សង្រ្គាមស៊ីវិលនិងអវត្តមាននៃតួនាទីរដ្ឋាភិបាលនៅប្រទេសសូម៉ាលីអស់រាប់ទសវត្សរ៍ បានបណ្តាលឲ្យយុវវ័យជាច្រើនរស់នៅដោយគ្មានជំនាញដើម្បីរកប្រាក់ចញ្ចឹមជីវិត ជាពិសេសគឺស្ត្រីដែលប្រឈមនឹងរបាំងវប្បធម៌។ ដោយមានជំនួយពីរដ្ឋាភិបាលប្រទេសន័រវេស នាពេលថ្មីៗនេះមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកទេស Hayle Barise បានចាប់ផ្តើមបើកដំណើរការនៅក្នុងរដ្ឋធានីម៉ូហ្គាឌីស្សូដើម្បីជួយបង្រៀនជំនាញថ្មីៗដល់ពួកយុវវ័យ។
នាង Zowdo Hussein កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលនេះដើម្បីក្លាយជាជាងភ្លើង និងសង្ឃឹមថាអាចជួយត្រួសត្រាយផ្លូវសម្រាប់ស្រ្តីដ៏ទៃអាចរកការងារធ្វើបាននៅក្នុងវិស័យការងារដែលគ្របដណ្តប់ដោយបុរស។ នាង Zowdo Hussein មានអាយុ១៨ឆ្នាំ ធ្វើការជាជាងភ្លើងត្រួតពិនិត្យថាមពលព្រះអាទិត្យនៅឯសាលាបច្ចេកទេស Hayle Barise ក្នុងរដ្ឋធានីម៉ូហ្គាឌីស្សូ។
នាងចង់ធ្វើការជាជាងភ្លើងឲ្យក្រុមហ៊ុនអគ្គិសនីធំមួយដែលនឹងជួយផ្តល់ពន្លឺក្នុងប្រទេសសូម៉ាលីទាំងមូល។ ក្តីស្រម័យនេះស្ថិតនៅសែនឆ្ងាយពីអតីតកាលរបស់នាង នៅពេលដែលសង្គ្រាមនៅរដ្ឋធានីម៉ូហ្គាឌីស្ស៊ូបានបង្ខំឲ្យគ្រួសាររបស់នាងរស់នៅតាមផ្លូវដែលពោរពេញដោយអំពើហិង្សាក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី។ នាងនិយាយថា វគ្គបណ្តុះបណ្តាលនេះបានផ្លាស់ប្តូរជីវិតរបស់នាង និងទស្សនៈរបស់នាងអំពីអ្វីដែលអាចកើតឡើងបាន។
នាង Zowdo Hussein បាននិយាយថា៖ «ប្រសិនបើខ្ញុំមិនបានចូលរៀននៅក្នុងមជ្ឈមណ្ឌលនេះទេ ខ្ញុំប្រហែលជានៅធ្វើការក្នុងផ្ទះ ឬប្រហែលជាត្រូវរៀបការរួចហើយ។ ប៉ុន្តែឥឡូវនេះខ្ញុំកំពុងរៀនជំនាញសំខាន់ ដូចជាការតំឡើងភ្លើង ហើយនេះគឺជាជីវិតរបស់ខ្ញុំ»។
មជ្ឈមណ្ឌលនេះបង្រៀនសិស្សសាលាឲ្យរៀនពីពហុជំនាញនិងជំនាញដែលចាំបាច់ដើម្បីតម្រូវតាមការងារទីផ្សារ។
នាង Hussein បានប្រើប្រាស់ជំនាញជាជាងភ្លើងរួចហើយ ដោយបានជួយជួសជុលភ្លើងឲ្យអ្នកជិតខាង និងទទួលបានប្រាក់កម្រៃបន្តិចបន្តួចបន្ថែមទៀត។ នាងគឺជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីពីរបីនាក់ផ្សេងទៀតដែលទទួលបានការបណ្តុះបណ្តាលឲ្យក្លាយជាជាងភ្លើង ប៉ុន្តែបុគ្គលិកសាលារៀននេះបានទស្សន៍ទាយថានឹងមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។
លោក Badri Abdi Barise ជាបុគ្គលិកម្នាក់នៅសាលាបច្ចេកទេស Hayle Barise បាននិយាយថា៖ «បើគិតតាមប្រពៃណី ស្រ្តីរស់នៅប្រទេសនេះមិនអាចធ្វើជាអ្នកបច្ចេកទេសបានទេ។ ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលពិភពលោកហាក់ដូចជាមាននិន្នាការទៅរកការងារដែលមានសមភាពយេនឌ័រនោះ ស្រ្តីដែលរស់នៅក្នុងប្រទេសនេះកំពុងចាប់ផ្តើមប្រែក្លាយជាស្រ្តីក្លាហានដើម្បីប្រឡូកនៅក្នុងវិស័យការងារនានា។ កាលពីដំបូងឡើយមានស្រ្តីតិចតួចប៉ុណ្ណោះ។ ឥឡូវនេះយើងមានជាងភ្លើងជាស្រ្តី២១នាក់ហើយយើងរំពឹងថានឹងមានស្រ្តីរាប់រយនាក់បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ»។
នាង Hussein សង្ឃឹមថានៅពេលដែលនាងក្លាយជាជាងភ្លើងហើយនោះ វានឹងជួយលើកទឹកចិត្តដល់ស្រ្តីផ្សេងៗទៀតឲ្យចូលរៀនជំនាញបច្ចេកទេស និងជួយកសាងជីវិតពួកគេឲ្យបានប្រសើរឡើងផងដែរ។
ប៉ុន្តែនាងទទួលស្គាល់ថា នាងប្រឈមនឹងការមាក់ងាយនៅក្នុងសង្គម ជាកន្លែងដែលទទួលនាទីរបស់ស្រ្តីត្រូវបានកំណត់យ៉ាងតឹងរឹងនៅក្នុងជីវិតគ្រួសារ។
នាង Zowdo Hussein បាននិយាយបន្ថែមទៀតថា៖ «ដោយសារតែមិនដែលមានស្រ្តីធ្វើការនៅក្នុងវិស័យនេះពីមុនមក ដូច្នេះហើយខ្ញុំគឺមនុស្សម្នាក់ដែលគេចាប់អារម្មណ៍គ្រប់គ្នា ជាពិសេសនៅពេលដែលខ្ញុំធ្វើការនៅក្នុងវិស័យការងាររបស់បុរស និងជួសជុលឬតំឡើងភ្លើង។ ខ្ញុំមានអារម្មណ៍ថាខ្មាស់គេដោយសារតែពួកគេនាំគេមកមើលខ្ញុំ។ អ្នកខ្លះគិតល្អលើខ្ញុំ ប៉ុន្តែពួកគេភាគច្រើនមិនសរសើរខ្ញុំទេ»។
បុរសនៅតែគ្រប់គ្រងនៅតាមកន្លែងធ្វើការ និងមានអំណាចនិងឥទ្ធិពលលើការសម្រេចចិត្តធំៗ។ ជាការពិតស្រ្តីប្រឈមនឹងការងារ។ ប៉ុន្តែនាង Hussein និយាយថា ការណ៍នេះមិនបំបាក់ទឹកចិត្តនាងពីការផ្តោតលើការងាររបស់នាង និងការព្យាយាមដើម្បីធ្វើឲ្យជីវិតនាងបានប្រសើរនោះឡើយ៕