បច្ចេកវិទ្យា​ចាប់​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី

  • Phil Mercer

លោកបណ្ឌិត Guilherme Camargo de Oliveira សាកល្បងប្រើប្រាស់ឧបករណ៍​​ស្កេន​មុខ​ដើម្បីរកជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាលដោយប្រើប្រាស់ទូរស័ព្ទ​ស្មាតហ្វូនជាមួយលោកសាស្ត្រាចារ្យ Nemuel Daniel Pah ពីសាកលវិទ្យាល័យ RMIT ក្នុង​ទីក្រុង Melbourne ​អូស្ត្រាលី​។ (រូបផ្តល់ឱ្យដោយលោក Seamus Daniel)

ឧបករណ៍​ថ្មី​មួយ​ប្រើ​បច្ចេកវិទ្យា AI នៅ​ពេល​ដែល​ឧបករណ៍​នោះ​ស្កេន​មុខ​របស់​អ្នក​ជំងឺ​ដើម្បី​រក​មើល​ភាព​ស៊ីមេទ្រី​នឹង​គ្នា​និង​ចលនា​សាច់ដុំ​មួយ​ចំនួន​ដែល​គេ​ហៅ​ថា​ឯកតា​សកម្មភាព។

ជារឿយៗ មុខ​មួយ​ចំហៀង​របស់​អ្នក​ដែល​បាន​រងគ្រោះ​ដោយ​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​គឺ​ខុស​ពី​មុខ​មួយ​ចំហៀង​ទៀត។

វិស្វករ​ជីវវេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ RMIT ក្នុង​ទីក្រុង Melbourne នៃ​ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​ថា បច្ចេកវិទ្យា​ទូរស័ព្ទ​ស្មាតហ្វូន​នេះ​អាច​ចាប់​បាន​ភាព​ស៊ីមេទ្រី​នៃ​មុខ​របស់​មនុស្ស ដោយ​អាច​ចាប់​បាន​ពី​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដែល​លឿន​និង​ច្បាស់​ជាង​បច្ចេកវិទ្យា​បច្ចុប្បន្ន​នានា​ឆ្ងាយ​ណាស់។

ប្រធាន​ក្រុម​ស្រាវជ្រាវ​នោះ​គឺ​លោក​សាស្ត្រាចារ្យ Dinesh Kumar មកពី​សាកលវិទ្យាល័យ RMIT។ លោក​បាន​ពន្យល់​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ ABC អំពី​របៀប​ដែល​ឧបករណ៍​ដំណើរការ​ដោយ​បច្ចេកវិទ្យា AI នេះ​ដំណើរការ។

លោក​សាស្ត្រាចារ្យ Kumar បាន​ថ្លែង​ថា៖ «ឧបករណ៍​នោះ​ថត​វីដេអូ​មនុស្ស​ដែល​កំពុង​ញញឹម ហើយ​បច្ចេកវិទ្យា​នោះ​អាច​បញ្ជាក់​ថាតើ​ការ​ញញឹម​បែប​នេះ​អាច​បង្ហាញ​ថា​បុគ្គល​នោះ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​ឬ​ក៏​អត់។ ក្រោយមក​យើង​ប្រាប់​ទៅ​ក្រុម​គ្រូពេទ្យ​ដែល​ដឹង​ពី​ហានិភ័យ​ខ្ពស់​ខ្លាំង​ដែល​បុគ្គល​នោះ​អាច​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល ដូច្នេះ​បុគ្គល​នោះ​អាច​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ»។

ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ ជំងឺ​នេះ​កើតឡើង​នៅពេល​ដែល​ឈាម​ដែល​រត់កាត់​ផ្នែក​មួយ​នៃ​ខួរក្បាល​ត្រូវបាន​បង្អាក់​ឬ​ថយចុះ ដែល​បញ្ឈប់​ជាលិកា​ខួរក្បាល​មិនឱ្យ​ទទួល​បាន​អុកស៊ីសែន​ឬ​ជីវជាតិ​នានា។ អ្នកជំនាញ​ថ្លែង​ថា ប្រសិនបើ​ការ​ព្យាបាល​ត្រូវបាន​ពន្យារពេល​សូម្បីតែ​ត្រឹម​ប៉ុន្មាន​នាទី​ក៏ដោយ ខួរក្បាល​អាច​រង​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍។

រោគសញ្ញា​នៃ​ជំងឺ​ស្ទះសរសៃ​ឈាម​ខួរក្បាល​រួមមាន​ការ​វង្វេងវង្វាន់ បញ្ហា​ក្នុងការ​និយាយ​ស្តី និង​ការបង្ហាញ​ទឹកមុខ​តិចជាង​មុន។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ RMIT បាន​រាយការណ៍​ថា ឧបករណ៍​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​នេះ​មាន​អត្រា​ត្រឹមត្រូវ​ចំនួន ៨២% ក្នុងការ​ចាប់បាន​នូវ​ជំងឺ​ស្ទះសរសៃ​ឈាម​ខួរក្បាល​នេះ។

ពួកគេ​បាន​សង្កត់ធ្ងន់​ថា ឧបករណ៍​នេះ​នឹង​មិន​អាច​ជំនួស​ការ​ធ្វើតេស្ត​រោគ​វិនិច្ឆ័យ​បែប​វេជ្ជសាស្ត្រ​ដ៏​ទូលំទូលាយ​សម្រាប់​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​នេះ​បានទេ ប៉ុន្តែ​វា​អាច​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចាប់ផ្តើម​ព្យាបាល​ដំបូងៗ​ដោយ​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​ដែល​អាច​ចាប់បាន​យ៉ាង​លឿន​ថា​អ្នកជំងឺ​ត្រូវការ​ការ​ព្យាបាល​បន្ទាន់​ឬ​ក៏​អត់។

ការ​សិក្សា​របស់​អូស្ត្រាលី​នេះ​ដែល​សហការ​ជាមួយ​សាកលវិទ្យាល័យ São Paulo State University នៅ​ប្រទេស​ប្រេស៊ីល​ត្រូវបាន​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី Computer Methods and Programs in Biomedicine៕

ប្រែ​សម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា