កូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនរិះគន់រដ្ឋមន្ត្រីក្រសួងការងារពាក់ព័ន្ធនឹងអត្រាអ្នកមានការងារធ្វើក្នុងប្រទេសកម្ពុជាមានរហូតដល់៩៩% ដែលពួកគេថាមិនត្រូវទៅនឹងស្ថានភាពជាក់ស្តែង ខណៈពួកគេកំពុងតែប្រឈមមុខនឹងភាពអត់មានការងារធ្វើជាង២ឆ្នាំមកហើយដោយសារមានវិវាទការងារជាមួយក្រុមហ៊ុន។
ក្នុងពិធីសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ជាមួយកម្មករក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែសីហា រដ្ឋមន្រ្តីក្រសួងការងារលោក ហេង សួរ បានលើកឡើងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់។
លោកថ្លែងថា៖«ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើ ប្រមាណជាង៩៩% នៃកម្លាំងពលកម្មសរុប១០លាន៨សែននាក់។ លក្ខខណ្ឌការងារនិង ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតក៏មានជីវភាពប្រសើរឡើងជាបន្តបន្ទាប់»។
អ្នកស្រីឃ្លាំង សុបិន្ត សមាជិកសហជីពដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ តែដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការប្រាប់វីអូអេថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការងារទាក់ទងនឹងអត្រាអ្នកមានការងារធ្វើនៅកម្ពុជា មានប្រមាណ៩៩%នោះគឺជាការនិយាយដើម្បីលើកមុខមាត់របស់រដ្ឋា ភិបាលតែប៉ុណ្ណោះ។
អ្នកស្រីបានសង្កេតឃើញថា រោងចក្រមួយចំនួនបានបិទទ្វារ ហើយកម្មករខ្លះទៀតកំពុងអត់ការងារធ្វើ តួយ៉ាងកូដករក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តតវ៉ាជារៀងរាល់ថ្ងៃដើម្បីស្នើសុំឱ្យក្រសួងការងារជួយដោះស្រាយវិវាទការងារ តែជាង២ឆ្នាំមកនេះជម្លោះក៏មិនត្រូវបានដោះស្រាយ ហើយកូដករបន្តអត់ការងារ។
អ្នកស្រីថ្លែងថា៖«បើសិនជា៩៩%មែន យើងក្រឡេកមើលរឿងការតវ៉ារបស់កូដកម្មរបស់ណាហ្គាវើលដ៍ សល់តែគ្នាប៉ុន្មាននាក់ហ្នឹងអត់មានការងារធ្វើផងហ្នឹង។ ជាង២ឆ្នាំអត់ឃើញមានការគិតគូររឿងការងារឱ្យគ្នាផង ហើយគាត់នៅមានមុខលើកឡើងថាអត្រាមានការងារធ្វើរបស់ប្រជាជនខ្មែរ ឥឡូវវាឡើងដល់អីគេ៩៩%។ ខ្ញុំអត់ជឿទេ។ បើសិនត្រឡប់ទៅ៩៩%អត់ការងារធ្វើអាហ្នឹងអាចវិញ»។
បើតាមអ្នកស្រី ឃ្លាំង សុបិន្ត ក្រសួងការងារគួរ តែមានសកម្មភាពចូលរួមដោះស្រាយវិវាទការងារជូនកម្មករដែលអត់ការងារធ្វើ ប្រសើរជាងបានត្រឹមតែនិយាយ។
អ្នកស្រីបន្ថែមថា៖«ចង់ឱ្យគាត់ធ្វើម៉េចឱ្យអ្វីដែលគាត់និយាយសូមឱ្យគាត់ធ្វើឱ្យដូចពាក្យសម្តីរបស់គាត់និយាយ មិនមែនបានត្រឹមតែអួតប៉ុន្តែសកម្មភាពអត់មានទេ។ កាលពីមុនមន្រ្តីតែបន្តិចផង នៅចង់ពិបាកឱ្យមានការងារធ្វើចុះឥឡូវទីប្រឹក្សាក៏ច្រើនមន្រ្តីក៏ច្រើនទៀត ខ្ញុំមិនដឹងថា តើយើងអាចមានការងារធ្វើច្រើនដូចមន្រ្តីដែលមានច្រើនអាណត្តិហ្នឹងអត់»។
ស្រដៀងគ្នានេះដែរ កញ្ញាម៉ែន សុធីវឌ្ឍនៈ អាយុ៣១ឆ្នាំ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលតែងតែទៅធ្វើកូដកម្មជានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេលជាង២ឆ្នាំចាត់ទុកថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារដែលថា អត្រាអ្នកមានការងារធ្វើមានរហូតដល់៩៩% ជារឿងមួយដែលគួរឱ្យអស់សំណើចស្របពេលដែលកម្មករ និងប្រជាជនមួយចំនួនពុំមានការងារធ្វើ ហើយខ្លះទៀតត្រូវបានព្យួរការងារជាដើម។
កញ្ញាថ្លែងថា៖«គួរឱ្យអស់សំណើចមែនទែន ដែលជាក់ស្តែងហើយនឹងអត្រានៅក្នុងដៃរបស់គាត់ហ្នឹងវាខុសគ្នា។ ជាក់ស្តែងគឺកំពុងតែធ្វើកូដកម្មរាល់ថ្ងៃហើយគាត់និយាយបែបហ្នឹងគឺយើង មើលឃើញថា គាត់រាល់ថ្ងៃហ្នឹងគាត់កាន់ជើងទៅខាងថៅកែច្រើនជាងកម្មករ។ បើសិនជាគាត់ស្រឡាញ់កម្មករពិតប្រាកដមែនគឺគាត់ ដោះស្រាយឱ្យកម្មករមានការងារធ្វើពិតប្រាកដដូចអ្វីដែលគាត់និយាយអ៊ីចឹង»។
កូដកររូបនេះស្នើសុំឱ្យក្រសួងការងារដែលដឹកនាំដោយលោកហេង សួរ ពិចារណាឡើងវិញចំពោះការលើកឡើងអំពីអត្រាអ្នកមានការងារធ្វើ ខណៈពួកគេកំពុងតែគ្មានការងារធ្វើស្រាប់។
កញ្ញាបន្ថែមថា៖«បើសិនជាចង់ឱ្យកម្មករដូចអ្វីដែលគាត់និយាយថា ប្រទេសយើងគឺមានអត្រាការងារដល់៩៩% អ៊ីចឹងក្នុងហ្នឹងក៏មានពួកខ្ញុំដែរ។ អ៊ីចឹងសូមឱ្យគាត់ដោះស្រាយឱ្យពួកយើងមានការងារធ្វើមក។ មួយវិញទៀត កម្មករខ្មែរមិនមែនចង់ទៅឱ្យគាត់ទៅហូបបាយជាមួយហ្នឹងជាក្តីសុខរបស់កម្មករទេ។ ក្តីសុខរបស់កម្មករនៅពេលដែលកម្មករមានបញ្ហា ហើយក្រសួងការងារចុះមកដោះស្រាយ ចុះមកសួរសុខទុក្ខកម្មករ។ ហ្នឹងហើយបានជាអ្វីដែលកម្មករខ្មែរចង់បាន»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងការងារទើបតែងតាំងថ្មីលោក ហេង សួរ បានទេ ដោយទូរស័ព្ទចូល តែមិនមានអ្នកទទួល ហើយលោកក៏មិនឆ្លើយតបនឹងសារដែលវីអូអេបានផ្ញើតាមបណ្តាញសង្គមតេឡេក្រាម និងWhatsAppនោះដែរ។
កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្តើមធ្វើកូដកម្មតាំងពីខែធ្នូ ឆ្នាំ ២០២១មក។ ថ្នាក់ដឹកនាំសហជីពយ៉ាងហោចណាស់៩នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងការតវ៉ានេះ។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែកសមាជិកសហជីពចំនួន ៨ នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី ១ឆ្នាំទៅ ១ឆ្នាំកន្លះ ពីបទល្មើសដូចគ្នា ដោយខ្លះត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងខ្លះត្រូវបានព្យួរទោស៕