ស្របពេលដែលកិច្ចប្រជុំកំពូលថ្នាក់មេដឹកនាំទាំង ២០ បានចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ ចលាចលអំពីកន្លែងចុះចតរបស់យន្តហោះ Air Force Once របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama នឹងជម្លោះមួយចំនួនទៀតនៅតែបន្តធ្វើឲ្យរំខានដល់ដំណើរចូលរួមកិច្ចប្រជុំនេះរបស់លោក។
នៅពេលដែលលោក Obama ធ្វើដំណើរមកដល់ទីក្រុង Hangzhou កាលពីថ្ងៃសៅរ៍ម្សិលមិញ អាកាសយានដ្ឋាននោះមិនមានជណ្តើរយន្តហោះត្រៀមសម្រាប់លោក Obama ចុះពីលើយន្តហោះ Air Force One នោះទេ។ ហើយនៅពេលដែលលោក Obama ឈានជើងចុះពីលើយន្ដហោះដល់ដី គេមិនឃើញមានកម្រាលពណ៌ក្រហមដែលក្រាលសម្រាប់លោក Obama ដើរនោះទេ។
ភាពតានតឹងកាន់តែឡើងកម្តៅថែមទៀតនៅឯកន្លែងយន្តហោះចុះចតនោះផងដែរ ដោយសារតែមន្ត្រីចិនម្នាក់បានស្រែកឲ្យអ្នកថតរូបសម្រាប់សារព័ត៌មានរបស់សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ពេលដែលអ្នកថតរូបទាំងនោះព្យាយាមរកទីតាំងសមរម្យដើម្បីថតរូបលោក Barack Obama។ មន្ត្រីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានព្យាយាមធ្វើអន្តរាគមន៍ ដោយនិយាយថា សហរដ្ឋអាមេរិកជាអ្នកកំណត់ទីតាំងសមរម្យសម្រាប់អ្នកថតរូបរបស់ខ្លួនក្នុងការត្រៀមថត។ ប៉ុន្តែ មន្ត្រីចិនដដែលនោះបានស្រែកត្រឡប់មកវិញថា «នេះជាប្រទេសរបស់យើង។ នេះជាអាកាសយានដ្ឋាន»។
មន្ត្រីចិនដដែលនេះ ក៏បានព្យាយាមបង្អាក់ដំណើររបស់លោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក មិនឲ្យដើរទៅកាន់ក្បួនម៉ូតូអមដំណើរប្រធានាធិបតីដែរ ដែលនៅពេលនោះ ត្រូវបានភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ទាន់ពេលវេលា៕