សកម្មជន​និង​អ្នក​នយោបាយ​បារម្ភ​ពី​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (កណ្តាល) និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ថតរូបរួមគ្នាមួយមុនកិច្ចប្រជុំលើកទី១០រវាងកម្ពុជា ឡាវ និងវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

ប្រធាន​បទ​ស្តីពី​ «តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ វៀត​ណាម​ ឬ​ហៅថា ​CLV» បាន​ក្លាយ​ជា​ចំណុច​ចម្រូង​ចម្រាសចុង​ក្រោយ​នេះ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ថា ​វៀតណាម​នឹង​គ្រប់គ្រង​តំបន់​នោះ ហើយ​កម្ពុជា​អាច​បាត់​បង់​ទឹកដី​នោះ ដូច​កម្ពុជា​ក្រោម។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្នុង​ឆ្នាំ ​១៩៩៩ ដោយរដ្ឋាភិបាល​ប្រទេស​បី​ គឺ​កម្ពុជា ឡាវ និង​វៀត​ណាម ដែលបាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ខេត្ត​ចំនួន​ ១៣ ​រួម​គ្នា ដើម្បី​អភិវឌ្ឍ។ កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​ ​គឺ​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​។​ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌។

នៅ​គ្រា​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បីកំពុង​តែ​រៀបចំ​ទៅ​តាម​គម្រោង​ ដែល​បាន​ឯកភាព​គ្នា ដើម្បី​អភិវឌ្ឍ​ខេត្ត​របស់​ខ្លួន ​សកម្មជន​សង្គម​ និង​អ្នកនយោ​បាយមួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​។​

លោក ស្រ៊ុន ស្រ៊ន សកម្មជន​ដែល​ផ្សព្វ​ផ្សាយ​អំពីសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​លើក​ឡើង​អំពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​នៃការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ ​វៀតណាម តាម​រយៈទំព័រ​ហ្វេស​ប៊ុកសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដី​ពី​កម្ពុជា ​កាល​ពីថ្ងៃទី​ ២១ ខែ​កក្កដា ​ឆ្នាំ​ ២០២៤។

លោក​អះអាង​ថា ​គុណ​សម្បត្តិ​នៃ​ការ​បង្កើត​តំបន់​ត្រីកោណនេះ​រួម​មាន​ការ​បង្កើតការងារ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​កន្លះ​លាន​នាក់​ដែល​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​បួននោះ ការ​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​បី​ និង​ការ​ធ្វើ​សមាហ​រណកម្ម​អាស៊ាន​ដែល​អាច​កើត​ចេញ​ពីតំបន់​ត្រី​កោណ​នេះ​។

ចំណែកប្រទេស​ឡាវ​មាន​ចំនួន​ប្រជាជន​ប្រហាក់​ប្រហែលកម្ពុជា ខណៈ​វៀត​ណាម​មាន​ប្រជាជនជាង ​៧ ​លាន​នាក់ ​ដែលស្ថិត​នៅ​ក្នុង​តំបន់​ត្រីកោណនោះ។ នេះ​បើ​តាម​លោក ស្រ៊ុន ស្រ៊ន ដែល​បញ្ជាក់​ថា​ ការ​បក​ស្រាយ​របស់​លោក​អំពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​នៃ​តំបន់​ត្រីកោណ​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ថ្លឹង​ថ្លែង​ដោយ​ខ្លួន​ឯង។

លោក ស្រ៊ុន ស្រ៊ន ក៏​បាន​លើក​ឡើង​អំពី​គុណវិបត្តិ​នៃ​ការ​បង្កើត​តំបន់​ត្រីកោណ ​CLV ​នេះ គឺ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា «អាយ៉ង»​ របស់​វៀតណាម ហើយ​អាច​បាត់បង់​ទឹក​ដី​ទាំង​នោះ ដូច​សម័យ​ព្រះជ័យ​ជេដ្ឋា​ទី ២។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​វា​មាន​គុណ​វិបត្តិ​របស់​វា បើ​កាល​ណាតំបន់​ត្រីកោណ​នេះ​បាន​ធ្វើ​មែនរវាង​កម្ពុជា ​វៀត​ណាម ​ឡាវ​ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​អាយ៉ង​របស់​យួន គឺ​ការ​សម្រេច​បាន​នូវក្តី​ស្រមៃ​របស់​យួន​ក្នុង​ការ​បង្កើត​ចលនា​កុម្មុយនីស្ត​ឥណ្ឌូចិន​ ប្រទេ​ស​ឥណ្ឌូចិន។ ​កម្ពុជា ​វៀត​ណាម​ ឡាវ នឹង​មាន​រដ្ឋាភិបាល​តែមួយ​ទេ គឺ​យួន​។ នេះ​ជា​ផល​លំបាក ដ៏​លំបាក​បំផុត​របស់​យើង»។

លោក ស្រ៊ុន ស្រ៊ន ក៏​បារម្ភ​ថា​តំបន់​ត្រីកោណ​នេះ​នឹង​ក្លាយ​ជា​តំបន់​ដែល​ដណ្តើម​ការងារ​ពលរដ្ឋ ហើយ​រង​ការ​កាប់​បំផ្លាញ​ធនធាន​ធម្ម​ជាតិ។

ទោះជា​យ៉ាងណា លោក ស្រ៊ុន ស្រ៊ន បាន​ផ្តល់​ជា​ដំណោះ​ស្រាយ​ចំនួន​បី ​រួម​មាន​ប្រទេស​កម្ពុជា​ត្រូវ​មាននីតិរដ្ឋ ពហុ​បក្ស​ឱ្យ​ទាន់​ពេល​វេលា ​ចំណែក​ពលរដ្ឋ​ត្រូវ​ជំរុញ​ឱ្យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​តែ​អនុវត្ត និង​ត្រូវ​ពង្រីក​និង​ពង្រឹង​ជីវភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​ទាន់​ពេល​វេលា។

ចំណែក​ លោក អ៊ុំ សំអាន អតី​ត​តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​សហរដ្ឋអាមេរិកយល់​ថា ​ការ​បង្កើត​តំបន់​ត្រីកោណ​កម្ពុជា ឡាវ វៀតណាម ​គឺ​កម្ពុជា​មិន​មាន​អ្វី​ចំណេញ​អ្វី​នោះ​ឡើយ។ លោក​បន្ថែម​ថា ​រដ្ឋា​ភិបាល​កម្ពុជាដាក់​តំបន់​នោះ ដើម្បី​អភិវឌ្ឍ​គ្រាន់​តែ​ជា ​«លេស» ​ប៉ុណ្ណោះ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ក៏​ប៉ុន្តែ​លោក ហ៊ុន សែន ជំពាក់​គុណ​យួន​ដោយ​សារយួន​លើក​បន្តុប​ កាល​ពី​ទស្សវត្តិ៍​ទី ​៨០ ដូច្នេះ​គាត់​ដឹង​គុណ​យួន ​គាត់​ចង់​ដាក់​ខេត្ត​ទាំង​៣​ហ្នឹង​ រួម​អភិវឌ្ឍ​ជាមួយ​វៀតណាម​ ដើម្បី​ជា​ការ​ដឹង​គុណ​វៀតណាម ដែល​វៀត​ណាម​លើក​បន្តុប​គាត់​តាំង​ពី​ទស្សវត្តិ៍​ទី​ ៨០​ ហើយ​ដើម្បី​រំឭក​ពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដែល​មាន​បីប្រទេស ​កម្ពុជា​ វៀត​ណាម ឡាវ​ផង ហើយ​ថ្ងៃ​ក្រោយ​អាចដី​ទាំង​អស់​ហ្នឹង​ បួនខេត្ត​ហ្នឹង​ បាត់​ទៅ​ប្រទេស​វៀត​ណាម»។

បើ​តាម​អតី​ត​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​រូប​នេះ​ ការ​រិះគន់​អំពី​តំបន់​ត្រីកោណ កម្ពុជា ឡាវ វៀត​ណាម​នេះ ​ត្រូវ​បាន​លោក​បណ្ឌិត កែម ឡី ​លើក​ឡើង​តាំង​ពី​ឆ្នាំ ​២០១៥​ មក​ ដែល​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​បង្កើត​តំបន់​មួយ​នេះ​។ ​ប៉ុន្តែ​ករណី​មួយ​នេះ​ ប្រជា​ពលរដ្ឋ​ទើបតែចាប់​អារម្មណ៍​សាជាថ្មី នៅពេលប្រធានាធិបតី​វៀត​ណាម លោក តូ​ ឡឹម (To Lam) មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ នៅ​ខែ​កក្កដា​នេះ ​ដោយ​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​កំពូល​កម្ពុជាផ្សេងៗ​ទៀត។

លោក ថង សាវុន អភិបាល​ខេត្ត​មណ្ឌលគិរី ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា តំបន់​ត្រី​កោណ​កម្ពុជា​ ឡាវ វៀត​ណាម (​CLV) មិន​ទាន់​មាន​ការ​វិវឌ្ឍ​អ្វី​នៅ​ឡើយ​ទេ​។ ​លោក​បន្ត​ថា ​រដ្ឋាភិបាល​មាន​គោល​បំណង​អភិវឌ្ឍ​តំបន់​ដាច់​ស្រយាល​នៃ​តំបន់​ត្រីកោណ​នេះ។

អភិបាល​ខេត្ត​រូបនេះ​បាន​ប្រតិកម្ម​ទៅ​នឹង​សំណួរ​ដែល​អ្នក​សារព័ត៌មាន​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​លើក​ឡើង​របស់អ្នក​តាម​ដាន​ ដែល​ព្រួយបារម្ភ​ថា​កម្ពុជា​អាច​បាត់​បង់​ទឹក​ដី នៅ​ពេល​ដាក់​ខេត្ត​ជា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​។

លោក​ថ្លែង​ថា៖​ «ទេ!​ ដូច​អត់​មានគោល​ការណ៍​ណា ​ត្រូវ​ខ្លាច ឬ​គោល​បំណង​ត្រូវ​ខ្លាច​បាត់​បង់​អីទេ ​គោល​បំណង​គឺ​អភិវឌ្ឍ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល អត់​មាន​គិតអី​ បំណង​អី​ត្រូវបារម្ភ​អី ​បាត់ប​ង់អី​ដូច​តំបន់ណា ក្នុង​ប្រទេស​ណា​ដូច​ប្រទេស​ណា​នោះ​ទេ​។​ ខ្លាច​ខាត​បង់ ​ខាត​អី​ ពីណា​ផលិត​គ្រាប់ ​ពីណា​អ្នក​បំផ្លាញ​ឥឡូវ​នេះ​។...​ព្រួយ​បារម្ភ​ជាង​គេ​ម៉្លេះ​ ហើយ​យើង​ព្រួយ​បារម្ភ​ម៉្លេះ យក​គ្រាប់​ឱ្យ​គេ​បំផ្លាញ​ប្រទេស​ជាតិ អាហ្នឹង​ម៉េច អាហ្នឹង​? ​បារម្ភ​ម៉េច ​បារម្ភ​អី​ជាង​ពីណា ​ពីណា​លើក​ឡើង​ ឱ្យ​មក​បញ្ជាក់​ប្រាប់​ខ្ញុំ​មក ហើយ​ហៅ​មក​ជួប​មក​។ ចេះ​តែ​លើក​ឡើង​ផ្តេស​ផ្តាស​អត់​មាន​អី​ឆ្ងល់ ដូច​ខ្វះ​ការងារ​ធ្វើ​អី គេ​កំពុង​នាំ​គ្នា​អភិវឌ្ឍ ​សប្បាយ​ប្រទេស។ ហើយ​មក​ចង់​មាន​បំណង​ម៉េច ​ចង់​បំផ្លិច​បំផ្លាញ​សណ្តាប់​ធ្នាប់ ​សន្តិសុខ​ប្រទេស។ ឃើញ​ប្រទេស​ខ្លួន​ឯង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម សប្បាយ​ចិត្ត​អី លោក​ឯង​ហ្នឹង​»​?

នៅ​ក្នុង​សន្និសីទ​នៅ​រសៀល​ថ្ងៃ​អង្គារ អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ចេញមុខ​បកស្រាយ ដោយ​លើក​ឡើង​ថា​ លោក​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​នេះ ​ហើយ​លោក​បាន​សុំ​ឱ្យ​ប្រទេស​ឡាវ​គាំទ្រ​គំនិត​នេះ។ លោក​បន្ថែម​ថា​ កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​គេ​ក្នុង​ការ​បង្កើត​តំបន់​ត្រីកោណ​នេះ។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ថា ​អ្នក​ដែល​ញុះញង់​ថា​កម្ពុជា​កាត់​ដី​ឱ្យ​វៀតណាម​គ្រប់គ្រង​ តាម​រយៈ​ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​នោះ​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់។

លោក​ថ្លែង​ថា៖ ​«ក្នុងប៉ុន្មាន​ថ្ងៃនេះ ​មាន​ការ​មួល​បង្កាច់ ដែល​មិន​អាច​អត់​ឱន​បាន​ទេ សម្រាប់​ជនទាំង​ឡាយ​ណា ដែល​បាន​មួល​បង្កាច់​សភាព​ការណ៍​នេះ រហូត​ដល់​ចោទ​មេដឹក​នាំកម្ពុជា ​ជា​ពិសេស​ខ្លួនខ្ញុំ ​ព្រះករុណាខ្ញុំ ក៏​ដូចជា​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត​ ថា​ជា​ជន​ក្បត់ជាតិ ទាក់​ទិន​ការ​កាត់​ដីបួនខេត្ត​ទៅ​ឱ្យ​វៀត​ណាម​»។ ​

ក្រោយ​ការ​ថ្លែង​របស់ ​លោក ស្រ៊ុន ស្រ៊ន សមត្ថកិច្ច​ខេត្ត​សៀមរាប​បាន​ចាប់​ខ្លួន​រូប​លោក និង​សហការី​របស់​លោក​ពីរ​នាក់ គឺ​កញ្ញា ភឹង សោភា ​និង​លោក សាន ​សិទ្ធ ​ដែល​និយាយ​អំពី​គុណ​សម្បត្តិ ​និង​គុណវិបត្តិ​នៃ​តំបន់​ត្រី​កោណ។ ​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង និង​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​។ ​នេះ​បើ​តាម​ លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​។ ​លោក​បន្ថែមថា​ ការលើក​ឡើង​របស់​ពួកគេ​ហួស​ពី​ព្រំដែន​នៃ​ការ​បញ្ចេញ​មតិ​៕