អ្នកនេសាទថៃបួននាក់ដែលបានត្រូវចាប់ខ្លួនជាចំណាប់ខ្មាំងដោយក្រុមចោរសមុទ្រសូម៉ាលីជិតប្រាំឆ្នាំបានត្រូវដោះលែងហើយ។
លោក Nicholas Kay ប្រេសិតអ.ស.ប.ទទួលបន្ទុកកិច្ចការប្រទេសសូម៉ាលីបានបញ្ជាក់ថាពិតហើយលោកបានស្វាគមន៍ដល់ការដោះលែងក្រុមចំណាប់ខ្មាំងនេះកាលពីថ្ងៃសុក្រ។ អ្នកនេសាទថៃទាំងនេះបានជាប់ឃុំឃាំងយូរជាងជនឯទៀតៗដែលក្រុមចោរសមុទ្រសូម៉ាលីបានចាប់ជាចំណាប់ខ្មាំងដោយពួកគេបានត្រូវចាប់ខ្លួនកាលពីខែមេសាឆ្នាំ២០១០។
អ.ស.ប.បាននិយាយថាក្រុមចោរសមុទ្រសូម៉ាលីនៅតែឃុំឃាំងចំណាប់ខ្មាំង២៦នាក់ទៀតដែលជនទាំងនេះជានាវិកនៃកប៉ាល់ឈ្មោះ FV Naham 3 ដែលជានាវាដោតទង់ជាតិប្រទេសអូម៉ង់ (Oman) ដែលបានត្រូវចោរសមុទ្រប្លន់នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីខែមីនាឆ្នាំ២០១២។
បើតាមអ.ស.ប.ថា ជនជាតិថៃទាំងបួននាក់នេះបានត្រូវដោះលែងកាលពីថ្ងៃពុធហើយបានត្រូវប្រគល់ខ្លួនទៅឱ្យក្រុមមន្ត្រីនៅក្នុងតំបន់ Galmudug នៃប្រទេសសូម៉ាលី។
អ.ស.ប.និយាយថាជនទាំងបួននាក់នេះជាក្រុមនាវិកចុងក្រោយបំផុតក្នុងបណ្តាក្រុមនាវិក២៤នាក់ធ្វើការនៅលើកប៉ាល់នេសាទត្រីតៃវ៉ាន់នៅពេលនាវានេះបានត្រូវប្លន់និងកាន់កាប់ដោយក្រុមចោរសមុទ្រហើយបានត្រូវកែប្រែឱ្យទៅជាកប៉ាល់ធំសម្រាប់ធ្វើប្រតិបត្តិការប្លន់ក្នុងសមុទ្រ។
នៅពេលបន្ទាប់មកកប៉ាល់នេះបានក្រទ្បាប់លិចហើយក្រុមចំណាប់ខ្មាំងបានត្រូវនាំខ្លួនទៅកាន់ឆ្នេរសមុទ្រ។ ក្នុងបណ្តាមនុស្សទាំង២៤នាក់នេះ ប្រាំមួយនាក់បានស្លាប់ដោយសារជំងឺហើយ១៤នាក់បានត្រូវដោះលែងទៅឱ្យអាជ្ញាធរសមុទ្រកាលពីខែឧសភាឆ្នាំ២០១១។
ការប្លន់តាមសមុទ្រនៅក្នុងលំហរសមុទ្រទល់មុខនឹងឆ្នេរសមុទ្រប្រទេសសូម៉ាលីបានចុះថយពីកម្រិតខ្ពស់ក្នុងឆ្នាំ២០១១នៅពេលដែលក្រុមចោរសមុទ្របានប្លន់នាវា២៨គ្រឿង។
នៅក្រោយមានការយាមល្បាតនៃកងនាវាចម្បាំងអន្តរជាតិហើយក្រុមហ៊ុននាវាចរណ៍បានចាប់ផ្តើមដាក់ពួកឆ្មាំប្រដាប់អាវុធនៅលើកប៉ាល់ពួកគេមក
ឧប្បត្តិហេតុចោរប្លន់តាមសមុទ្របានចុះថយយ៉ាងច្រើនដោយគ្មានការប្លន់តាមសមុទ្រទេកាលពីឆ្នាំទៅមិញ៕