ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ NASA យក​ឈ្មោះ​ប្រធាន​ផ្នែក​តារាសាស្ត្រ​ដំបូង​បង្អស់​របស់​ខ្លួន ដាក់​ឱ្យ​កែវយឹត​ដែន​អវកាស​ជំនាន់​ថ្មី


អ្នកស្រី Nancy Grace Roman ​ជា​ប្រធាន​ផ្នែក​តារាសាស្ត្រ​ដំបូង​បង្អស់​របស់​អង្គការ NASA៊។
អ្នកស្រី Nancy Grace Roman ​ជា​ប្រធាន​ផ្នែក​តារាសាស្ត្រ​ដំបូង​បង្អស់​របស់​អង្គការ NASA៊។

កាល​ពី​ថ្ងៃ​ពុធ​ទី ២០ ខែ​ឧសភា ទីភ្នាក់ងារ NASA បាន​ប្រកាស​ថា ខ្លួន​នឹង​យក​ឈ្មោះ​អ្នកស្រី Nancy Grace Roman ដែល​ជា​ប្រធាន​ផ្នែក​តារាសាស្ត្រ​ដំបូង​បង្អស់​របស់​ខ្លួន សម្រាប់​ដាក់​ឈ្មោះ​ឱ្យ​កែវ​យឹត​ដែន​អវកាស​ជំនាន់​ថ្មី ដើម្បី​ជា​ការ​ផ្ដល់​កិត្តិយស​ជូន​ដល់​អ្នកស្រី។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន ទីភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក​នេះ នៅ​ឆ្នាំ​នេះ បាន​ហៅ​អ្នកស្រី Roman ថា​ជា «មាតា» នៃ​កែវយឹត​ដែន​អវកាស Hubble របស់​ទីភ្នាក់ងារ NASA ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​ទី​អវកាស​ដំបូង​កាល​ពី ៣០ ឆ្នាំ​មុន។

ទីភ្នាក់ងារ NASA បញ្ជាក់​ថា អ្នកស្រី Roman បាន​តស៊ូ​មតិ​ដោយ​គ្មាន​ការ​នឿយហត់​ឱ្យ​មាន​ឧបករណ៍​ថ្មីៗ​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ទូលំទូលាយ​អំពី​ចក្រវាឡ​ពី​ដែន​អវកាស។

អ្នកស្រី Roman ដែល​មាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​តារាសាស្ត្រ​ពី​សាកល​វិទ្យាល័យ Chicago បាន​ចូល​ធ្វើការ​ក្នុង​ទីភ្នាក់ងារ NASA កាល​ពី​ឆ្នាំ ១៩៥៩ គឺ​ក្នុង​ពេល ៦ ខែ​ក្រោយ​មក បន្ទាប់ពី​ភ្នាក់ងារ​នេះ​បាន​បង្កើត​ឡើង។ អ្នកស្រី​បាន​បម្រើការ​ជា​ប្រធាន​ផ្នែក​តារាសាស្ត្រ​នៅ​ក្នុង​ការិយាល័យ​វិទ្យាសាស្ត្រ​អវកាស។

បើ​យោង​តាម​ទីភ្នាក់ងារ NASA អ្នកស្រី Roman បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​អាជីព​របស់​អ្នកស្រី​ដើម្បី​រក​វិធី​ថ្មីៗ​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​ចក្រវាឡ។

នៅ​ពាក់​កណ្តាល​ទសវត្សរ៍ ១៩៦០ អ្នកស្រី​បាន​បង្កើត​គណៈកម្មាធិការ​មួយ​នៃ​ក្រុម​តារាវិទូ និង​វិស្វករដើម្បី​ស្ថាបនា​កែវ​យឹត​មួយ​ដែល​អាច​សម្រេច​គោលដៅ​សំខាន់ៗ​ខាង​វិទ្យាសាស្ត្រ​បាន។

អ្នកស្រី​បាន​និយាយ​បញ្ចុះបញ្ចូល​ទីភ្នាក់ងារ NASA និង​សភា​សហរដ្ឋ​អាមេរិក​ថា វា​ជា​អាទិភាព​មួយ​នៅ​ក្នុង​ការ​បង្ហោះ​កែវយឹត​អវកាស​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​លើ​ពិភពលោក​ទៅ​ក្នុង​ដែន​អវកាស។

កែវយឹត​អវកាស Hubble បាន​ក្លាយ​ទៅ​ជា​កែវយឹត​អវកាស​ទំនើប​បំផុត​នៅ​ក្នុង​ពិភពលោក។

អ្នកស្រី Roman បាន​ស្លាប់​កាល​ពី​ឆ្នាំ ២០១៨ ដោយ​បន្សល់​ទុក​នូវ​អ្វី​ដែល​ទីភ្នាក់ងារ NASA ហៅ​ថា​ជា «កេរ្តិ៍​ដំណែល​ដ៏អស្ចារ្យ​មួយ​ក្នុង​សហគមន៍​វិទ្យាសាស្ត្រ»។

កែវយឹត​អវកាស The Nancy Grace Roman Space Telescope ឬ​ហៅ​ដោយ​ខ្លី​ថា Roman Space Telescope គឺ​ជា​កែវយឹត​អវកាស​ជំនាន់​ថ្មី​របស់​ទីភ្នាក់ងារ NASA ដែល​កំពុង​ផលិត​ឡើង ដែល​វា​គឺ​ជា​កែវយឹត​បែប Wide Field Infrared Survey Telescope ដែល​ហៅ​កាត់​ថា WFIRST។

កែវ​យឹត​អវកាស​ជំនាន់​ថ្មី​នេះ​គ្រោង​នឹង​បង្ហោះ​នៅ​ក្នុង​ពេល ៥ ឆ្នាំ​ខាង​មុខ ហើយ​កែវយឹត​នេះ​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​រឿង​អាថ៌កំបាំង​ផ្នែក​តារាសាស្ត្រ​នានា​ដ៏​យូរ​មក​ហើយ ដូចជា​កម្លាំង​នៅ​ពី​ក្រោយ​ការ​ពង្រីក​ចក្រវាឡ និង​ការ​ស្រាវជ្រាវ​រក​ភព​ផ្សេងៗ ដែល​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG