អ្នកឃ្លាំមើលសង្គមរិះគន់ការថតវីដេអូដែលប្រាប់ឱ្យសិស្សបឋមសិក្សា និងសិស្សវិទ្យាល័យអានសារប្រកាសគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV - DTA បង្ហោះក្នុងបណ្តាញសង្គមថា ជារឿងមិនត្រឹមត្រូវ និងរំលោភលើសិទ្ធិកុមារ។
វីដេអូដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម បង្ហាញពីក្រុមសិស្សឈរតម្រង់ជួរអានសារ និងថា តាមសារដែលប្រកាសពីការសាទរ និងគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ មានដូចជានៅសាលាបឋមសិក្សាបល្ល័ង្គ ក្នុងខេត្តបន្ទាយមានជ័យ វិទ្យាល័យហ៊ុនសែនកោះញែក វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម និងវិទ្យាល័យជាស៊ីមសាមគ្គី នៅរាជធានីភ្នំពេញជាដើម។
នៅខាងក្រោមវីដេអូទាំងនោះ គេឃើញអ្នកប្រើបណ្តាញសង្គមនាំគ្នារិះគន់ថា ជាការបង្ខំ និងរំលោភបំពានលើសិទ្ធិកុមារ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះថា សិស្សានុសិស្សទាំងនោះមិនគួរត្រូវបានយកទៅឡូកឡំជាមួយរឿងនយោបាយនោះទេ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា បញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បានក្លាយជារឿងចម្រូងចម្រាស និងជារឿងក្តៅគគុកមួយក្នុងពេលបច្ចុប្បន្ន ដែលមានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំង។ លោកបន្ថែមថា សម្រាប់សាលាបឋមសិក្សាមួយក្នុងខេត្តបន្ទាយមានជ័យដែលបានផុសវីដេអូកុមារតម្រង់ជួរស្រែកប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍នេះគឺជារឿងដែលប្រាសចាកពីគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍សិទ្ធិកុមារ។
លោកថ្លែងថា៖ «ការយកក្មេងមកប្រឡូកប្រឡាក់ជាមួយរឿងនយោបាយ មិនថា ធ្វើក្នុងន័យគាំទ្រ ឬក៏ប្រឆាំងរឿងអ្វីមួយ វាជារឿងមិនត្រឹមត្រូវទេ ពីព្រោះវាខុស ដោយសារក្មេងហ្នឹងមិនទាន់ដឹងក្តី។ វាប្រាសចាកអំពីគោលការណ៍សិទ្ធិមនុស្ស គោលការណ៍សិទ្ធិកុមារ និងច្បាប់ទាក់ទងនឹងសុខសុវត្ថិភាព និងការការពារកុមារផងដែរ»។
ចំណែកអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេដែរថា ការណ៍ដែលនាំឱ្យសិស្សានុសិស្សចូលរួមសកម្មភាពពាក់ព័ន្ធនឹងនយោបាយ គឺជារឿងមិនសមរម្យ និងជាការរំលោភទៅដល់សិទ្ធិកុមារ។ អ្នកស្រីបន្តថា អ្នកស្រីសាទរ ប្រសិនបើមានការបង្រៀនពីមេរៀនប្រវត្តិវិទ្យា ឬមុខវិជ្ជាទាក់ទងជាមួយភូមិសាស្ត្រដល់សិស្សានុសិស្ស ជាជាងការឱ្យសូត្រ ឬអានតាមសំណេរក្នុងន័យកេងចំណេញនយោបាយ។
អ្នកស្រីថ្លែងថា៖ «ខាងសាលាក៏ដូចជាខាងថ្នាក់ដឹកនាំបានឱ្យសិស្សធ្វើសកម្មភាពបែបនេះ វាលើសពីអ្វីដែលក្រសួងបានចែងថា កុំឱ្យមានការនិយាយនយោបាយនៅក្នុងសាលា ប៉ុន្តែគ្រប់រូបភាពទាំងអស់វាផ្អែកលើនយោបាយទាំងអស់»។
ជារឿយៗ ក្រសួងអប់រំតែងហាមសិស្ស និងនិស្សិតគ្រប់កម្រិតមិនឱ្យពាក់ព័ន្ធនឹងរឿងនយោបាយ។ ប៉ុន្តែកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងអប់រំបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការគាំទ្រដល់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA និងការប្រឆាំងទៅលើអ្នកដែលមិនគាំទ្រលើគម្រោងមួយនេះ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្តនយោបាយប្រាប់វីអូអេថា ការយកសិស្សានុសិស្សនៅតាមសាលាមួយចំនួនដើម្បីគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ គឺជាសកម្មភាពមិនសមរម្យ និងមិនគួរធ្វើ។ លោកថា សកម្មភាពនេះធ្វើឱ្យរដ្ឋាភិបាលទទួលរងការរិះគន់ និងបាត់ទំនុកចិត្តពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ទិដ្ឋភាពបែបនេះមើលទៅវាមិនស័ក្តិសមដោយសារតែប្អូនសិស្សានុសិស្ស នៅមិនទាន់គ្រប់អាយុនៅឡើយទេ នៅក្មេងនៅឡើយ ហើយគ្នានៅមិនទាន់បានដឹងពីហេតុផល មិនថា ហេតុផលវិជ្ជមាន ឬអវិជ្ជមាននៅពីក្រោយគម្រោង CLV នោះទេ»។
លោកបន្ថែមថា រដ្ឋាភិបាល និងក្រសួងអប់រំគួរព្យាយាមអប់រំឱ្យគណៈគ្រប់គ្រងសាលាបញ្ឈប់សកម្មភាពបែបនេះនៅពេលខាងមុខ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃចន្ទនេះ។
ខុសប្លែកពីអ្នកតាមដានសង្គម លោក នង ប៊ុនហេង នាយកវិទ្យាល័យព្រះយុគន្ធរប្រាប់វីអូអេថា លោកគាំទ្រដល់ការជំរុញឱ្យកុមារនៅតាមសាលារៀនទាំងអស់ ចេញសារចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បីឱ្យក្មេងៗជំនាន់ក្រោយយល់ច្បាស់ ចៀសវាងការចាញ់ឃោសនារបស់គណបក្សជំទាស់។
លោកថ្លែងថា៖ «ទេ! ដូចជាមិនប៉ះពាល់សិទ្ធិអីទេ ពីព្រោះការអភិវឌ្ឍប្រទេសជាតិនីមួយៗ វាទាមទារទាំងកុមារទាំងយុវជនត្រូវចូលរួមទាំងអស់គ្នា ព្រោះកុមារក៏ត្រូវបានបណ្តុះបណ្តាលពីសាលា ហើយរាជរដ្ឋាភិបាលក៏ជួយឧបត្ថម្ភដល់សាលាទាំងមតេយ្យ បឋមរហូតដល់ឧត្តមសិក្សា»។
តំបន់ត្រីកោណអភិវឌ្ឍន៍ DTA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម ក្នុងការឯកភាពដាក់ខេត្តចំនួន ១៣ រួមគ្នាដើម្បីអភិវឌ្ឍន៍។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ រដ្ឋាភិបាលកម្ពុជាអះអាងថា គម្រោងនេះជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ហើយអធិបតេយ្យភាពរបស់ប្រទេសទាំងបីមិនមានការបាត់បង់ឡើយ។
ប៉ុន្តែការដាក់ខេត្តបួនអភិវឌ្ឍន៍រួមគ្នាក្នុងគម្រោងនេះកំពុងមានភាពចម្រូងចម្រាស ដោយប្រជាពលរដ្ឋខ្លះគាំទ្រ និងខ្លះមិនគាំទ្រ។ ប្រជាពលរដ្ឋដែលមិនគាំទ្របានស្នើឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះ ដោយពួកគេបារម្ភថា កម្ពុជាអាចនឹងបាត់បង់ខេត្តទាំងបួនទៅប្រទេសវៀតណាម៕