ពួក​សកម្ម​ប្រយុទ្ធ​អាល់កៃដា​​៧០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​សូម៉ាលី

រូបឯកសារ៖ កង​កម្លាំង​សន្តិសុខ​ដើរ​កាត់​កង់ឡាន​ដែល​ឆេះ ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​មួយ​នៅ​ទីក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

ក្រុម​មន្ត្រី​យោធា​សូម៉ាលី​បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា ពួក​សកម្ម​ប្រយុទ្ធ​អាល់កៃដា​ចំនួន ៧០​នាក់​ត្រូវ​បាន​សម្លាប់ ខណៈ​ពួក​គេ​ព្យាយាម​ដណ្ដើម​កាន់​កាប់​មូលដ្ឋាន​យោធា​របស់​រដ្ឋាភិបាល​និង​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្បែរ​ទីក្រុង​កំពង់​ផែ​ Kismayo ភាគ​ខាង​ត្បូង​ប្រទេស​សូម៉ាលី។

មន្ត្រី​យោធា​បាន​ប្រាប់​វីអូអេ​ថា ពួក​សកម្ម​ប្រយុទ្ធ​បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​មិន​រំពឹង​ទុក​កាល​ពី​ថ្ងៃសៅរ៍​នៅ​ឯ​មូលដ្ឋាន​យោធា​ក្បែរ​ភូមិ Bula Gudud ចម្ងាយ​៥០​គីឡូ​ម៉ែត្រ​ខាង​ជើង​ក្រុង Kismayo ដោយ​ចាប់​ផ្តើម​ពី​ការ​បំ​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​ចំនួន​បី។ បន្ទាប់​មក​ក្រុម​សកម្ម​ប្រយុទ្ធ​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​រាប់​សិប​នាក់​បាន​វាយ​ប្រហារ​មូលដ្ឋាន​នោះ​ពី​គ្រប់​ទិស។

លោក Abdinur Ibrahim អ្នក​នាំពាក្យ​សន្តិសុខ​ប្រចាំ​តំបន់ បាន​ប្រាប់​វីអូអេ​ថា «ភេរវករ​បាន​វាយ​ប្រហារ​មូលដ្ឋាន​ ដោយ​បំ​ផ្ទុះ​គ្រាប់​បែក​អត្តឃាត ​ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ក៏​កើត​មាន​ឡើង។ យើង​បាន​កម្ចាត់​ពួក​វា ហើយ​បង្ខំ​ពួកវារត់​ភៀស​ខ្លួន​យក​ប្រាស​អាយុ។​ យើង​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​យ៉ាង​តិ​ច៧០​នាក់​ក្នុង​អំឡុង​ពេល​វាយ​លុក​និង​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​បន្ត»។

ក្រុម​ប្រដាប់​អាវុធ​មាន​ទំនាក់​ទំនង​ជាមួយ​ពួក​ al-Qaida បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​នៅ​មូលដ្ឋាន​យោធា ហើយ​បាន​និយាយ​ថា ទាហាន​សូម៉ាលី​៤១​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ៕