ដោយសារមានការបង្ក្រាបជាច្រើនទៅលើការតវ៉ារបស់កម្មកររោងចក្រកាលពីឆ្នាំមុន និងប្រឈមនឹងការបណ្តេញចេញសមាជិកសហជីពជាបន្តបន្ទាប់ ប្រធានសហជីពនិយាយថា ពួកគេត្រូវបានបង្ខំឲ្យមានការផ្លាស់ប្តូរវិធីតវ៉ា។
ការតវ៉ាតម្លៃពលកម្មមានជ័យជម្នះតិចតួចបំផុតក្នុងជម្លោះពលកម្ម។ កម្មករទាមទារបានការដំឡើងពីប្រាក់ខែពី១០០ដុល្លារទៅ១២៨ដុល្លារក្នុងមួយខែ ប៉ុន្តែការទាមទារនេះតម្រូវឲ្យពួកគាត់លះបង់ច្រើន។
ក្រុមអ្នកបញ្ជាទិញបានបង្ហាញការស្ទាក់ស្ទើរក្នុងការបញ្ជាទិញ ហើយរោងចក្របន្តដេញសមាជិកសហជីពដែលពួកគេមើលឃើញថា ជាអ្នកបង្កបញ្ហា។ មេដឹកនាំសហជីពនិយាយថា កត្តាទាំងនេះបានជំរុញឲ្យពួកគេផ្លាស់ប្តូរការធ្វើការតវ៉ារបស់ពួកគេទៅជាការចរចាជាមួយអ្នកបញ្ជាទិញដោយផ្ទាល់។
លោកម៉ៃ សុភត្ត្រា អគ្គលេខាធិការនៃសម្ព័ន្ធសហជីពកម្ពុជា និយាយថា ឆ្នាំនេះមានកម្មករត្រូវរោងចក្របណ្តេញចេញច្រើនជាងឆ្នាំមុនៗ។
លោកបាននិយាយថា៖«ឆ្នាំនេះយើងមានកម្មករ២៥០នាក់[ត្រូវបណ្តេញចេញពីការងារ]»។
លោកបានបន្ថែមថា៖ «នៅក្នុងឆ្នាំ២០១៣ យើងមានតែ៣០ទៅ៤០នាក់ប៉ុណ្ណោះ។ កម្មករត្រូវបានគេបណេ្តញចេញជាបន្តបន្ទាប់ បន្ទាប់ពីពួកគេទាមទារប្រាក់ខែ១៦៦ដុល្លារ ហើយបន្ទាប់មក១៧៧ដុល្លារ»។
យ៉ាងហោចណាស់ សហជីពចំនួនប្រាំដែលសកម្មក្នុងការទាមទារឲ្យមានការដំឡើងប្រាក់ខែអប្បបរមា ដោយសារតែការចំណាយប្រចាំថ្ងៃបន្តកើនឡើង ដែលជាការសម្ពាធទៅលើកម្មករប្រហែល៦០០.០០០នាក់ដែលធ្វើការនៅក្នុងវិស័យនេះ។ សមាជិកជាច្រើននាក់ត្រូវបានគេដេញចេញពីការងារ ជាពិសេសអ្នកធ្វើការនៅក្នុងរោងចក្រក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ខេត្តកណ្តាលនិងខេត្តស្វាយរៀង។
លោកប៉ាវ ស៊ុណា ប្រធានសហជីពចលករខ្មែរ និយាយថា ការតវ៉ាអាចបណ្តាលឲ្យមានការប្រឈមដល់ជីវិតកម្មករ។ យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់នៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលកាលពីឆ្នាំទៅ។
លោកនិយាយថា៖ «យើងមិនចង់ធ្វើការតវ៉ាទេ ព្រោះយើងមិនចង់ឲ្យមានការប្រឈម។ យើងមិនចង់ឲ្យអ្នកបញ្ជាទិញមានការបារម្ភ»។
ក្រៅពីគ្រោះថ្នាក់ទាំងនោះ ប្រធានសហជីពក៏ប្រឈមនឹងការដេញចេញពីការងារផងដែរ។
លោកប៉ាវ ស៊ុណាបាននិយាយថា៖«ប្រធានសហជីព៦០នាក់ត្រូវបានបណ្តេញចេញពីការងារកាលពីឆ្នាំ២០១៤»។
មានមនុស្សតែពីរនាក់ប៉ុណ្ណោះដែលត្រូវបានបណ្តេញចេញពីការងារកាលពីឆ្នាំមុន។
លោកបានបន្តថា៖«ពួកគេមិននិយាយមូលហេតុទេ។ ពួកគាត់ប្រើភាសាថា៖ពួកគេចូលរួមក្នុងការបះបោរ»។
បញ្ហាពលកម្មមានន័យស្មើនឹងការធ្លាក់ចុះក្នុងការបញ្ជាទិញ។ លោក ប៉ាវ ស៊ុណាបាននិយាយថា ប្រធានសហជីពបច្ចុប្បន្នព្យាយាមនិយាយជាមួយអ្នកបញ្ជាទិញដោយផ្ទាល់ និងព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យបន្តបញ្ជាទិញពីប្រទេសកម្ពុជា។ ពួកប្រធានសហជីពបាននិយាយថា ពួកគេបានជួបដោយផ្ទាល់ និងបានសរសេរលិខិតទាក់ទងជាមួយអ្នកបញ្ជាទិញធំៗ ដូចជា PUMA, Adidas និងអ្នកបញ្ជាទិញដទៃៗទៀត។
ការតវ៉ាមានការធ្លាក់ចុះពី១៤៧ករណីក្នុងឆ្នាំ២០១៣មក១០៨ករណីក្នុងឆ្នាំ២០១៤ បើយោងទៅលើគេហទំព័ររបស់សមាគមកាត់ដេរកម្ពុជា GMAC។
លោកប៉ាវ ស៊ុណាបានមានប្រសាសន៍ថា នេះគឺជាលទ្ធផលនៃការបង្ក្រាប ក៏ដូចជាការគាបសង្កត់ពីតុលាការ។ ការឃុំឃាំង និងការចោទសួររបស់តុលាការបានធ្វើឲ្យកម្មករមានការភ័យខ្លាច។
លោកបាននិយាយថា៖«ឥឡូវពួកគេនឿយហត់»។
ប្រធានសហជីពចំនួន៦នាក់ត្រូវបានតុលាការហាមមិនឲ្យចូលរួមក្នុងការប្រមូលផ្តុំនានាទេ ហើយមិនមានការជួបជុំគ្នារវាងសហជីពទេ ចាប់តាំងពីមានការដំឡើងប្រាក់អប្បបរមា១២៨ដុល្លារ កាលពីថ្ងៃទី១ខែមករា។
លោកជា មុនី្ន ប្រធានសហជីពសេរីកម្មករ ដែលបងប្រុសរបស់លោកគឺលោកជា វិជ្ជា ជាប្រធានសហជីពនេះ ដែលត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ២០០៤ នោះ បានមានប្រសាសន៍ថា ប្រធានសហជីពបន្តប្រឈមនិងការគាបសង្កត់នៅរោងចក្រ ដោយគ្រាន់តែពួកគេរាយការណ៍អំពីស្ថានការណ៍នៅកន្លែងធ្វើការប៉ុណ្ណោះ។
លោកបាននិយាយថា៖«ពួកគេមើល ឧទាហរណ៍ទៅលើថា តើកន្លែងធ្វើការក្តៅពេក ហើយថា តើមានកង្ហាលគ្រប់គ្រាន់ឬអត់?»
អ្នកស្រី យ៉ាង សោភ័ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាននិយាយថា គាត់ចង់បានប្រាក់ខែប្រសើរជាងនេះសម្រាប់កម្មករ ហើយចង់ធ្វើការតវ៉ា។ ប៉ុន្តែគាត់មិនអាចតវ៉ាតែម្នាក់ឯងដោយគ្មានការគាំទ្រឡើយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំចង់តវ៉ា ប៉ុន្តែខ្ញុំមិនអាចធ្វើតែម្នាក់ឯងបានទេ»។
លោកទុន សោភ័ណ អ្នកសំរបសំរួលអង្គការពលកម្មពិភពលោក ILO ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ILO បានជួយសហជីពផ្នែកផ្លូវច្បាប់ ប៉ុន្តែកង្វះតុលាការពលកម្មធ្វើឲ្យមានការលំបាកក្នុងការដោះស្រាយបញ្ហា។
លោកបានមានប្រសាសន៍ថា៖«យើងបានផ្ញើរពាក្យបណ្តឹងក្នុងនាមសហជីពទៅក្រសួង»។
ដើមឆ្នាំនេះ ILO បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអ្នកបញ្ជាទិញក្នុងពិភពលោកជួយកម្មករកម្ពុជាទទួលបានប្រាក់ខែបន្ថែម។
លោក Maurzio Bussi នាយកប្រចាំប្រទេសថៃ កម្ពុជា និងឡាវរបស់អង្គការពលកម្មពិភពលោក បានមានប្រសាសន៍ថា៖ «វាជាការចាំបាច់ដែលភាគីទាំងអស់ធ្វើការជាមួយគ្នាដើម្បីធានាដល់ឧស្សាហកម្មកាត់ដេររបស់កម្ពុជាឲ្យនៅតែមានដំណើរការសេដ្ឋកិច្ច»។
លោកបានបន្ថែមថា៖«យើងអំពាវនាវឲ្យអ្នកបញ្ជាទិញចូលរួម»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យរបស់ក្រសួងការងារគឺលោកហេង សួរ តែមិនអាចទាក់ទងបានទេ។
ប្រធានសហជីពមានការបារម្ភពីលក្ខខណ្ឌការងាររបស់កម្មករបច្ចុប្បន្ន។
លោកម៉ៃ សុភត្ត្រា ប្រធានសហជីពមួយ និយាយថា ម្នាក់ក្នុងចំណោមប្រធានសហជីពរបស់គាត់ត្រូវបានគេបណ្តេញចេញពីរោងចក្រនៅថ្ងៃទី៩ខែមករា។
លោកបាននិយាយថា៖«យើងបានផ្ញើរលិខិតសួររកមូលហេតុ។ ពួកគេនិយាយថា ពួកគេមិនចង់ធ្វើការចរចាទេ។ ពួកគេបាននិយាយថា អ្នកអាចដាក់ពាក្យទៅកន្លែងណា ក៏ដាក់ទៅ! យើងទៅនៅពេលក្រសួងកោះហៅយើង»។
ការដំឡើងប្រាក់ខែគោលដល់១២៨ដុល្លារក្នុងមួយខែនេះបានធ្វើឲ្យការតវ៉ារបស់កម្មករមានការស្ងប់ស្ងាត់បន្តិចប៉ុណ្ណោះ ហើយការតវ៉ានឹងកើតមានជាថ្មី ព្រោះវាមិនមែនជាដំណោះស្រាយដែលមានការព្រមព្រៀងដោយការពេញចិត្តពីភាគីទាំងសងខាងទេ៕