នាយករដ្ឋមន្ត្រីកោះ Solomon Islands លោក Manasseh Sogavare បាននិយាយកាលពីថ្ងៃសុក្រថា លោកបានធានាដល់ប្រទេសអូស្ត្រាលីថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីរបស់ខ្លួនឡើយ។
ប្រទេស ដែនកោះនេះបានក្លាយជាចំណុចកណ្តាលនៃជម្លោះការទូតនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងសម្ព័ន្ធមិត្តរបស់ពួកគេនៅម្ខាង និងប្រទេសចិនដែលបង្កើនឥទ្ធិពលកាន់តែខ្លាំងនៅម្ខាងទៀត។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានជួបលោកSogavare ក្នុងទីក្រុងកង់បេរ៉ា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្រួលទំនាក់ទំនងដែលត្រូវបានបែកបាក់ចាប់តាំងពីកោះសូឡូម៉ុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងប៉េកាំងនៅឆ្នាំនេះ ដែលជាសកម្មភាពដែលបង្កឱ្យមានការភ័យខ្លាចចំពោះវត្តមានយោធារបស់ចិននៅក្នុងតំបន់។
លោក Sogavare បាននិយាយនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សំណួរដែលផ្ញើដោយទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «អំពីប្រទេសចិន នេះគឺជាបញ្ហារសើបដែលយើងបានពិភាក្សា ហើយខ្ញុំធានាដល់ប្រទេសអូស្ត្រាលី នៅពេលដែលខ្ញុំបានជួបជាមួយលោក Anthony Albanese កាលពីម្សិលមិញថា យើងនឹងមិនអនុញ្ញាតឱ្យមានរឿងបែបនេះកើតឡើងនោះទេ» ។
ទោះយ៉ាងណាក៏ដោយកាលពីមុនលោក Sogavare បាននិយាយថា ប្រទេសចិននឹងត្រូវបានអនុញ្ញាតឱ្យសាងសង់កំពង់ផែ និងអាកាសយានដ្ឋាន ដែលអាចមានប្រយោជន៍សម្រាប់ទាំងគោលបំណងស៊ីវិលនិងយោធា។
កោះ Solomon Islands (សូឡូម៉ុង) បានប្តូរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិទៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៩ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរបស់ខ្លួនជាមួយប្រទេសចិនកាលពីដើមឆ្នាំនេះ។
ទំនាក់ទំនងរវាងកោះសូឡូម៉ុងនិងអូស្ត្រាលី មានភាពតានតឹងក្នុងប៉ុន្មានខែថ្មីៗនេះ។
នៅក្នុងខែកញ្ញា ទីក្រុងកង់បេរ៉ា បានស្នើជួយផ្តល់មូលនិធិដល់កោះ Solomon Islands រៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ ប៉ុន្តែពេលដំបូងលោក Sogavare បានថ្កោលទោស ប៉ុន្តែក្រោយមកបានទទួលយក។
រដ្ឋាភិបាលកោះ Solomon Islands មានភាពរសើបចំពោះការរិះគន់ដល់ ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន៕
នាយករដ្ឋមន្ត្រីកោះ Solomon Islands ប្រាប់អូស្ត្រាលីថាគ្មានវត្តមានយោធាចិនទេ

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese (ស្តាំ) និងនាយករដ្ឋមន្ត្រីកោះ Solomon Islands លោក Manasseh Sogavare ចាប់ដៃនៅមុនជំនួបទ្វេភាគីនៅសភាអូស្ត្រាលីនៅក្រុងកង់បេរ៉ា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
ក្រុង Sydney ប្រទេសអូស្ត្រាលី —