យាន​អវកាស​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប បាន​ហោះ​ទៅ​ជិត​ព្រះអាទិត្យ​បំផុត​ក្នុង​ពេល​កន្លង​មក

យានអវកាស​ហោះ​ទៅ​កាន់​ព្រះអាទិត្យ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អង្គការ​ NASA របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ចេញ​ដំណើរ​ទៅ​កាន់​អវកាស​ពី​ស្ថានីយ៍ Cape Canaveral Air Force ក្នុង​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក​ ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២០។

យាន​អវកាស​ហោះ​ទៅ​កាន់​ព្រះអាទិត្យ​នៃ​បេសកកម្ម​រួម​គ្នា​រវាង​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ហោះ​ទៅ​ជិត​ព្រះអាទិត្យ​បំផុត​ជា​លើក​ដំបូង ដោយ​នៅ​ចម្ងាយ​ប្រមាណ ៧៧ លាន​គីឡូម៉ែត្រ​ពី​ព្រះ​អាទិត្យ ហើយ​បាន​ថត​រូប​ព្រះអាទិត្យ​ចេញ​ពី​កន្លែង​ជិត​បំផុត​នោះ​ជា​លើក​ដំបូង​បង្អស់។

កិច្ច​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក NASA និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA បាន​ចាប់ផ្តើម​កាល​ពី​ខែ​កុម្ភៈ នៅ​ពេល​យាន​អវកាស​នេះ​ត្រូវ​បាន​បង្ហោះ​ពី​ជ្រោយ Canaveral ក្នុង​រដ្ឋ Florida។

យាន​អវកាសនេះ​បានត្រូវ​រចនា​ឡើង​ដើម្បី​ពិនិត្យ​មើល​តំបន់​ប៉ូល​នៃ​ព្រះអាទិត្យ​ឲ្យ​បាន​ជិត​បំផុត និង​សង្កេត​មើល​សកម្មភាព​នៃ​មេដែក​របស់​ព្រះអាទិត្យ​ជា​លើក​ដំបូង។

ពួក​អ្នក​វិទ្យាសាស្ត្រ​នៃ​ទីភ្នាក់ងារ​អវកាស ESA និង NASA បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ថា យាន​អវកាស​នេះ​បាន​ហោះ​ទៅ​ជិត​ព្រះអាទិត្យ​ជា​លើក​ដំបូង​នៅ​ចម្ងាយ​ប្រមាណ ៧៧ លាន​គីឡូម៉ែត្រ គឺ​ប្រមាណ​ជា​ចម្ងាយ​ពាក់​កណ្ដាល​រវាង​ផែនដី និង​ផ្កាយ។

ពួក​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​ការ​ហោះ​ទៅ​ជិត​ព្រះអាទិត្យ​នេះ ដើម្បី​ពិសោធន៍​ឧបករណ៍​វិទ្យាសាស្ត្រ​ចំនួន ១០ របស់​យាន​អវកាស​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​កែវយឹត​ចំនួន ៦ ផង​ដែរ។

ទីភ្នាក់ងារ​អវកាស​ទាំង​ពីរ​នេះ​បាន​បញ្ជាក់​ថា រូបថត​ព្រះអាទិត្យ​ដែល​យាន​អវកាស​នេះ​បាន​ថត​នឹង​ចេញ​ផ្សាយ​នៅ​ខែ​កក្កដា​ខាង​មុខ។

ទីភ្នាក់ងារ​អវកាស ESA ថ្លែង​ថា នៅ​ពេល​នេះ យាន​អវកាស​នេះ​ស្ថិត​នៅ​ចម្ងាយ ១៣៤ លាន​គីឡូម៉ែត្រ​ពី​ផែនដី ដូច្នេះ​គេ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​មួយ​សប្តាហ៍​ដើម្បី​បញ្ជូន​រូប​ព្រះ​អាទិត្យ​ដែល​ថត​បាន​ទាំង​នោះ​មក​កាន់​ភព​ផែនដី។

ពួក​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា ឧបករណ៍​នៅ​ក្នុង​យាន​អវកាស​នេះ​នឹង​ជួយ​ឲ្យ​យើង​ដឹង​អំពី​អាថ៌កំបាំង​នៃ​ទិដ្ឋភាព​នៅ​ខាង​ក្នុង​ព្រះអាទិត្យ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន យាន​អវកាស​នេះ​នឹង​ហោះ​ទៅ​កាន់​ចម្ងាយ​ប្រមាណ ៤២ លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ដោយ​ជិត​ជាង​ចម្ងាយ​រវាង​ភព​ព្រះ​ពុធ និង​ព្រះ​អាទិត្យ​ទៅ​ទៀត។ នៅ​ក្នុង​ចម្ងាយ​នេះ យាន​អវកាស​នេះ​នឹង​ប្រឈម​នឹង​សីតុណ្ហភាព​រហូត​ដល់ ៦ រយ​អង្សារសេ ដែល​ក្តៅ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​អាលុយមីញ៉ូម​រលាយ​បាន។

ប្រសិនបើ​បេសសកម្ម​នេះ​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹងទុក យាន​អវកាស​នេះ​នឹង​អាច​ថត​រូប​ប៉ូល​របស់​ព្រះអាទិត្យ​បាន ក៏​ដូចជា​អាច​ត្រួត​ពិនិត្យ​មើល​តំបន់​ដែន​ប្រព័ន្ធ​ព្រះអាទិត្យ និង​ខ្យល់​ព្រះអាទិត្យ​បាន។

បន្ទាប់ពី​បាន​ហោះ​ជុំវិញ​ភព​ព្រះសុក្រ​មក គេ​រំពឹង​ថា យាន​អវកាស​នេះ​នឹង​ហោះ​ទៅ​ជិត​ព្រះអាទិត្យ​ទៀត​នៅ​ដើម​ឆ្នាំ ២០២២៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ