អង្គការ FAO៖ តម្រូវការ​កិច្ច​គាំពារ​សង្គម​សម្រាប់​អ្នក​ក្រីក្រ

  • Joe Capua

អង្គការ​ FAO, IFAD និង អង្គការ WFP បាន​ចេញ​របាយការណ៍​ថ្មីមួយ​អំពី​ស្ថានភាពសន្តិសុខស្បៀង។ របាយការណ៍​នោះ​បញ្ជាក់ថា​ មនុស្ស​៨០៥លាននាក់កំពុង​ជួប្រទះ​ភាព​អត់ខ្លាន​ឥតស្រាកស្រាន្ត។ (រូបថត៖ FAO/Walter Astrada)

របាយការណ៍​ថ្មី​មួយ​​ឲ្យ​ដឹង​ថា ​ដើម្បី​​បញ្ឈប់​វដ្ត​នៃ​ភាព​ក្រីក្រី​ និង​ភាព​អត់ឃ្លាន ការ​មាន​កិច្ច​គាំពារ​​សង្គម​ល្អ​ប្រសើរ​ជាង​មុន​គឺ​​ចំាបាច់​ណាស់​សម្រាប់​អ្នកក្រីក្រ​នៅ​តាម​ជន​បទនានា។​

របាយការណ៍ស្តីពីស្ថានភាពស្បៀងអាហារនិងកសិកម្មក្នុងឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា SOFA បានឲ្យដឹងថា «មានការរីកចម្រើនគួរឲ្យកត់សម្គាល់» នៅប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ក្នុងការលុបបំបាត់ភាពអត់ឃ្លាននិងភាពក្រីក្រនៅទូទាំងសាកលលោក។ ក៏ប៉ុន្តែ របាយការណ៍នេះក៏បានឲ្យដឹងដែរថា ភាពជឿនលឿននៃការរីកចម្រើននេះគឺមិនស្មើគ្នាទេ ហើយមានប្រជាជនប្រហែល៧៩៥លាននាក់ «កំពុងតែបន្តរងគ្រោះដោយសារភាពអត់ឃ្លាន»។ ចំនួនអ្នកទទួលរងគ្រោះទាំងនោះរួមបញ្ចូលទាំងកសិករ ដែលប្រកបរបរធ្វើស្រែចម្ការខ្នាតតូចជាច្រើនផងដែរ។

លោក​ José Graziano da Silva ​ជា​អគ្គនាយក​នៃ​អង្គការ​ FAO ​និយាយ​ថា​ នេះ​ជា ​«រឿង​ដែល​ត្រូវតែ​ធ្វើ​ជា​បន្ទាន់​ដើម្បី​គាំទ្រ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាង​គេ​ ឲ្យរួច​ផុត​ពី​ពិភព​នៃ​ភាព​អត់​ឃ្លាន»។

លោក​និយាយ​ថា៖ ​«យើង​មិន​ត្រឹម​តែ​ត្រូវការ​ចំណី​អាហារ​ប៉ុណ្ណោះ​ទេ​ យើង​ថែម​ទាំង​ត្រូវ​ការ​ចំណី​អាហារប្រកប​ដោយ​សុខភាព​ ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​ដែល​មាន​សុខមាលភាព។ យើង​ត្រូវ​ការ​វិធីសាស្ត្រ​ដ៏​ហ្មត់ចត់​និង​ល្អិតល្អន់​មួយ​ ដើម្បី​ទទួល​បាន​សន្តិសុខ​ស្បៀង​និង​អាហា​រូបត្ថម្ភ​...ដោយ​ប្រើ​កិច្ច​គាំពារ​សង្គម​ដើម្បី​លុប​បំបាត់​វដ្ត​នៃ​ភាព​ក្រីក្រ​នៅ​តាម​ជនបទ»។

កិច្ច​គាំពារ​សង្គម​រួម​មាន​សមាសភាព​ធំៗបី​ដូចជា​ ជំនួយ​សង្គម​ ការ​ធានា​រ៉ាប់រង​សង្គម​ និង​ការ​ការពារ​ទីផ្សារ​ការងារ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​លុប​បំបាត់​ភាព​អត់ឃ្លាន​និង​ភាពក្រីក្រ​ទាមទារ​ឲ្យ​មាន​ «ការ​វិនិយោគ​រួម​គ្នា​ជា​ចីរភាព​មួយ​ ពី​ផ្នែក​ឯកជន​និង​សាធារណៈ​ និង​វិធានការណ៍​កិច្ច​គាំពារ​សង្គម​ជា​ច្រើន»។​ តាម​ការ​ប៉ាន់​ប្រមាណ​ កិច្ចការ​នេះ​ប្រហែល​ជា​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​២៦៧​ប៊ីលាន​ដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំ ​សម្រាប់​រយៈពេល​១៥​ឆ្នាំ​ខាងមុខ។

លោក Graziano de Silva បាន​និយាយ​ថា​ កត្តា​បម្រែបម្រួល​រំខាន​ពី​ខាង​ក្រៅ​នានា​ដែល​កើត​ឡើង​ជា​ញឹកញាប់​ បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​ប្រជាជន​ក្រីក្រ​ជាច្រើន។

«គ្រួសារ​ក្រីក្រ​ជា​ច្រើន​ងាយ​ទទួល​រងគ្រោះ​ដោយ​កត្តា​បម្រែបម្រួល​រំខាន​ខាង​ក្រៅ​ណាស់​ ដូច​ជា​ទឹកជំនន់​ សត្វល្អិត​បំផ្លាញ​ដំណាំ​ គ្រោះ​រាំងស្ងួត ​និង​តម្លៃ​ទំនិញ​គ្មាន​ស្ថិរភាព។ រួម​ជា​មួយ​នឹង​បម្រែបម្រួល​អាកាស​ធាតុ​ កត្តា​រំខាន​ទាំង​នេះ​កើត​ឡើងមួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត។​ កត្តា​រំខាន​ទាំង​នេះ​បាន​ធ្វើ​ឲ្យក្រុម​គ្រួសារ​ក្រីក្រី​ជា​ច្រើន​បាត់​បង់​សមត្ថភាព​ទប់ទល់​នឹង​ស្ថានការ​ណ៍ទាំងអស់​នេះ»។

លោក​ Jomo Sundaram​ ជា​ជំនួយ​ការ​អគ្គនាយក​និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ នៃ​អង្គការ FAO​ បាន​ឲ្យ​ដឹង​ថា៖ «អ្នក​ក្រីក្រ​និងអ្នក​ដែល​មាន​ការ​អត់​ឃ្លាន​ នៅ​តែ​មាន​ហើយ​ពួក​គេ​រស់​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​នានា។ យោង​ទៅ​តាម​ធនាគារ​ពិភព​លោក​ មានប្រជាជន​ក្រីក្រី​៧៨​ភាគរយ​រស់​នៅ​តាម​ទីជនបទ​ដាច់​ស្រយាល»។

របាយការណ៍​ SOFA ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា៖ «កំណើន​សេដ្ឋកិច្ច​ ជា​ពិសេស​ការ​អភិវឌ្ឍ​កសិកម្ម​ បាន​ក្លាយ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អត្រា​នៃ​ភាពក្រីក្រ​ធ្លាក់​ចុះ។ តែ​ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​ក្តី​ កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​រួច​ផុត​ពី​ភាព​ក្រីក្រ ប្រព្រឹត្ត​ទៅក្នុង​ល្បឿន​យឺត​ ព្រោះ​ថា​ ការរីក​ចម្រើន​នៃ​សេដ្ឋកិច្ច​នោះ​ ប្រហែល​ជា​មិន​អាច​ផ្តល់​ផលប្រយោជន៍​គ្រប់​យ៉ាង​សម្រាប់​អ្នក​ក្រីក្រ​ទេ»។

លោក​ Jomo Sundaram​ និយាយ​ថា៖ «យើង​ដឹង​ថា​ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​គឺ​មិន​ល្អ​ ហើយ​ការរំពឹង​ទុក​អំពី​ភាព​ប្រសើរ​ឡើង​នោះ​គឺ​នៅ​មាន​ភាព​អាប់អួរ​ នេះ​បើ​គិត​ពី​ស្ថានភាព​គោលការណ៍​រឹតត្បិត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន»។

លោក​ Sundaram ​និយាយ​ថា​ គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​បានលើក​ឡើង​នូវ​ចំនុច​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​សង្គម។

«ប្រជាជន​ក្រីក្រនិង​ក្រុម​មនុស្ស​ដែលងាយ​រងគ្រោះភាគ​ច្រើន ​ស្ថិត​នៅ​អនុ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្រិ្វក​ និង​អាស៊ី​ខាង​ត្បូង។ នេះ​ជា​ការ​ពិតដ៏​អកុសល​មួយ​ ​ដែល​យើង​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ»។

លោក​បាន​បន្ថែម​ថា ការ​កើន​ឡើង​នៃ​គ្រោះធម្មជាតិ​និង​ជម្លោះ​នានា​ បាន​ធ្វើ​ឲ្យ​ការ​លុប​បំបាត់​ភាព​ក្រីក្រ​និង​ភាព​អត់​ឃ្លាន​ មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង។

«ជា​មូលដ្ឋាន​ កិច្ច​គាំពារ​សង្គម​មិន​ត្រឹម​តែ​ការពារ​អ្នកក្រីក្រនិង​ទប់ស្កាត់​ទម្រង់​អាក្រក់​បំផុត​មួយ​ចំនួននៃ​ការ​បាត់បង់​តម្លៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​កាត់​បន្ថយអសន្តិសុខ​ស្បៀង​និង​ភាព​អត់ឃ្លាន​នៅ​តាម​រដូវកាល​ទៀតផង»។

មន្រ្តី​អង្គការ​ FAO​ រូប​នេះ​និយាយ​ថា​ ការ​បង្កើត​ឲ្យ​មាន​កិច្ច​គាំពារ​សង្គម​នៅ​នឹង​កន្លែង​សម្រាប់​អ្នក​ក្រីក្រ អាច​ជួយ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​បាន​ឆាប់​រហ័ស​នៅ​ក្នុង​ពេល​ដែល​មាន​វិបត្តិ។​ លោក​ Sundaram ​និយាយ​ថា​ កិច្ច​គាំពារ​សង្គម​គួរ​តែ​បញ្ចូល​ទៅ​ក្នុង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជនបទដ៏​ទូលំ​ទូលាយ​មួយ។​

របាយការណ៍​របស់ អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ បាន​ប៉ាន់​ប្រមាណ​ថា​ ប្រជាជន​ជាង​២០​ប៊ីលាន​នាក់​ «ទទួល​បានកិច្ច​គាំពារ​សង្គម​មួយ​ចំនួន​ក្នុង​រូបភាព​ផ្សេងៗ»។​ របាយការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ «នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ សូម្បី​តែ​ជា​ប្រទេស​ក្រីក្រ​បំផុត​ក៏​ដោយ​ ក៏​អាច​ចំណាយលើ​កម្មវិធី​នេះ​បាន​ដែរ»។

របាយការណ៍​នេះ​បន្ថែម​ទៀត​ថា​ កម្មវិធី​នេះ​ផ្តោត​ទៅ​លើ​ស្ត្រី​ក្នុង​ការ​លើក​កម្ពស់​សន្តិសុខ​ស្បៀង​និង​អាហារ​រូបត្ថម្ភ​។ កិច្ច​គាំពារ​សង្គម​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​ខាង​កសិកម្ម​ ចំណែកឯកម្មវិធី​កិច្ចការ​សាធារណៈ​បាន​ផ្តល់​ «ហេដ្ឋា​រចនាសម្ព័ន្ធនិង​ធនធាន​ក្នុង​សហគមន៍​សំខាន់ៗ ដែល​អាច​ជួយ​ដោយ​ផ្ទាល់​ទៅ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ»។

របាយការណ៍​ SOFA ​នេះ​ព្រមាន​ថា៖ «បើ​គ្មាន​កម្មវិធី​ជំនួយ​ជា​សាធារណៈទេ​ ប្រជាជន​ក្រីក្រ​និងក្រុម​មនុស្ស​ដែលងាយ​រងគ្រោះ​ជាច្រើន​នឹង​នៅ​តែ​រង​ការ​លំបាក​ដែល​មិនគួរ​នឹង​កើត​មាន​ និង​ភាព​ខ្វះខាត​រយៈពេល​វែង​ ដែល​ធ្វើ​ឲ្យ​ភាពក្រីក្រ​បន្ត​ដល់​កូន​ចៅជំនាន់​ក្រោយៗ​ទៀត៕

ប្រែសម្រួលដោយ ហ៊ុយ សម្ភស្ស