អ្នកបោះឆ្នោតនៅក្នុងក្រុងតូចៗចំនួន៣ បានបោះឆ្នោតនៅថ្ងៃអង្គារនេះ ក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋ New Hampshire ភាគឦសាននៃសហរដ្ឋអាមេរិក សម្រាប់ឈានទៅកាន់តំណែងប្រធានាធិបតី។
នៅក្នុងទីក្រុង Dixville Notch អភិបាលរដ្ឋ Ohio លោក John Kasich ទទួលបានសំឡេងប្រតិភូចំនួន៣ ល្មមអាចផ្ដួលមហាសេដ្ឋីលោក Donald Trump ដែលទទួលបានតែពីរសំឡេងនៅក្នុងការប្រកួតប្រជែងខាងគណបក្សសាធារណរដ្ឋ។
ចំណែកឯសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont លោក Bernie Sanders វិញ ទទួលបានសំឡេងប្រតិភូទាំង៤សំឡេងសម្រាប់គណបក្សប្រជាធិបតេយ្យ។
លោក Kasich និង លោក Sanders ក៏ឈ្នះនៅក្នុងទីក្រុង Hart's Location ដែរ។
អតីតរដ្ឋមន្រ្តីការបរទេស លោកស្រី Hillary Clinton ទទួលបានលទ្ធផលល្អជាងនៅក្នុងក្រុង Millsfield ក្នុងរដ្ឋ New Hampshire នេះដែរ ដោយបានយកឈ្នះលោក Sanders ដោយសំឡេងពីរទល់នឹងមួយ។ រីឯសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Texas លោក Ted Cruz ខាងគណបក្សសាធារណរដ្ឋវិញទទួលបានជ័យជម្នះលើលោក Trump ដោយសំឡេង៩ ទល់នឹង៣៕