ប្រទេស​ខ្លះ​នៃ​ក្រុម​ប្រទេស​ G7 នៅ​តែ​បារម្ភ​អំពី​គោលនយោបាយ​ការពារ​និយម​របស់​អាមេរិក

រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួប​ថ្នាក់​​រដ្ឋ​មន្ត្រី​នៃក្រុម​ប្រទេស​ G7 នៅ​ទីក្រុង Bari ប្រទេស​អ៊ីតាលី កាល​ពីថ្ងៃ​ទី​១៣ ខែ​ឧសភា។

លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ជឿជាក់​ថា ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​របស់​ពិភពលោក​មាន ភាព​ងាយ​ស្រួល​កាន់​តែ​ខ្លាំង​ឡើង​ជា​មួយ​វិធី​សាស្រ្ត​សេដ្ឋ​កិច្ច​សាកល​របស់​លោក​ប្រធានា​ធិបតី​ ត្រាំ បន្ទាប់​ពី​ជំនួប​ជាមួយ​មេដឹកនាំ​ហិរញ្ញវត្ថុ​សាកល​លោក។

លោក​រដ្ឋ​មន្រ្តី ​Mnuchin ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​ជំនួប​រយៈ​ពេល​២​ថ្ងៃ​ជាមួយ​សមាជិក​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាងគេ​ទាំង​៧​នៅ​លើ​ពិភព​លោកហៅ​កាត់​ថា G7 នៅ​ក្នុង​ទីក្រុង ​Bari ​នៃ​ប្រទេស​អ៊ីតាលី។ លោក​បាន​និយាយ​ថា៖ «ពួក​មេដឹកនាំ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​នៅ​ពេល​សព្វថ្ងៃ​នេះដែល​ពួក​គេ​មាន​ឱកាស​ចំណាយ​ពេល​វេលា​ជាមួយ​ខ្ញុំ​ហើយ​ស្តាប់​លោក​ប្រធានា​ធិបតី ​និង​ឮ​សារ​ស្តី​ពី​សេដ្ឋ​កិច្ច​របស់​យើង‍»។

មន្រ្តី​មកពី​ប្រទេស​ G7 សង្ឃឹម​នឹង​បាន​ដឹង​កាន់​តែ​ច្រើនឡើង​អំពី​ផែនការ​របស់​ប្រ​ធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដែល​ពួកគេ​ព្រួយ​បារម្ភ​ថា​នឹង​ធ្វើ​ឲ្យ​មានឡើង​វិញ​នូវ​គោល​នយោ​បាយការ​ពារ​ទំនិញ​នៅ​ក្នុង​ស្រុក​ ​និង​បណ្តាល​ឲ្យមាន​ការ​ដើ​រ​ថយ​ក្រោយ​លើ​បញ្ហា​នានា​ដូចជា​ការធ្វើ​កំណែទម្រង់​ធនាគារ​និង​ការផ្លាស់​ប្តូរ​អាកាស​ធាតុ។

បន្ទាប់​ពី​ជំ​នួប​នោះ​ ក្រុម​មន្រ្តី​មក​ពី​ប្រទេស​ជប៉ុន​និង​ប្រទេសនានាជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​តែ​មានព្រួយ​កង្វល់​អំពី​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ជា​ពិសេស​បន្ទាប់​ពី​លោក ​Mnuchin ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​រក្សា​សិទ្ធិ​ជា​អ្នក​ការពារ​ទំនិញ​នៅ​ក្នុង​ស្រុក ​ប្រសិន​បើ​ខ្លួន​ជឿ​ជាក់​ថា ​ពាណិជ្ជកម្ម​នោះ​មិន​មាន​លក្ខណៈ​សេរី​ឬ​ត្រឹមត្រូវ​ទេ​នោះ៕