លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​វិបត្តិ​ដីធ្លី ​តែ​មាន​ការ​រីក​ចម្រើន​​​តិច​តួច​បំផុត

អ្នក​ភូមិ​ឡពាង​ខេត្ត​កំពង់​ឆ្នាំង​កាន់​បដា​ក្នុង​​អំឡុង​ពេល​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៤។

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​ ដែល​ធ្វើ​ការ​លើបញ្ហា​ដីធ្លី​និងប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទំនាស់​សង្គម​នេះ​កត់​សម្គាល់ឃើញ​ការ​រីក​ចម្រើន​តិចតួច​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដាក់​បញ្ជា​ដល់​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​នៅ​ទូទាំង​ប្រទេស។​

ផ្ទុយ​ទៅ​វិញ​បទ​បញ្ជា​នោះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​រងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លីងើប​ឡើង​តវ៉ា​បន្ថែម​ទៀត។​

កាល​ពី​ថ្ងៃទី​១៨​ខែ​សីហា​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ដាស់​តឿន​មន្ត្រី​រដ្ឋា​ភិបាល​ និង​មន្ត្រី​មូលដ្ឋាន​របស់​លោក​ឲ្យ​ចាប់​ផ្តើម​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ឡើង​វិញ។​ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃក្នុង​ប្រទេស​នេះទំនង​ជា​មូល​ហេតុ​មួយធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​ការ​គាំទ្រ​យ៉ាង​ច្រើន​ក្នុង​ការបោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២១០៣។​

លោក​ ឡាត់ គី ​អ្នក​សម្រប​សម្រួល​កម្ម​វិធី​ដីធ្លី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​កត់​សម្គាល់ឃើញ​ថា​ ជាង​ពីរ​សប្តាហ៍​ក្រោយ​ពី​បញ្ជា​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ ក្រុម​ប្រជាពល​រដ្ឋ​ជាច្រើន​បាន​ក្រោក​ឡើង​តវ៉ា​អំពី​បញ្ហា​ដីធ្លីដោយសារ​តែ​ទំនាស់​ទាំង​នោះ​អូស​បន្លាយ​ច្រើន​ឆ្នាំ។​ ប៉ុន្តែលោក​ឡាត់ គី​និយាយ​ថា លោក​មិន​ទាន់​ឃើញ​ប្រសិទ្ធភាព​នៃ​បទ​បញ្ជា​នោះ​នៅ​ឡើយ។​

«ទន្ទឹម​គ្នា​នឹង​នោះ​រឿង​ដទៃ​ទៀត​សុទ្ធ​តែ​មិន​បាន​លទ្ធផល​ ​មាន​ន័យ​ថា​បាន​ត្រឹមតែ​ដាក់​ញ្ញតិ្ត​បញ្ជូន​ទៅ​ខុទ្ទកាល័យ​ (នាយក​រដ្ឋមន្ត្រី) ​បាន​ដាក់​ញ្ញត្តិ​បញ្ជូន​ទៅ​រដ្ឋ​សភា ​ប៉ុន្តែ​ខេត្ត​ទាំង​អស់​ដែល​ជាប់​ពាក់​ព័ន្ធ​ហាក់​ដូចជា​អត់​មាន​ផែន​ការជាក់​លាក់ក្នុង​ការ​ដោះ​ស្រាយ​ទេ។​ ដូច្នេះ​ខ្ញុំ​ឃើញ​ថា​ អត់​សូវ​មាន​ប្រសិទ្ធភាព​ទេ​អនុសាសន៍​ នៅ​ក្នុង​ពេល​នេះ»។​

យោងតាម​របាយ​ការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកឲ្យ​ដឹង​ថា​ មានប្រជាពលរដ្ឋ​រង​គ្រោះ ​និង​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ទំនាស់ដីធ្លី​បាន​កើន​ដល់​ជាង​៧៧០០០០​នាក់​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ចុងក្រោយ​នេះ។​ ក្នុង​នោះ​មាន​ជន​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ឬ​ដោយ​ការ​រំលោភ​យក​ដីស្រែ ​ផ្ទះ​សម្បែងជាដើម។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ស្តី​បន្ទោស​មន្ត្រី​រដ្ឋ​អំណាច​មូល​ដ្ឋាន​ និង​មន្ត្រី​រដ្ឋាភិបាល​ចំពោះបរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លីទាំង​នេះ។ ​លោក​ក៏​បានស្តី​បន្ទោស​ដែរ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​មូលដ្ឋាន​បានព្យាយាម​រារាំង​ក្រុម​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ ឬ​ឡើង​មក​តវ៉ា​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ទេ។​

លោក​អំ សំអាត ​អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​មាន​ប្រសាសន៍​ថា ក្រុម​អាជ្ញាធរ​ក្រុង​នៅ​តែ​បន្ត​រារាំង​ការ​ប្រមូល​ផ្តុំ​សម្រាប់​ការ​តវ៉ា​អំពី​រឿង​ដីធ្លី​នៅ​ឡើយ។ ​មួយវិញ​ទៀត​ការ​តវ៉ា​អំពី​បញ្ហា​នេះ​នៅ​តែ​បន្ត។​ រី​ឯ​ការ​ដោះ​ស្រាយ​មិន​ទាន់​មាន​ជា​វិជ្ជមាន​នៅ​ឡើយ។​

«រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​ការ​តវ៉ា​ជាច្រើន។​ នៅ​ថ្ងៃ​នេះ​អ្នក​ខេត្ត​ក្រចេះ ​ស្រុក​ឆ្លូង​ក៏​បាន​ឡើង​មក​ជា​បន្ត​បន្ទាប់​ទៀត។ ហើយ​នៅ​បាត់​ដំបង​ នៅ​ប៉ៃលិន​ នៅ​ព្រះវិហារនៅ​បន្ទាយ​មានជ័យ​ នៅ​មិន​ទាន់​មាន​សញ្ញាណនៃ​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ»។​

នៅ​ក្នុង​សប្តាហ៍​នេះ​ដែរ ​ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​និងមាន​ទំនាស់​ជាមួយ​ភរិយា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ​ បាន​ធ្វើ​ការ​តវ៉ា​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ដំណោះស្រាយ។​ បន្ថែម​ពី​នោះ ក្រុម​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ន៍​ក្រីក្រ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដូច​ជា​សហគមន៍​បឹងកក់ ​បូរីកីឡា ​ថ្មគោល​ ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​បាត់ដំបង ​បន្ទាយ​មានជ័យ​ជាដើម​ បានព្យាយាម​យក​ញ្ញត្តិ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ស្នើសុំ​អន្តរាគមន៍លើ​បញ្ហា​របស់​ពួកគេ។ ​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​រារាំង​ពួក​គេ។​

​អ្នកស្រី​ទេព វន្នី​ សកម្មជន​ដីធ្លី​ និង​ជា​ម្ចាស់​ពាន​រង្វាន់​ភាព​ជាអ្នក​ដឹកនាំ​ Global Leadership ​យល់​ថា​ អាជ្ញាធរ​នៅ​តែ​មិន​ទាន់​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ឡើយ។​

«សូម្បី​តែ​អនុសាសន៍​របស់​សម្តេច​នៅ​ពេល​ថ្មីៗ​ថា​ នៅ​ពេល​ដែល​ប្រជាពល​រដ្ឋ​យក​ញ្ញត្តិ​ទៅ​ដាក់​រឿង​ដីធ្លី ​មិន​ដែល​ទៅ​ដល់​ដៃ​គាត់​ ដោយសារ​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ខ្ទប់។ ​ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ​គាត់​ហាក់​ដូចជា​មាន​ភាព​មុតមាំ​ក្នុង​ឆន្ទៈ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។​ ប៉ុ​ន្តែ​នៅ​ពេល​ដែល​ពួក​ខ្ញុំ​ព្យាយាម​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ធកាល័យ​របស់​គាត់​ក្តី ​នៅទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​ក្តី​ យើង​ឃើញ​ថា ​កង​កម្លាំង​ព្យាយាម​ហាម​ឃាត់​ពួក​យើង​ ហើយ​បាន​ចាប់ឃាត់​ខ្លួន​ពួក​ខ្ញុំ​អស់​រយៈ​ពេល​ពីរ​ម៉ោង​ជាដើម។​ ហើយ​នៅ​តែ​អត់​មាន​ដំណោះ​ស្រាយ​ដដែល»។​

មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​៣០០​គ្រួសារក្នុង​សហគមន៍បឹងកក់ ​បូរីកីឡា​និង​ថ្មគោល​ ក្បែរ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ក្រុង​ភ្នំពេញ ​កំពុង​រង់​ចាំ​ដំណោះ​ស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគេ​ដែល​ជាប់ទាក់ទិន​នឹង​ឈ្មួញ​ និងមន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។​

ដោយឡែក​លោក​ឡោ ច័ន្ទ ​អ្នកសម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ​ ​អះអាង​ថា​ អាជ្ញាធរ​ខេត្ត​បាន​ចាប់​ផ្តើម​និតិវិធី​ដោះស្រាយ​ជំហាន​ដំបូង​ ប៉ុន្តែ​មិន​ទាន់​បាន​ហុច​លទ្ធផល​ជា​ផ្លែផ្កា​នៅ​ឡើយ។​

«ខ្ញុំ​សង្កេត​ឃើញ​ថា ​សម្រាប់​ខេត្ត​ព្រះវិហារ ​អាជ្ញាធរ​ស្រុក​ ក៏ដូច​ជា​អាជ្ញាធរ​ខេត្តបាន​ធ្វើ​ការ​ដោះ​ស្រាយ​ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់ករណី​ណាមួយ​នោះ​ទេ»។

ខេត្ត​ព្រះ​វិហារ​ ដែល​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ជាង​១០០០​គ្រួសារ​កំពុង​ស្ថិត​ក្នុង​ជម្លោះ​ដីធ្លី។​

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ​រដ្ឋា​ភិបាល​កំពុង​ធ្វើការ​ដោះស្រាយ​ជា​ប្រព័ន្ធ​ដែល​មិន​អាច​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ឡើយ។​

«រាជរដ្ឋា​ភិបាល​មិន​ដោះ​ស្រាយ​តាម​របៀប​ប្រតិកម្ម​នោះ​ទេ។​ យើង​ដោះស្រាយ​តាម​របៀប​រក្សា​នូវ​ស្ថិរភាព​ ​គឺ​ស្ថិរភាព​តាម​ប្រព័ន្ធ​ តាម​គោល​ការណ៍​ច្បាប់​ និង​រក្សា​ឲ្យ​ការ​ដោះ​ស្រាយ​នោះ​ក្លាយ​ទៅ​ជា​ប្រសិទ្ធភាព​នៅ​ក្នុង​សង្គម​ ​គឺ​មិន​មែន​ជា​ការ​ដោះស្រាយ​ដោយ​មិន​មាន​ការ​ចូលរួម​ពី​តុលាការ​ពី​មន្ត្រី​ជំនាញ​ និង​ពី​ប្រជា​ពលរដ្ឋ​នោះ​ទេ»។​

ទោះជា​បែប​នេះ​ក្តី​ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​កត់​សម្គាល់ថា​ ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​នៅ​តែ​មាន​ភាព​ស្មុគ្រស្មាញ​ ប្រសិន​បើ​រដ្ឋា​ភិបាល​មិន​ហ៊ាន​វះកាត់ចំពោះ​មន្ត្រី​ដែល​មាន​អំណាច​ និង​មាន​លុយ​សន្ធឹក​សន្ធាប់​នោះ​ទេ។​

មន្ត្រី​ទាំង​នេះ​គឺ​ជា​ទម្រ​របស់​គណបក្សកាន់​អំណាច​ ហើយ​ពិបាក​នឹង​ប៉ះពាល់​បាន៕