ក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ប្រជាពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ ចង់ឱ្យមេឃុំឬចៅសង្កាត់ដែលជាប់ឆ្នោតយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈ ខណៈពលរដ្ឋមួយចំនួនទៀត ចង់ផ្លាស់ប្តូរមេឃុំឬចៅសង្កាត់ចាស់ដាក់ មេឃុំថ្មី ដើម្បីបម្រើពលរដ្ឋឱ្យបានល្អជាងមុន។
ពលរដ្ឋម្នាក់ ដែលកំពុងតែមមាញឹកលក់ទឹកអំពៅនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ លោក មួន ប៊ុនម៉ាច អាយុ៤០ឆ្នាំ ដែលមានស្រុកកំណើតស្អាងព្រែកតូច និងបានមករស់នៅក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ បានប្រាប់វីអូអេថា ការកសាងប្រព័ន្ធលូរំដោះទឹកពេលភ្លៀងឱ្យទៅតាមបច្ចេកទេសត្រឹមត្រូវ គឺតម្រូវការចាំបាច់សម្រាប់មូលដ្ឋានរបស់លោក ដែលជាញឹកញាប់រងការជន់លិចដោយសារការធ្លាក់ភ្លៀងខ្លាំង។
លោកថ្លែងថា៖ «ដោះស្រាយទឹកភ្លៀងកុំឱ្យស្ទះ ក្នុងភូមិតាមលូ ឥឡូវលិចសម្បើមណាស់ ប៉ុន្មានមេនេះលិច រហូត…ចូលផ្ទះ»។
នៅថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ គឺជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសនារបស់គណបក្សនយោបាយចំនួនដែលបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ គណបក្សយ៉ាងតិច៤ គឺគណបក្សកាន់អំណាច គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សឆន្ទៈខ្មែរ ត្រូវគេឃើញមានការរៀបចំក្បួនឃោសនាតូចធំ និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញទៅតាមលទ្ធភាពរបស់គណបក្សនីមួយៗ។
Your browser doesn’t support HTML5
អ្នកស្រី ស៊ន ធីណា ដែលបានចូលរួមហែយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យមូលដ្ឋានក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បានប្រាប់អ្នកយកព័ត៌មានឱ្យវីអូអេថា អ្នកស្រីចូលរួមជាមួយបក្សនេះ ដោយការពេញចិត្តគោលនយោបាយរបស់បក្សដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតថា្នក់មូលដ្ឋាន និងជាតិបីលើកមកហើយ។
បើតាមអ្នកគាំទ្ររបស់គណបក្សមូលដ្ឋានរូបនេះ ចៅសង្កាត់កោះដាច់បច្ចុប្បន្នមិនបានយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋបានពេញលេញនៅឡើយ ពាក់ព័ន្ធនឹងការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានគុណភាពនិងសកម្មភាពសេដ្ឋកិច្ច។ ដូច្នេះ អ្នកស្រី ស៊ន ធីណា ចង់បានចៅសង្កាត់ថ្មី ដែលអាចបំពេញបាននូវសេចក្តីត្រូវការរបស់ពលរដ្ឋ ដែលចៅសង្កាត់ចាស់ខកខានមិនបានធ្វើជូនពលរដ្ឋនោះ។
អ្នកស្រីនិយាយថា៖ «ចង់បានផ្លូវឱ្យល្អ ហើយណាមួយ និយាយរួមទៅសេដ្ឋកិច្ចក្នុងសង្គមឱ្យមានដំណើរការស្រួលដែរ»។
ចំណែក អ្នកស្រី គង់ ផល្លា អាយុ៤៩ឆ្នាំ ពលរដ្ឋរស់នៅក្នុងសង្កាត់កោះដាច់ផងដែរនោះ បានសម្រេចបន្តមានភក្តីភាពជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដដែល ព្រោះគណបក្សគ្រប់គ្រងប្រទេសនេះ បានរំដោះប្រទេសជាតិឱ្យរស់រានមានជីវិតពីរបបខោអាវខ្មៅខ្មែរក្រហម។ អ្នកស្រីបានចាត់ទុកថា វត្តមានកងទ័ពវៀតណាមនៅកម្ពុជាជាការរំដោះ បើទោះបីជាអ្នកកត់ត្រាប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យទំនើបយល់ថា ជាការឈ្លានពាន។
អ្នកស្រីថ្លែងថា៖ «ដឹងក្តីមកដូចថា ស្រឡាញ់គាត់ ឃើញគាត់ដឹកនាំល្អ។ ស្រឡាញ់ប៉ុនហ្នឹង តែហ្មង»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា គោលនយោបាយរបស់បក្សប្រជាជនកម្ពុជាដែលលោកមិនបញ្ជាក់ច្បាស់ៗនោះ គឺត្រូវបានដាក់ចេញច្រើនហើយ និងកំពុងធ្វើជាប្រចាំជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន។
ទោះជាយ៉ាងណា លោកបានប្រតិកម្មតបទៅពលរដ្ឋមួយចំនួនដែលចង់ឱ្យមេឃុំ ចៅសង្កាត់ ជាប់ឆ្នោតអាណត្តិក្រោយ ធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ពាក់ព័ន្ធសនិ្តសុខ សុវត្ថិភាពឃុំសង្កាត់នោះថា ជាការយល់ឃើញរបស់បុគ្គលម្នាក់ៗ ឬបុគ្គលណាដែលមិនពេញចិត្តគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «កម្មវិធីនយោបាយរបស់គណបក្សប្រជាជន មិនតម្រូវចិត្តម្នាក់ៗទេ គឺតម្រូវសំណូមពរនៃសេចក្តីត្រូវការ...របស់ប្រជាជនទាំងមូល»។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ដែលបានដឹកនាំក្បួនឃោសនានៅក្នុងសង្កាត់កោះដាច់ បានប្រាប់វីអូអេថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានជំនឿថា នឹងទទួលតំណែងជាមេឃុំក្នុងសង្កាត់ដែលត្បាញក្រមា និងសូត្រមួយនេះ។
លោកឱ្យដឹងថា មូលហេតុដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានឈានជើងចូលមកប្រកួតយកកៅអីចៅសង្កាត់នៅលើទឹកដីកោះនេះ ព្រោះគណបក្សនេះចង់ដឹកនាំឃុំមួយជាគំរូ ដើម្បីបង្ហាញពីរបៀបដឹកនាំមូលដ្ឋានឱ្យទទួលបានជោគជ័យនិងឯករាជ្យពីភាគីរដ្ឋាភិបាល និងមិនស្ថិតក្រោមសម្ពាធបុគ្គល ឬក្រុមណាមួយ។
លោកថ្លែងថា៖ «គោលដៅរបស់យើងចង់យកជ័យជម្នះនៅសង្កាត់កោះដាច់នេះតែម្តង។ ជាសង្កាត់អាទិភាពមួយរបស់យើង ក្នុងចំណោមសង្កាត់ផ្សេងៗ»។
បើតាមលោក យ៉ង សាំងកុមារ ដែលជាអតីតនាយកប្រតិបត្តិអង្គការសេដាក (CEDAC) គោលនយោបាយ«ស៥» របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្តោតសំខាន់លើវិស័យ សេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ សង្គមកិច្ច និង សេវា-សម្បត្តិសាធារណ:។ យ៉ាងណាក៏ដោយ គណបក្សដែលមានស្លាកសញ្ញាត្រីកោន ពណ៌បៃតង លាយក្រហម និងស មួយនេះបានដាក់បេក្ខភាពឈរឈ្មោះជាមេឃុំក្នុងការប្រកួតប្រជែងចំនួនត្រឹមតែ៣២ឃុំសង្កាត់ប៉ុណ្ណោះនៅទូទាំងប្រទេស៕