រោងចក្រមួយចំនួនដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានងាកមកផលិតម៉ាសវេជ្ជសាស្ត្រច្រើនប្រភេទដើម្បីបញ្ចៀសការបិទរោងចក្រស្របពេលរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមានការនាំចេញម៉ាសនិងផលិតផលវេជ្ជសាស្ត្រដទៃទៀតដោយសេរីទៅលក់នៅក្រៅប្រទេស។
ចាប់តាំងពីចុងខែមីនាការនាំចេញទៅក្រៅប្រទេសនូវរាល់សម្ភារៈវេជ្ជសាស្ត្រនានា ដូចជាម៉ាស ទឹកអាល់កុលលាងដៃ សម្លៀកបំពាក់ពេទ្យ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយរដ្ឋាភិបាលចង់រក្សាទុកសម្ភារៈទាំងនេះក្នុងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងលិខិតមួយចុះថ្ងៃទី៤ ខែឧសភា លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្រេចអនុញ្ញាតការនាំចេញម៉ាសគ្រប់ប្រភេទ ដោយមិនចាំបាច់ឆ្លងកាត់ការអនុញ្ញាតពីក្រសួងសុខាភិបាលទៀតឡើយ។ ការសម្រេចនេះធ្វើឡើងនៅគ្រាដែលកម្ពុជារកមិនឃើញមានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាជាង៣សប្តាហ៍មកនេះ។
លោក គុណ ញឹម បញ្ជាក់ក្នុងលិខិតនោះថា ការបន្ធូរបន្ថយនេះកើតមាន«ដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រង និងធានាបាននូវស្តុកបម្រុងគ្រប់គ្រាន់នូវមុខទំនិញម៉ាស ដែលបម្រើដល់ការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេស»។
ស្ថិតិរបស់ក្រសួងឧស្សាហកម្ម ដែលកត់ត្រានៅដើមខែមេសានេះបង្ហាញថាមានរោងចក្រយ៉ាងហោច៧ និងសិប្បកម្មយ៉ាងហោច៧មូលដ្ឋាន ផលិតម៉ាស ដែលខ្លះកំពុងដំណើរការ និងខ្លះទៀតកំពុងសុំចុះបញ្ជីផលិតម៉ាសនិងសម្លៀកបំពាក់ពេទ្យ។
ក្រសួងឧស្សាហកម្មលើកឡើងថា បើរោងចក្រនិងសិប្បកម្មទាំងអស់នេះដំណើរការព្រមគ្នា កម្ពុជាមានលទ្ធភាពផលិតម៉ាសយ៉ាងហោចណាស់៩១លានម៉ាសក្នុងមួយខែៗ សម្លៀកបំពាក់ពេទ្យយ៉ាងហោច១៧លានសម្រាប់និងមួកពេទ្យយ៉ាងហោច៩លានមួក។
ខណៈរោងចក្រសហគ្រាសជាច្រើនក្នុងវិស័យកាត់ដេរនេះ ត្រូវបិទទ្វារផ្អាកដំណើរការ បណ្ដាលពីផលប៉ះពាល់នៃការឆ្លងរាលដាលជាសកលនៃវីរុសកូរ៉ូណា នោះ រោងចក្រកាត់ដេរយ៉ាងហោចចំនួន៣ បានបង្វែរឬបន្ថែមការផលិតជាម៉ាសដើម្បីបញ្ចៀសការផ្អាកផលិតកម្ម។ នេះបើតាមតួលេខរបស់រដ្ឋាភិបាលដែលVOAទទួលបាន។
រោងចក្រមីងហ្វៃ(Ming Fai)ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលត្រូវបានក្រសួងសុខាភិបាលបញ្ជាទិញម៉ាសសម្រាប់ស្តុកក្នុងឃ្លាំងបម្រុងប្រើប្រាស់របស់រដ្ឋនោះ បានសម្រេចផ្លាស់ប្តូរទៅផលិតម៉ាសវិញ។
រោងចក្រដែលមានម្ចាស់ជាជនជាតិចិនហុងកុងមួយនេះ ក៏បានរងផលប៉ះពាល់ ដោយសារការបញ្ជាទិញផលិតផលប្រើប្រាស់ក្នុងសណ្ឋាគារ និងយន្តហោះធ្លាក់ចុះ។នេះបើយោងតាម លោក អ៊ឹម សារ៉ាត់ តំណាងរោងចក្រមីងហ្វៃ។
«ដោយសារតែកូវីដ១៩នេះឯងដល់ពេលអ៊ីចឹងទៅ នាំឱ្យតម្រូវការនៃការបញ្ជាទិញហ្នឹងមានការធ្លាក់ចុះ ... ហើយពាក់ព័ន្ធជាមួយនឹងការបញ្ជាទិញពីខាងអឺរ៉ុប ពីខាងអាមេរិកក៏គេផ្អាកអ៊ីចឹង»។
លោក អ៊ឹម សារ៉ាត់ បានថ្លែងប្រាប់VOAតាមទូរស័ព្ទថា ដើម្បីបញ្ចៀសការផ្អាកដំណើរការ រោងចក្រមីងហ្វៃបានបង្វែរផលិតកម្មរបស់ខ្លួនទៅជាការផលិតម៉ាស ដែលជាបរិក្ខារសំខាន់សម្រាប់បម្រើឱ្យសកម្មភាពវេជ្ជសាស្ត្រ និងជីវភាពប្រជាជនទូទៅក្នុងការការពារទប់ទល់នឹងការឆ្លងវីរុសកូរ៉ូណា។
«ដោយសារតែមានតម្រូវការ[ម៉ាស]ពីខាងBuyers (អ្នកបញ្ជាទិញ) ខាងខ្ញុំនេះសម្រេចថា ផលិតបន្ថែមផលិតផលមួយមុខទៀតទាក់ទងនឹងការដេរម៉ាសនេះ»។
រោងចក្រផ្សេងទៀតដែលប្តូរមកផលិតម៉ាស រួមមានរោងចក្រ Roo Hsing Garment ស្ថិតក្នុងខណ្ឌឫស្សីកែវ និងរោងចក្រ Global Apparel Textile (Cambodia) Manufacturing ដែលពីមុនជារោងចក្រកាត់ដេរសម្លៀកបំពាក់។
VOAមិនទាន់អាចទាក់ទងតំណាងរោងចក្រទាំងនេះ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃពុធនេះ។
តំណាងរោងចក្រមីងហ្វៃ លោក អ៊ឹម សារ៉ាត់ បន្ថែមថា បើគ្មានការផលិតម៉ាសនោះទេ រោងចក្រមានការងារតិចតួចប៉ុណ្ណោះសម្រាប់កម្មករ។ លោកបញ្ជាក់ថា ការប្តូរមកផលិតម៉ាសនេះបានរក្សាការងារសម្រាប់កម្មករប្រមាណ៧០%ក្នុងចំណោមកម្មករសរុប២.៣០០នាក់។ លោកថា រោងចក្រនេះក៏មានគម្រោងនាំចេញដែរ បើមានតម្រូវការនិងការបញ្ជាទិញ។
តម្រូវការម៉ាសនិងសម្លៀកបំពាក់ពេទ្យកំពុងមានកម្រិតខ្ពស់នៅទូទាំងពិភពលោក ខណៈករណីឆ្លងសរុបវីរុសកូរ៉ូណាក្នុងសាកលលោក មានទៅដល់ជាង៣លាន៦សែននាក់ គិតត្រឹមសប្ដាហ៍ដំបូងនៃខែឧសភានេះ។
លោកស្រី Fadela Chaib អ្នកនាំពាក្យអង្គការសុខភាពពិភពលោក(WHO) ឱ្យដឹងថាតម្រូវការសម្ភារៈវេជ្ជសាស្ត្របម្រើឱ្យមន្ទីរពេទ្យនៅទូទាំងពិភពលោក រួមមានម៉ាស បំពង់ជំនួយការដកដង្ហើម និងសម្លៀកបំពាក់ពេទ្យ កើនឡើង២០ដងលើសពេលធម្មតា។ លោកស្រីប្រាប់VOAតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលក្នុងន័យដើមថា៖
«យើងបានឃើញរោងចក្រជាច្រើននៅទូទាំងពិភពលោកបានបង្វែរខ្សែសង្វាក់ការផលិតរបស់ខ្លួនទៅផលិតជាឧបករណ៍វេជ្ជសាស្ត្រវិញ។ ការណ៍នេះពិតជាមានតម្រូវការចាំបាច់ណាស់អំឡុងពេលមានកលយុគធ្ងន់ធ្ងរបំផុត[នៃការរាតត្បាតវីរុសកូរ៉ូណា]ដែលមិនធ្លាប់មាននេះ»។
កាលពីថ្ងៃទី៧ ខែមេសា ក្នុងសន្និសីទសារព័ត៌មានមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វាមិនងាយនឹងប្រែក្លាយម៉ាស៊ីនផលិតខោអាវ និងស្បែកជើងទៅផលិតម៉ាសនោះទេ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងខ្ញុំអាចគ្រាន់តែបញ្ជាក់ថា មិនមែនរដ្ឋាភិបាលគិតមិនឃើញទេ។ តាំងពីខ្ញុំចេញប្រជុំ(ជាមួយអ្នក)កាសែតដំបូង ខ្ញុំស្នើឲ្យរោងចក្រនៅក្នុងប្រទេសរបស់យើងផលិតម៉ាស។ ប៉ុន្តែធ្វើទៅមិនរួច ដោយផ្ទេរអាសង្វាក់ផលិតកម្មទៅវាមិនបាន»។
លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ប្រាប់VOAថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យរោងចក្រកាត់ដេរងាកទៅផលិតម៉ាស បើសិនមានលទ្ធភាព តែលោកថា មិនមែនគ្រប់រោងចក្រសុទ្ធតែអាចប្តូរការផលិតបានទេ។
«មិនមែនថា គាត់មិនចង់ទេ។ ប៉ុន្តែអ្នកខ្លះការបង្វែរConvert(ប្តូរ)វាទៅជាការផលិតម៉ាសអ៊ីចឹង ខ្លះគាត់ត្រូវខ្វះអ្នកបច្ចេកទេស ដែលត្រូវរៀបចំ។ អ៊ីចឹង ដែលត្រូវបង្វែរភ្លាមមិនមែនបានដូចចិត្តយើងទេ ត្រូវកែច្នៃខ្សែសង្វាក់ផលិតកម្មខ្លះ។ នេះទីមួយ។ ទីពីរគឺ ចំពោះរោងចក្រមួយចំនួនដែលយើងដឹង ខ្វះគឺខ្វះហើយ តែគាត់ចង់ឱ្យមានការកុម្ម៉ង់ទិញច្បាស់លាស់ដែរ»។
ដូចការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)មានប្រសាសន៍ថា ការបង្វែរផលិតកម្មទៅធ្វើម៉ាសវិញនោះ សម្រាប់រោងចក្រកាត់ដេរ វាមិនមែនជារឿងធម្មតាដែលអាចធ្វើបានដោយងាយឡើយ ដោយសារតែម៉ាស៊ីនផលិតមានទ្រង់ទ្រាយខុសគ្នា ហើយការផលិតម៉ាសទាមទារឱ្យមានបន្ទប់លម្ហផលិតកម្មដែលមានអនាម័យ និងស្អាតបំផុត។
«វាពិបាកខ្លាំងណាស់។ វាមិនដូចលោកគិតថាងាយស្រួលឡើយ។ បើវាងាយនោះ មកដល់ម៉ោងនេះ យើងជារោងចក្រទាំងអស់ធ្វើការបម្លែងមកផលិតម៉ាសរួចទៅហើយ»។
តំណាងសមាគមថៅកែរោងចក្ររូបនេះលើកឡើងថា អ្នកវិនិយោគមិនទាន់រកច្រកចេញឃើញនៅឡើយអំពីជម្រើសសេដ្ឋកិច្ចផ្សេងទៀត ដើម្បីបញ្ចៀសផលប៉ះពាល់ ខណៈអ្នកបញ្ជាទិញនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក មិនទាន់ទទួលផលិតផលដែលផលិតសម្រេច ហើយមិនមានការបញ្ជាទិញថ្មី។
លោកបញ្ជាក់ថា៖«គ្មានជម្រើសអ្វីផ្សេងឡើយ។ នេះហើយជាបញ្ហា»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាប៉ាន់ប្រមាណថា គិតពីខែមករារហូតដល់ចុងខែឧសភាខាងមុខនេះ រោងចក្រដែលបិទ ឬផ្អាកដំណើរការ អាចកើនទៅដល់ប្រមាណ២៤០ ដែលប៉ះពាល់ដល់ការងារកម្មករសរុបប្រមាណ៣០ម៉ឺននាក់។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាយល់ស្របនឹងការលើកឡើងរបស់តំណាងសមាគមរោងចក្រកាត់ដេរ ដោយថ្លែងថា ផលិតកម្មរោងចក្រធំៗ ដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ហាក់ពិបាកប្តូរទៅផលិតម៉ាសវិញ ដែលអ្នកស្រីថា អាចមានតម្រូវការប៉ុន្តែមិនមែនក្នុងរយៈពេលវែងនោះទេ។ មេដឹកនាំសហជីពរូបនេះ ក៏បានបង្ហាញក្តីបារម្ភដែលកម្មករជាច្រើនបានបាត់បង់ការងារនៅក្នុងវិស័យកាត់ដែរនេះ។
វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរ គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា ដែលមានរោងចក្រសរុបប្រមាណ១.០៧០។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មជាង៨០ម៉ឺននាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា ការរាតត្បាតវីរុសកូរ៉ូណានេះនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះថមថយ ពោលគឺអាចធ្លាក់ចុះពីការព្យាករពីមុនដែលថា មានកំណើន៦,៨% នោះធ្លាក់រហូតដល់ទៅ១,៥% ដែលជាការធ្លាក់ចុះខ្លាំងបំផុតលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ៕