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណ​បក្ស​នេះ​បាន​រត់​ភៀស​ខ្លួន​ទៅ​បរទេស​ ​ខណៈ​លោក​ ​កឹម សុខា​ ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​មួយ​រូប ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ពី​បទ​ក្បត់​ជាតិ។​

ក្រុម​មន្ត្រី​ដែល​ភៀស​ខ្លួន​ទៅ​បរទេស​ទាំង​នោះ​ ​ភាគ​ច្រើន​បាន​ចូល​រួម​ជា​មួយ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លាលែង​ពី​តំណែង ហើយ​ក្រោយ​មក​ បាន​បង្កើត​ជា​ចលនា​សង្គ្រោះ​ជាតិ​ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​ឲ្យ​មាន​ការ​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ទាមទារ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដើម្បី​អាច​ចូល​រួម​ការ​បោះ​ឆ្នោត។​

លោក​ ​សម រង្ស៊ី​ ​និង​មន្ត្រី​ដែល​កំពុង​នៅ​បរទេស​ទាំង​នោះ​ ​តែង​លើកឡើង​ថា​ ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ជា​ការ​បោះ​ឆ្នោត​ដែលមិន​ស្រប​តាម​ច្បាប់​ ​និង​ថា​ ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នោះ​ ​ក៏​នឹង​ក្លាយ​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​ដូច​គ្នា។​ ​

ទោះ​យ៉ាង​ណា​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​អះអាង​ជា​ច្រើន​ដង​ថា​ ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ​ ​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​បី​មិន​មាន​អ្នក​សង្កេត​ការណ៍​ ​មិន​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម​ ​ឬ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕​